អាវុធហត្ថរាជធានីភ្នំពេញបាន ចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងCovid-19
ភ្នំពេញ៖
ខណៈពេលដែលបណ្តាប្រទេសជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជាកំពុងប្រឈមមុខជាមួយការឈ្លានពានពីជម្ងឺឆ្លងCovid-19 អាវុធហត្ថរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការពារជាបន្តបន្ទាប់ដល់សមាជិករបស់ខ្លួនក្នុងការទប់ស្កាត់វីរុសមួយនេះឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងកូវីដ–១៩ទាំងអស់គ្នាដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
៥ថ្ងៃជាប់គ្នាមកនេះគេឃើញអាវុធហត្ថរាជធានីភ្នំពេញបានរៀបចំម៉ូតូកង់បីចំនួន១២គ្រឿងបំពាក់ដោយគ្រឿងបំពងឃោសនសព្ទចុះទៅសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិសង្កាត់ខណ្ឌនគរបាលប៉ុស្ត៍យុវជនស.ស.យ.កនិងក្រុមការងារពាក់ព័ន្ធមួយចំនួនទៀតក្នុងខណ្ឌដង្កោដើម្បីផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលតាមបណ្តាមូលដ្ឋានភូមិសង្កាត់ទូទាំងខណ្ឌនិងបានអបរំសមាជិករបស់ខ្លួនទាំងក្នុងទីបញ្ជាការរាជធានីនិងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ឲ្យយល់ច្បាស់អំពីវិធីការពារនិងទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងCovid-19 តាមកាណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តមឧត្តមសេនីយ៍ឯករ័ត្នស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានមានប្រសាសន៍ថាដោយបានទទួលការអនុញ្ញាតពីឯកឧត្តនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏ដូចជាឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងបន្ទាប់ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នាបានជ្រួតជ្រាបច្បាស់អំពីវិធានការការពារនិងទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងCovid-19 ក៏ដូចជាបានចុះផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលតាមបណ្តាមូលដ្ឋានភូមិសង្កាត់ទូទាំងខណ្ឌដង្កោរួចមកលោកក៏បានរៀបចំម៉ូតូកង់បីបំពាក់ដោយគ្រឿងបំពងឃោសនសព្ទបន្ថែមរហូតដល់ទៅ១៤គ្រឿងក្នុងការចូលរួមផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលទៅតាមបណ្តាខណ្ឌដ៏ទៃទៀតទូទាំងរាជធានីភ្នំពេញដើម្បីឲ្យប្រជាជនមហាជនបានជ្រួតជ្រាបនិងបានចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងកូវីដ–១៩ទាំងអស់គ្នាដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជាកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់, ត្រូវមានអនាម័យផ្ទាល់ខ្លួននិងក្នុងក្រុមគ្រួសារ, ត្រូវដុសលាងសម្អាតដៃជាមួយសាប៊ូអាល់កុលឬទឹកចែលសម្លាប់មេរោគនិងបាក់តេរី, ត្រូវពាក់ម៉ាសឬប្រើក្រមាដើម្បីកុំអោយឆ្លងមេរោគពីម្នាក់ទៅម្នាក់ឬពីគេមកយើងនិងពីយើងទៅគេ, និងស្ម័គ្រចិត្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែកមួយរយៈមុនពេលដឹងលទ្ធផលនៃការធ្វើតេស្តតើវិជ្ជមានឬអវិជ្ជមានជាពិសេសអ្នកមកពីបរទេសឬបងប្អូនកូនក្មួយពលករដែលទើបវិលមកពីក្រៅប្រទេសសូមដាក់ខ្លួនឯងរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិនដោយមិនត្រូវទៅជិតប្រពន្ធឬប្តីឬកូននិងក្រុមគ្រួសារសាច់ញាតជាដាច់ខាត៕