ចិនម្នាក់ យកកាំបិតចាក់សន្តិសុខខ្មែរម្នាក់ របួសធ្ងន់ ព្រោះខឹងសន្ដិសុខមិនឲ្យឆ្កែចូលបន្ទប់សណ្ឋាគារ
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ស្រវឹងជោកជាំ យកកាំបិតកាប់សន្តិសុខ របស់សណ្ឋាគារមួយកន្លែង ក្នុងខណ្ឌចំការមន បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះខឹងគេ មិនឲ្យនាំឆ្កែចូលបន្ទប់សណ្ឋាគារ។
ហេតុការណ៍នេះ កើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ ជនបង្កឈ្មោះ Zhao Long Wei។
មុនកើតហេតុជនរងគ្រោះ ឈ្មោះ ចេវ សារួន មុខរបរសន្ដិសុខ បានធ្វើការហាមឃាត់ មិនឲ្យជនបង្កយកឆ្កែចូលសណ្ឋាគារទេ ព្រោះជាបំរាមរបស់សណ្ឋាគារ ហើយពេលនោះជនបង្ក មានអាការៈស្រវឹងជោកជាំ។
ជនបង្កជនជាតិចិន មិនស្តាប់ការហាមឃាត់ឡើយ ក៏បាននាំកូនឆ្កែឡើង តាមជណ្តើរយន្តទៅបន្ទប់ស្នាក់នៅជាន់ទី២៨ នៃសណ្ឋាគារ។ ពេលនោះ ជនរងគ្រោះ និងសន្តិសុខផ្សេងទៀត បានទៅឃាត់ជនសង្ស័យ មិនឲ្យយកឆ្កែចូលបន្ទប់ឡើយ។
ភ្លាមៗនោះ ជនបង្កខឹង បានចូលយកកាំបិតមកកាប់លើជនរងគ្រោះ ចំចង្កេះខាងស្តាំបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។
បើតាមការបញ្ជាក់ពីមន្ដ្រីតុលាការ បានបញ្ជាក់ថា ជនបង្ក ត្រូវបានចោលប្រកាន់រួចហើយ និងបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ៕