ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មិនយូរទេ សួនច្បារថ្មីមួយនឹងលេច ចេញជារូបរាងឆាប់ៗនេះ នៅតាមបណ្តោយវិថីភ្នំពេញ-ហាណូយ ដែលមានទីធ្លាលំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេងផងដែរ

243

ភ្នំពេញ៖ មិនយូរទេ សួនច្បារថ្មីមួយនឹងលេចចេញជារូបរាង នៅតាមបណ្តោយវិថីភ្នំពេញ-ហាណូយ ដែលមានទីធ្លា សំរាប់លំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្តនិងម៉ូតូ និងបង្គោលបំភ្លឺសួនច្បារផងដែរ ។

   ដើម្បីជម្រុញការងារនេះអោយបានលឿននិងត្រូវតាមគម្រោងប្លង់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ កាលពីប៉ុន្មានថ្ងៃមុននេះបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងរៀបចំស្ថាបនាសួនច្បារថ្មីមួយនេះ ដែលសួនថ្មីនេះមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១៩ (វិថីភ្នំពេញ-ហាណូយ) ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា

សួនច្បារថ្មីមួយនេះ មានបណ្តោយប្រវែង ៥៥០ម៉ែត្រ ទទឹង ១៦ម៉ែត្រ ដោយរៀបចំអោយមាន ជាទីធ្លាលំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្ត ម៉ូតូ និងបង្គោលបំភ្លឺសួនច្បារផងដែរ ដើម្បីងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋបានមកលំហែកំសាន្ត និងបានហាត់

ប្រាណនៅទីនេះ ។

  លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់អោយដឹងហើយថា សួនច្បារថ្មីនេះបានចាប់ផ្ដើមអនុវត្តការដ្ឋានកាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ ២០២០ ហើយជាគំរោងសួនច្បារនេះគ្រោះនឹងស្ថាបនា អោយបានរួចរាល់ក្នុងរយៈពេល៤ទៅ៥ខែទៀត។

  លោកសំ សាមុត បានបញ្ជាក់អោយដឹងទៀតថា
ការស្ថាបនាសួនច្បារថ្មីនេះ ប្រើប្រាស់ពេលមិនយូរប៉ុន្មានទេ។ប៉ុន្តែអ្វីដែលយូរនោះ គឺការស្ថាបនាបង្គន់អនាម័យសាធារណៈនៅលើសួនច្បារនេះតែម្តង។
   រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ លើការកែលម្អសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ ។ជាក់ស្ដែង នៅខណ្ឌសែនសុខនេះ ពីមុន មិនធ្លាប់មានសួនច្បារសាធារណៈនោះទេ តែដោយពិនិត្យឃើញថា ទីតាំងខាងលើ អាចស្ថាបនាសួនច្បារសាធារណៈបាន ទើបអភិបាលនៃគណៈអភិបាលភ្នំពេញ លោក ឃួង ស្រេង បានណែនាំ ឱ្យមានការស្ថាបនាសួនច្បារខាងលើនេះតែម្តង។ ដោយហេតុថា សួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ ព្រោះថា ការហាត់ប្រាណជាឱសថព្យាបាលជម្ងឺគ្រប់ប្រភេទដ៏សក្កិសិទ្ធ៕
អត្ថបទដែលជាប់ទាក់ទង