ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុង នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង
ព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង ៧០គីឡូ ម៉ែត្រ ទទឹង ៨ម៉ែត្រ កំពស់ ០,២៥ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ រវាងក្រុមហ៊ុន Royal Group Koh Rong Development Company និងក្រុមហ៊ុន Sinohydro Corporation Limited នៅសណ្ឋាគារ Goddess of Liberty Hotel and Resort ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Koh Rong Development Company មានប្រសាសន៍ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអរគុណអភិបាលខេត្តព្រះសីហនុ បានគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមហ៊ុនលើគម្រោងសាងសង់ផ្លូវបេតុងលើកោះរ៉ុង ជាការបង្ហាញផ្លែផ្ការក្នុងការអភិវឌ្ឍនៅលើកោះរ៉ុង មានផ្លូវបេតុងប្រវែង ៧០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២៥ម៉ែត្រ សាងសង់រយៈពេល ១៦ខែ ក្រៅពីការងារសាងសង់ផ្លូវ ក្រុមហ៊ុននិងបន្តសាងសង់អគ្គិសនី ផែ ព្រលានយន្តហោះស្របតាមគោលនយោបាយសម្តេចតេជោ ដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍មកកម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អបអរសាទរពិធីចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុង ៧០គីឡូម៉ែត្រទទឹង ៨ម៉ែត្រនៅលើកោះរ៉ុង ក្រុមហ៊ុន Royal Group បានចុះហត្ថលេខាជួលកោះ ស្ថិតក្នុងខេត្តព្រះសីហនុជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ សង្ឃឹមថាក្រុមហ៊ុននឹងខិតខំប្រឹងប្រែងសាងសង់គម្រោងផ្សេងៗទៀតប្រែក្លាយកោះរ៉ុងដ៏ស្រស់បំព្រងសចរ ព្រមទាំងបានកោតសរសើរអភិបាលខេត្តព្រះសីហនុ សហការសម្របសម្រួលការវិនិយោគ ធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងគំហុក មានអគារធំៗ រោងចក្រ ផ្តល់ការងារជូនប្រជាពលរដ្ឋរាប់ម៉ឺននាក់។ រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងផ្ដល់លទ្ធ ភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ផ្តល់នូវអត្ថប្រយោជន៍ប្រកបដោយសមធម៌ និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Royal Group សាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅលើកោះរ៉ុង ជាដំណើការអភិវឌ្ឍគម្រោងកសាងផ្លូវបេតុងប្រវែង ៧០គីឡូម៉ែត្រ បន្ទាប់ពីនោះក៍មានការកសាងហេដ្ឋារចនាសម្ព័ន្ធបំរើគោលដៅអភិវឌ្ឍនានា ជាច្រើនទៀតដូចជា អគ្គិសនី ទឹកស្អាត ព្រលានយន្តហោះ រួមនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់បន្ថែមទៀតបំរើឱ្យការអភិវឌ្ឃនៅលើកោះរ៉ុង ទន្ទឹមនោះត្រូវគិតគូរពីការរៀបចំអាងប្រព្រឹត្តកម្ម ធ្វើការគ្រប់គ្រងអនាម័យបរិស្ថានឱ្យមានសមិទ្ធិភាព ចិរភាព និងភាពស្អាតនៅលើកោះ។ យើងត្រូវការរោងចក្រដុតសំរាម ព្រោះការប្រើប្រាស់សំរាមនៅទីនេះ ដើម្បីកែឆ្នៃឱ្យក្លាយជាអគ្គិសនី សម្រាប់ការប្រើប្រាស់នៅលើកោះកាន់តែមានភាពចាំបាច់ជាពហុគោលដៅ និងពហុផលប្រយោជន៍។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានធ្វើការចែករំលែកនៃការកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើដីគោកក្នុងខេត្តប្រវែង ៨៤,៥០គីឡូម៉ែត្រ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍខេត្តព្រះសីហនុ គឺគោលនយោបាយស្លឹកត្នោត ខ្ចប់ស្ករត្នោត ហើយសមិទ្ធិផលនេះ បានដាក់ឱ្យប្រើប្រាស់ជាបណ្តើរៗហើយ ដែលមានផ្ទៃក្រឡាបេតុងប្រមាណជាង ១,៤០០,០០០ម៉ែត្រការ៉េ។ ការកសាងប្រព័ន្ធលូយ៉ាងច្រើនគីឡូម៉ែត្រ នៅសល់ការងារមួយចំនួនកំពុងដំណើការ រួមមានការរៀបចិញ្ចើមផ្លូវ ក្រាលថ្មក្រានីត ការអ៊ុតបេទីម ដាំដើមឈើ ភ្លើងបំភ្លីសាធារណ បំពាក់កាំម៉ារ៉ាសុវត្ថិភាព ប្រើប្រាស់រយ:ពេល ៨ខែ ឆ្លើយតបតាមពេលវេលាបានកំណត់ ។ យើងក៏ចង់ឃើញសមិទ្ធិផលរយ:ពេល ១៦ខែ នៅលើកោះរ៉ុង ក្រោយការកសាងរួចសមិទ្ធិផលនេះបានចូលរួមចំណែកទាក់ទាញអ្នកវិនិយោគ មានការចាប់អារមណ៍កាន់តែច្រើនឡើងទាំងនៅលើដីកោះ និងដីគោក ម្យ៉ាងទៀតដំណើរការអភិវឌ្ឍ និងវិនិយោគចាប់ផ្តើមកាន់តែធំធាត់ ជាឱកាសរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ចខេត្តរបស់យើងកាន់តែមានភាពល្អប្រសើរ។
ឯកឧត្តមអភិបាលខេត្ត ក៍បានអំពាវនាវដល់អ្នកពាក់ព័ន្ធ សូមមានការយោគយល់ ដោយរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិវិនិយោគទៅក្រុមហ៊ុន Royal Group ក្នុងគោលដៅអភិវឌ្ឍជាតិ ផ្តល់ការងារដល់យុវជនរបស់យើង ទោះបីវាមានផលប៉ះពាល់ខ្លះក៍ដោយត្រូវមានការចូលរួមជម្រុញដំណើការអភិវឌ្ឍនេះបានរលូន នៅលើកោះរ៉ុង ស្របតាមផែនការដែលបានគ្រោងទុក។ ក្នុងនោះឯកឧត្តមបានធ្វើការវាយតំលៃខ្ពស់ចំពោះក្រុមហ៊ុន Royal Group ក្នុងស្ថានភាពដែលពិភពលោកកំពុងរងការគំរាមកំហែងនឹងជំងឺកូវីដ-១៩ តែក្រុមហ៊ុនបានសម្រេចចិត្តចុះកិច្ចព្រមព្រៀងកសាងផ្លូវ ៧០គីឡូម៉ែត្រ និងក្រើនរម្លឹកដល់មន្ត្រី និងប្រជាពលរដ្ឋក្នុងស្ថានភាពជំងឺកូវីដ-១៩ មិនទាន់បញ្ចប់ទេ និងមិនទាន់មានវ៉ាក់សាំងការពារជំងឺនេះនៅឡើយ ដូច្នេះត្រូវបន្តការប្រុងប្រយ័ត្នអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ-១៩៕