ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញ​​អ្នក​ឆ្លង​កូ​វីដ ១៩ ថ្មី ចំនួន ៩​នាក់​ទៀត​ទើប​មកពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូ​ឌី​

55

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ករណី​វិជ្ជមាន​ចំនួន ៩​នាក់​បន្ថែមទៀត ក្នុងចំណោម​អ្នកធ្វើដំណើរ​មកពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូ​ឌី មកដល់​កម្ពុ​ជានា​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ ដែលជា​លទ្ធផល​តេស្ត​វត្ថុ​សំណាក​ពួកគាត់​លើក​ទី​ពីរ​ទទួលបាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​កម្ពុ​ជាមាន​ចំនួន ១៦៥​នាក់ , ចំនួន​អ្នកជា​សះស្បើយ ១៣៣​នាក់​, កំពុង​សម្រាក​ព្យាបាល​ចំនួន ៣២​នាក់ ក្នុងនោះ​មាន អ្នកដំណើរ​មកពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូ​ឌី ៩​នាក់​ទៀត មាន​លទ្ធផល​តេស្ត វិជ្ជមាន​វីរុស​កូ​វីដ​-១៩​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​បុគ្គល​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ ទាំងអស់ ត្រូវគោរព​តាម​វិធានការ​នៅ​ដាច់ដោយឡែក​នេះ ឲ្យ​បានល្អ ចៀសវាង​ការចម្លង​បន្ត​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ទៀត ដើម្បី​ការពារ​ការចម្លង​នៅក្នុង​សហគម​ន៌​។​

​សូម​បងប្អូន​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ថែមទៀត ជាពិសេស​ត្រូវ​រក្សា​គម្លាត និង ធ្វើ​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ ៕​

អត្ថបទដែលជាប់ទាក់ទង