បើករថយន្តធុនដ្រា បុកមនុស្ស២នាក់ស្លាប់ ត្រូវបញ្ជូនទៅតុលាការ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សេង ចិន្តា ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៣១ខែមីនាឆ្នាំ២០២០នេះ ។
លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារ៍ ទី៣១ ខែមីនា ឆ្នាំ២០២០ ដោយមានការឯកភាព និងយល់ព្រមពីប្រធានព្រះរាជអាជ្ញារ អមសាលាដំបូងរាជធានីភ្នំពេញ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សេង ចិន្តា ភេទប្រុស ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ កាលពីវេលាម៉ោង ២១:១០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ និងដឹកនាំកម្លាំងដោយផ្ទាល់របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានតាមចាប់ខ្លួនបាននៅវេលាម៉ោង ១និង២០នាទី រំលងអធ្រាត្រ ត្រូវបានបញ្ជូនទៅតុលាការ នៅវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកធុនដ្រា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BA-9111 បានបើកបុកទៅលើម៉ូតូ១គ្រឿង បណ្តាលឲ្យស្លាប់មនុស្សចំនួន២នាក់ នៅត្រង់ចំណុច មុខផ្ទះលេខ១២៣ ផ្លូវ៥៩ប៉េ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅវេលាម៉ោង២១នឹង១០នាទី រួចជនបង្កក៏បានបើករថយន្តគេចខ្លួន។
ក្រោយពីស្រាវជ្រាវនៅវេលាម៉ោង០១នឹង២០នាទីរំលងអធ្រាត្រ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់នាំខ្លួនជនបង្កបានភ្លាមៗ និងយកមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
បច្ចុប្បន្នជនបង្ក និងរថយន្ត ត្រូវបាននាំយកមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរៀបចំសំណុំឯកសារ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងបន្តអនុវត្តតាមនីតិវិធីច្បាប់ ៕