អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការ ចុះទៅមន្ទីរពេទ្យកុមារជាតិ ពិនិត្យនិងឧបត្ថម្ភលើក្មេងស្រីរងគ្រោះម្នាក់ ដែលត្រូវស្ត្រីជនដៃដល់អារមុខ និងដៃរងរបួសធ្ងន់
ភ្នំពេញ ៖ ក្រោយទទួលបានព័ត៌មានពីកុមារីរងគ្រោះអាយុ៥ឆ្នាំ ត្រូវបានស្ត្រីជនដៃដល់ម្នាក់យកកាំបិតអារដៃ និងផ្ទៃមុខ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ស្រាប់តែវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការ ព្រមទាំងមន្ត្រីខណ្ឌបានអញ្ជើញចុះពិនិត្យមើលស្ថានភាពក្មេងស្រីដែលកំពុងសម្រាកព្យាបាល។
គួរបញ្ជាក់ថា ស្ត្រីម្នាក់ជាជនសង្ស័យ បានខឹងក្មេងស្រីរងគ្រោះ ព្រោះតែយកដុំថ្មគប់កូនប្រុសរបស់គាត់បែកក្បាល ហើយស្ត្រីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុននឹងនគរបាលឃាត់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីដៃដល់ខាងលើឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ រងរបួសផ្ទៃមុខ ច្រមុះ ក និងដៃ រស់នៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ។