ឆ្នាំ២០២២ កម្ពុជា នឹងរៀបចំការប្រកួតល្បុក្កតោ pre-sea games
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅថាCamsoc និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាផងដែរនោះ បានឲ្យដឹងថា ដើម្បីសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជានេះ ប្រភេទកីឡាគុនល្បុក្កតោមានការងារច្រើនណាស់ ដែលត្រូវធ្វើបន្តទៀត ពីព្រោះគុនល្បុក្កតោ គឺជាអត្តសញ្ញាណជាតិ ព្រលឹងជាតិទាំងមូល។
លោកបាននិយាយថា «ក្នុងការដាក់ប្រភេទកីឡាប្រពៃណីជាតិកម្ពុជាក្នុងស៊ីហ្គេម២០២៣នេះ មានការលំបាកបន្តិច ដើម្បីបញ្ចុះបញ្ចូលឲ្យប្រទេសមួយចំនួនហ្វឹកហាត់គុនល្បុក្កតោ ទើបយើងអាចរៀបចំការប្រកួតបាន។ យើងត្រូវទៅបង្រៀនគេអំពីច្បាប់ បទបញ្ជា នៃការប្រកួត ដើម្បីឲ្យគេចេះពីបច្ចេកទេស ក្នុងការប្រកួតប្រជែងជាមួយយើង។ ចាប់ពីពេលនេះតទៅ យើងត្រូវត្រៀមរៀបចំបទបញ្ជាការប្រកួតក្នុងកម្រិតអន្តរជាតិ ដោយពិនិត្យលើគោលការណ៍លើប្រភេទកីឡាប្រយុទ្ធមួយចំនួនរបស់អន្តរជាតិ ក៏ដូចជាគោលការណ៍ នៃការប្រកួតស៊ីហ្គេម»។
លោកអគ្គលេខាCamsoc បន្ថែមទៀតថា នៅឆ្នាំ២០២២ កម្ពុជានឹងរៀបចំការប្រកួត Pre-SEA Games (មុនការប្រកួតផ្លូវការ) ដែលឲ្យតែប្រភេទកីឡាថ្មី ត្រូវរៀបចំការប្រកួត Pre-SEA Gam es នេះ ដែលជាគោលការណ៍របស់ស៊ីហ្គេម។ អ្វីដែលជាកង្វល់របស់យើងបច្ចុប្បន្ន គឺគុណភាពកីឡាករ កីឡាការិនីរបស់យើង ដែលយើងគឺជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន គឺយើងត្រូវតែប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ឆន្ទៈដ៏មោះមុត ជាពិសេសគឺសាមគ្គីភាពផ្ទៃក្នុង ដើម្បីសម្រួចគោលដៅក្នុងដំណើរឆ្ពោះទៅដណ្ដើមមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងអំពីការស្នើសុំការឧបត្ថម្ភលើការរៀបចំកិច្ចប្រជុំក្នុងកម្រិតអាស៊ីអាគ្នេយ៍ ដើម្បីរៀនសូត្រពីគ្នាផង ការប្រកួតប្រជែង និងផ្សព្វផ្សាយផង ពីប្រភេទកីឡាគុនល្បុក្កតោរបស់កម្ពុជាយើងទៅកាន់ប្រទេសមួយចំនួននៅក្នុងអាស៊ីអាគ្នេយ៍ ដែលទទួលយកការហ្វឹកហាត់គុនល្បុក្កតោ ដូចជាប្រទេសវៀតណាម ហ្វីលីពីន ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ាជាដើម ដែលយល់ព្រមជួយដល់គុនល្បុក្កតោ ក្នុងការរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ជាចក្ខុវិស័យ និងគោលការណ៍រួមរបស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គឺរួមគ្នាអភិរក្ស និងអភិវឌ្ឍគុនល្បុក្កតោ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិ វប្បធម៌ជាតិ ព្រលឹងជាតិ និងក៏ជាកីឡាអត្តសញ្ញាណជាតិផងដែរ។ នេះជាការលើកឡើងរបស់ លោកបណ្ឌិតច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារនិងទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២០។ លោកបានមានប្រសាសន៍ដោយស្នើសុំការយោគយល់ពីព្រឹទ្ធាចារ្យ និងលោកគ្រូ អ្នកគ្រូ សិស្សគុនល្បុក្កតោទាំងអស់ឲ្យយកស្មារតីជាតិ ស្មារតីព្រលឹងដូនតាមកតម្កល់ឲ្យខ្ពស់ បង្រួបបង្រួមគ្រួសារគុនល្បុក្កតោឲ្យមានការឯកភាពជាធ្លុងមួយ ក្នុងការពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុង ចាប់ពីពេលនេះតទៅ ដើម្បីជោគជ័យ នៃគុនល្បុក្កតោ ក្នុងដំណើរឆ្ពោះទៅ SEA Games ឆ្នាំ២០២៣៕