នគរបាលខេត្តកណ្ដាលឃាត់ខ្លួនបុរសម្នាក់ ក្រោយពីមានករណីផ្ទះអាវុធ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់ ខណៈកំពុងជិះរថយន្តតាមផ្លូវ
ខេត្តកណ្តាល៖ បុរសម្នាក់ជាប្តីត្រូវបាននគរបាលខេត្តកណ្ដាល ឃាត់ខ្លួន ក្រោយពីបុរសសង្ស័យរូបនេះមានទំនាស់ជាមួយប្រពន្ធ បានប្រវាយប្រតប់គ្នានៅក្នុងរថយន្ត ឈានដល់ផ្ទុះអាវុធ បណ្ដាលឲ្យត្រូវប្រពន្ធចំក្រោមចង្កាស្លាប់ភ្លាមៗ ខណៈដែលជនសង្ស័យនិងជនរងគ្រោះជិះរថយន្តតាមផ្លូវលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ។ នេះបើតាមការផ្សាយព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ។
ក្រោយពីផ្ទុះអាវុធ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់រួច ជនដៃដល់បានដឹកសពប្រពន្ធមកកាន់ភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល រួចបានទូរស័ព្ទប្រាប់សមត្ថកិច្ច ឲ្យមកឃាត់ខ្លួនគាត់ ដោយគាត់មានកំហុស ។
ជនសង្ស័យមានឈ្មោះ ភឹម សារី អាយុ៥៨ឆ្នាំ ជាយោធា ក្រសួងការពារជាតិ មានស្រុកកំណើតនៅខេត្តបាត់ដំងបង។ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ រីឯជនរងគ្រោះជាប្រពន្ធដែលស្លាប់ឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យបានសារភាពប្រាប់ នគរបាលខេត្តកណ្តាល ថា មុនកើតហេតុគឺគាត់ មានការជជែកជាមួយភរិយា ក្នុងរឿងអន់ចិត្តប្រច័ណ្ឌ ហើយប្រពន្ធគាត់ ក៏មកប្រវាយប្រតប់ ប៉ះកាំភ្លើងដែលគាត់បញ្ចូលគ្រាប់រួច ក៏បណ្តាលឲ្យផ្ទុះត្រូវស្លាប់តែម្តង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីយោធាសក្តិ៥ម្នាក់ ដោយសារតែបញ្ហាភ្លើងប្រច័ណ្ឌ បានបើកបាញ់ប្រពន្ធក្នុងរថយន្ត បណ្តាលអោយស្ត្រីរងគ្រោះបាត់បង់ជីវិតភ្លាមៗ ក្នុងរថយន្ត នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ ដោយការមានការជជែកគ្នាយ៉ាងតឹងសរសៃក ដែលអាចកើតចេញពីរឿងប្រច័ណ្ឌនោះបានប្រវាយប្រតប់ជាមួយប្រពន្ធ ទើបធ្វើឲ្យប៉ះកាំភ្លើងដែលបញ្ចូលគ្រាប់រួច និងបណ្តាលឱ្យផ្ទុះត្រូវស្ត្រីរងគ្រោះជាប្រពន្ធបាត់បង់ជីវិតតែម្តង។ ក្រោយឃើញប្រពន្ធបាត់បង់ជីវិតបែបនោះ ទើបមន្ត្រីយោធារូបនេះបានដឹកសពប្រពន្ធពីភ្នំពេញ មកកាន់ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល រួចហើយបានទូរស័ព្ទប្រាប់សមត្ថកិច្ច ឲ្យមកឃាត់ខ្លួនតែម្តង៕