ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ និង​ផែនការ​យុទ្ធសាស្ត្រ​យ៉ាង​ច្បាស់លាស់​ ក្នុង​ការ​បញ្ចប់​ការ​គម្រាម​កំហែង​ដោយ​សារ​មីន​និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅ​កម្ពុជា​​

71

ខេត្ត​ឧត្តរមានជ័យ​ នារសៀល​ ​ថ្ងៃ​ទី​១៤ ខែកក្កដា​​ ឆ្នាំ​២០២០​ ក្នុង​នាម​ ​សម្តេច​តេជោ​ ប្រធាន​អាជ្ញាធរ​មីន​ ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ ក្នុង​កិច្ច​ប្រជុំ​ពិភាក្សាលើការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ​នៅ​​​ខេត្ត​ឧត្តរមានជ័យ​​ ដោយមាន​ការអញ្ជេីញ​ចូលរួម​ជា​គណៈ​អធិបតី​ពី​ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័យ​ និង​ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត​ ផង​ដែរ​។

កិច្ច​ប្រជុំ​នេះ​ មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ​អាជ្ញាធរ​មីន​ មន្ទីរ​/អង្គភាព​ជុំ​វិញ​ខេត្ត​ កង​កម្លាំង​ប្រដាប់​អាវុធ​ មន្រ្តី​សាលា​ខេត្ត​​ ភីម៉ាក់ ម៉ាពូ​​ និង​ប្រតិបត្តិករ​បោស​សម្អាត​មីន​។

អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ​ បាន​លេីក​ឡេីង​អំពី​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​បញ្ហា​មីន​ ព្រម​ទាំង​បាន​ណែនាំ​ឲ្យ​គ្រប់​មន្ទីរ​/អង្គភាព​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ​បន្ត​យក​ចិត្ត​ទុក​ដាក់​ រៀបចំ​ដាក់​បញ្ចូល​បញ្ហា​មីន​ជា​ការងារ​អាទិភាព​មួួយ​ ក្នុង​របៀបវារៈរាល់​កិច្ច​ប្រជុំ​របស់​ខ្លូនជា​ប្រចាំ​។

ឯកឧត្តមទេសរដ្ឋមន្ត្រី​ បាន​បញ្ជាក់ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ និង​ផែនការ​យុទ្ធសាស្ត្រ​យ៉ាង​ច្បាស់លាស់​ ក្នុង​ការ​បញ្ចប់​ការ​គម្រាម​កំហែង​ដោយ​សារ​មីន​និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅ​កម្ពុជា​​ ដែល​ការងារ​បោស​សម្អាត​នេះ​ ត្រូវ​ការនូវ​ធនធានមនុស្ស សម្ភារះ និងថវិកាជាច្រើនទើបជម្រុញការបោសសម្អាតបានរួចរាល់តាមផែនការកំណត់នៅឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរដល់ប្រតិបត្តិករជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធ​ ត្រូវបន្តសហការចូលរួមអប់រំប្រជាពលរដ្ឋឲ្យបានចំគោលដៅ និងប្រកបដោយប្រសិទ្ធិភាពអំពីការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ជាមួយគ្នានោះ​ ឯកឧត្តមទេសរដ្ឋមន្រ្តី​ បាន​ពាំនាំ​នូវ​អនុសាសន៍​​ណែនាំ​ដ៏ខ្ពង់ខ្ពស់​​​របស់​ សម្តេច​តេជោ​ ស្តីពី​ការ​អប់រំ​ការយល់ដឹង​អំពី​មីន​ និងសំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​ ដូច​ខាង​ក្រោម​៖

• ស្នេី​សុំ​អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយធ្វើការអប់រំការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឲ្យបានទូលំ​ទូលាយជាសាធារណៈ នៅក្នុង និងក្រៅសហគមន៍របស់ខ្លួន ដើម្បីចៀសវាងពីគ្រោះថ្នាក់ពីគ្រាប់ទាំងនោះជាយថាហេតុ។

• ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចសហការគាំទ្រនូវសកម្មភាពអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់មីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាមរបស់ប្រតិបត្តិករជាតិ និងអន្តរជាតិនានា។

• ស្នើមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ពង្រឹងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីគ្រោះ​ថ្នាក់ដោយសារមីន និងសំណល់ជាតិ​ផ្ទុះពីសង្គ្រាម នៅតាមសាលារៀន។

• ស្នើសុំនគរបាលខេត្ត នគរបាល​ប៉ុស្ដិ៍​ ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីគ្រោះ​ថ្នាក់ដោយសារមីន និងសំណល់ជាតិ​ផ្ទុះពី​សង្គ្រាម ទៅដល់ប្រជាពលរដ្ឋ សហគមន៍ ជាពិសេសការអនុវត្តគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងធ្វើការ​ស្រាវជ្រាវ និងដកហូត ពីប្រជាពលរដ្ឋដែល​យកគ្រាប់មករក្សាទុកក្នុងគ្រួសារសម្រាប់ទុកធ្វើការកែច្នៃជាឧបករណ៍ប្រើប្រាស់ផ្សេងៗ។

អត្ថបទដែលជាប់ទាក់ទង