ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធរួមទាំងក្រសួងកសិកម្ម ព្រមទាំងបង​ប្អូន​ប្រជា​ពលរដ្ឋបង្កើតសហគមន៍អ្នកចិញ្ចឹមត្រី

70

 

ព្រៃវែង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធរួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបង​ប្អូន​ប្រជា​ពលរដ្ឋបង្កើតសហគមន៍អ្នកចិញ្ចឹមត្រី ដើម្បីងាយស្រួលក្នុងការតតាំងជាមួយ​ឈ្មួញ សម្រាប់កំណត់តម្លៃលក់ត្រី។

ថ្លែងក្នុងការអញ្ជើញចុះពិនិត្យមើល​វឌ្ឍនភាព​និងផែនការអភិវឌ្ឍន៍ នៃការធ្វើវារី​វប្ប​កម្ម​នៅកម្ពុជា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរបស់រដ្ឋបាល​ជល​ផល ដែលមានទីតាំងស្ថិត នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹក​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីបញ្ហារបស់ប្រជា កសិករចិញ្ចឹមត្រីលើបញ្ហាតម្លៃត្រីថោកនៅពេលទទួលផល ត្រង់ចំណុចនេះ សម្ដេចតេជោ​បាន​​ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធគួរបង្កើតឱ្យមានសហគមន៍អ្នកចិញ្ចឹមត្រី ដើម្បីធ្វើការតវ៉ា​ជាមួយឈ្មួញទិញត្រី។ សម្ដេចតេជោបានបញ្ជាក់ថា បើសិនប្រជាកសិករលក់ត្រីដោយខ្លួន​ឯង​នោះឈ្មួញពិបាកឱ្យតម្លៃព្រោះអ្នកខ្លះលក់ថ្លៃ អ្នកខ្លះថោកដែលធ្វើឱ្យឈ្មួញពិបាក ចូល​ទិញ ដូច្នេះគួរបង្កើតសហគមន៍ មួយដើម្បីលក់ត្រីមានភាពងាយស្រួល។ សម្តេចតេជោ​បានលើកឡើងថា ការចឹញ្ចឹមត្រីទទួលបានផលច្រើនជាងការធ្វើស្រែ ដោយមានការ​ចំណេញ​​ច្រើនគួរសម ដោយធ្វើការលើផ្ទៃដីប្រហាក់ប្រហែលគ្នា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើឱ្យសមត្ថកិច្ចដែលចុះចាប់បង្រ្កាប​បទល្មើសជលផលខុសច្បាប់ដោយប្រើប្រាស់ស្បៃ អួនដាក់ត្រី មិនត្រូវចាប់យក​ស្បៃទៅ​ដុតចោលដូចមុនទៀតទេ គឺត្រូវទុកស្បៃទាំងនោះឱ្យប្រជាកសិករ អ្នកចឹញ្ចឹមត្រី យកទៅ បាំងត្រីក្នុងស្រះដែលលិចទឹក។ សម្តេចតេជោបានថ្លែងថា “ពេលនេះខ្ញុំស្នើសុំឱ្យសមត្ថកិច្ច​ដែលចាប់បានស្បែ អួនដែលជនល្មើសយកទៅដាក់ចាប់ត្រីខុសច្បាប់ដោយកុំ​ដុតចោល​ដូច​មុនទៀត ដោយទុកយកមកឱ្យប្រជាកសិករអ្នកចឹញ្ចឹមត្រីនៅពេលទឹកលិចស្រះ​របស់​ពូក​គាត់វិញ”។

សម្តេចតេជោបន្ថែមថា ការទុកស្បៃនេះចំណេញច្រើនជាង ព្រោះនៅពេលយកស្បៃ​នេះ​មកឱ្យប្រជាកសិករមិនសូវចំណាយលុយច្រើនក្នុងការទិញស្បៃមកបាំង​ឃាត់មិនឱ្យ​ចេញ​ពីស្រះនៅពេលរដូវទឹកលិចស្រះ៕

អត្ថបទដែលជាប់ទាក់ទង