សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនទេយ្យទានជូនព្រះសង្ឃ២៤វត្តក្នុងខេត្តស្វាយរៀង
ស្វាយរៀង ៖ លោកជិន ប៊ុនធឿន នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី១០ខែមេសានេះថាដោយកាលពីថ្ងៃទី០៩ខែមេសាឆ្នាំ២០២០នេះឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញនាំយកទេយ្យទានមួយចំនួនធំ រួមនឹងបច្ច័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន២៤ ស្ថិតនៅក្នុងស្រុកចំនួន ០៥នៃខេត្តស្វាយរៀង។
១-ប្រគេនជូនចំនួន០៤វត្ត ដែលប្រារព្ធធ្វើនៅក្នុងទីតាំងរួមមួយនៃវត្តបែកចាន ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។
២-ប្រគេនជូនចំនួន០២វត្ត ដែលប្រារព្ធធ្វើនៅក្នុងទីតាំងវត្តពោធិមុនីឧត្តម ហៅវត្តឡ ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
៣-ប្រគេនជូនចំនួន០៥វត្ត ដែលប្រារព្ធធ្វើនៅក្នុងទីតាំងវត្តគោករកា ស្ថិតនៅឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
៤-ប្រគេនជូនចំនួន០៤វត្ត ដែលប្រារព្ធធ្វើនៅក្នុងទីតាំងវត្តត្រពាំងព្រីង ស្ថិតនៅឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
៥-ប្រគេនជូនចំនួន០៤វត្ត ដែលប្រារព្ធធ្វើនៅក្នុងទីតាំងវត្តកោះដូនសយ ស្ថិតនៅឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
៦-ប្រគេនជូនចំនួន០៥វត្ត ដែលប្រារព្ធធ្វើនៅក្នុងទីតាំងវត្តស្វាយកណ្តាល ស្ថិតក្នុងសង្កាត់បាទី ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
អំណោយទេយ្យទានប្រគេនជូនវត្តនីមួយៗ រួមមាន៖ អង្ករ១តោន, ត្រីខ១កេសធំ, ស្ករស៥គីឡូក្រាម, ប៊ីចេង៥គីឡូក្រាម, ទឹកត្រី២យួរ, ទឹកសុីអុីវ២យួរ, ទឹកផ្លែឈើ១០កេស, ទឹកដោះគោខាប់២កេសធំ, តែ២គីឡូក្រាម, មី៣កេសធំ, ថ្នាំពេទ្យ១កេស, កាហ្វេ២កញ្ចប់ធំ, សាប៊ូ៦០ដុំ, ជែលលាងដៃ១កេស និងថវិកាចំនួន ១លានរៀល និងចែកជូនឃីត១កញ្ចប់ដល់លោកយាយ លោកតា ក្រុមយុវជន បងប្អូនប្រជាពលរដ្ឋ ដែលក្នុងនោះមានសំលៀកបំពាក់ ជែលលាងដៃ សាប៊ូ ថ្នាំពេទ្យ នំបុ័ង។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ទៅកាន់លោកយាយ លោកតា ពុកម៉ែ បងប្អូន ឱ្យបង្កើនការយកចិត្តទុកដាក់ពីសុខភាពប្រចាំថ្ងៃ ជាពិសេសអនុវត្តន៍ការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់នៅកន្លែងមានមនុស្សច្រើន ដើម្បីការពារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលកំពុងតែរាតក្បាតជាសកល និងមាននៅប្រទេសកម្ពុជាយើងផងដែរ៕