ថ្ងៃនេះ រកឃើញស្ត្រីជនជាតិវៀតណាមម្នាក់ កើតជំងឺកូវីដ១៩និងជាសះស្បើយចំនួន៤នាក់ទៀត
ភ្នំពេញ៖ថ្ងៃនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសនូវដំណឹងចំពោះការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីម្នាក់គឺជាស្ត្រីជនជាតិវៀតណាមអាយុ៣៤ឆ្នាំជាអ្នកទេសចរស្នាក់នៅខុនដូមួយកន្លែងដែលស្ថិតនៅកោះពេជ្ររាជធានីភ្នំពេញ។
ស្ត្រីជនជាតិវៀតណាមរូបនេះទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត។
ចំណែកអ្នកជំងឺកូវីដ១៩បានជាសះស្បើយចំនួន៤នាក់ទៀតធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៧២នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានចំនួន៤៧នាក់នៃអ្នកឆ្លងសរុប១១៩នាក់។បើគិតត្រឹមព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០២០នេះ។នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។
អ្នកជាសះស្បើយទាំង៤នាក់រួមមាន៖បុរសជនជាតិខ្មែរអាយុ៥៩ឆ្នាំនៅភូមិរ៉ែនក្រោមឃុំស្វាយប្រទាលស្រុកស្អាងខេត្តកណ្តាលទទួលលទ្ធផលតេស្តអវិជ្ជមាន២លើកអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកណ្តាល។បុរសនេះដែលបានប៉ះពាល់ផ្ទាល់ជាមួយបុរសអាយុ៦០ឆ្នាំដែលវិលត្រឡប់បីពិធីសាសនានៅប្រទេសម៉ាឡេស៊ី។បុរសជនជាតិខ្មែរអាយុ៤៥ឆ្នាំនៅស្រុកកងមាសខេត្តកំពង់ចាមទទួលបានលទ្ធផលតេស្តអវិជ្ជមាន២លើកត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម។បុរសនេះជាកម្មករសម្អាតិព្រះវិហារឥស្លាមនិងជាអ្នកប៉ះពាល់ជាមួយជនជាតិម៉ាឡេស៊ី។បុរសជនជាតិខ្មែរអាយុ៣៥ឆ្នាំនៅក្រុងព្រះវិហារទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើកត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តព្រះវិហារ។បុរសរូបនេះជាអ្នកត្រឡប់មកពីពិធីសាសនានៅម៉ាឡេស៊ី។បុរសជនជាតិម៉ាឡេស៊ីអាយុ៥៨ឆ្នាំស្នាក់នៅបណ្តោះអាសន្ននៅក្រុងកែបទទួលលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើកត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកែប។បុរសនេះមកធ្វើការងារសាសនានៅកម្ពុជា៕