ក្នុងចំនួនម៉ូតូល្មើសច្បាប់ចរាចរណ៍៣៣ គ្រឿង មានអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមានរហូតដល់ចំនួន២៥គ្រឿងទៅហើយ
ភ្នំពេញ៖ ក្នុងយុទ្ធនាការចុះអនុវត្តន៍រឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនាថ្ងៃទី១៦ខែ កក្កដាឆ្នាំ២០២០នេះ កំលាំងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍និងផ្នែកអន្ដរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឃាត់ម៉ូតូនិងរថយន្តល្មើសច្បាប់ចរាចរណ៍បានចំនួន៣៣គ្រឿង ហើយក្នុងចំនួននេះ អ្នកដែលល្មើសច្បាប់ចរាចរណ៍ដោយបើកបរមិនពាក់មួកសុវត្ថិភាពមានរហូតដល់ចំនួន២៥គ្រឿង។
មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃព្រហស្បតិ៍១១រោចខែអាសាឍទោស័កព–ស២៥៦៤ត្រូវនឹងថ្ងៃទី១៦ខែ កក្កដាឆ្នាំ២០២០នេះកំលាំងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍និងផ្នែកអន្ដរាគមន៍ចុះយុទ្ធនាការអនុវត្តន៍រឹតបណ្ដឹងច្បាប់ចរាចរណ៍ ដោយប្រើប្រាស់កំលាំងនគរបាលខណ្ឌចំនួន៣០នាក់ ។ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច ឃាត់ម៉ូតូនិងរថយន្តល្មើសច្បាប់ចរាចរណ៍សរុបរួមបានចំនួន៣៣គ្រឿង ដែលមានបទល្មើសដូចជាម៉ូតូបើកបរមិនពាក់មួកសុវត្ថិភាពចំនួន២៥គ្រឿងម៉ូតូបើកបរល្មើសខុសទិសចរាចរណ៍ចំនួន៧គ្រឿងនិងម៉ូតូនៅសល់ចំនួន១គ្រឿងមិនទាន់ចូលបង់ប្រាក់ពិន័យ ៕