ចាប់ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់ យកសាំងចាក់ដុតផ្ទះប្រជាពលរដ្ឋ ឆេះអស់១ខ្នង
ពោធិ៍សាត់ ៖ បុរសបែកថ្នាំម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង ១០និង៤៥នាទី ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីយកសាំងចាក់ដុតផ្ទះប្រជាពលរដ្ឋឆេះអស់១ខ្នង ។
ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ស៊ិន ស៊ីធារី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់បណ្តាលឲ្យឆេះផ្ទះទាំងស្រុង មាន ទំហំ៦×៧ម៉ែត្រ ជញ្ជាំងក្តាប្រក់ស័ង្កសី ខណ:ពេលម្ចាស់មិននៅចេញទៅកាត់ដេរនៅរោងចក្រមួយកន្លែងស្ថិតក្នុងស្រុកក្រគរ ។
លោកវរសេនីយ៍ត្រី សុខ មេសា អធិការរងនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ជនបង្កឈ្មោះ ងឿម សំណាង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិជើងភ្លើង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើរមកយកសាំងពីតូបលក់ដូររបស់ ឈ្មោះ ចិន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ សង្កាត់ជាមួយជនរងគ្រោះខាងលើ ចំនួន១លីត្រ ហើយរត់ចូលក្នុងផ្ទះជនរងគ្រោះចាក់សាំងដុតតែម្តង បណ្តាលឲ្យឆេះផ្ទះ១ខ្នង និងទ្រព្យសម្បត្តិមានជាច្រើនទៀត ។
លោកអធិការរងបានបន្តថា ដោយមានការអន្តរាគមន៍ពន្លត់អគ្គីភ័យពីសមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្នាននគរបាលខេត្តពោធិ៍សាត់ចំនួន០២គ្រឿង។
ប្រភពដដែលបានបន្តទៀតថា ករណីអគ្គីភ័យនេះបណ្តាលមកពីជនបង្កប្រើប្រាស់គ្រឿងញៀន(បែកថ្នាំ) ទើបហ៊ានធ្វើអំពើបែបនេះ។
ក្នុងពេលកើតហេតុនោះដែរ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់អធិការដ្នាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕