ក្នុងមួយខែសីហានេះ នៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌកើតមានឡើងជិត៦០លើក តែសមត្ថកិច្ចបង្ក្រាបបានជាង៥០ករណី ឃាត់ខ្លួនមនុស្សជាង៨០នាក់
ភ្នំពេញ៖ ក្នុងរយៈពេលមួយខែពេញនៃ សីហា ឆ្នាំ២០២០នេះ នៅក្នុងរាជធានីភ្នំពេញបានកើតមានឡើងនូវបទល្មើសព្រហ្មទណ្ឌចំនួន៥៩លើក កើនឡើងចំនួន៤លើក បើប្រៀបធៀបនឹងខែមុន និងបានធ្វើអោយមនុស្សស្លាប់៤នាក់និងរងរបួស១៨នាក់ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីកម្លាំងមានសមត្ថកិច្ចចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងខែសីហានេះក៏បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន៥៥ករណី និងបានឃាត់ខ្លួនជនសង្ស័យបាន៨៣នាក់ផងដែរ។
នេះបើតាមការបញ្ជាក់របស់លោកសេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញាលើកទី១៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ កញ្ញាឆ្នាំ២០២០ ក្រោមវត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី ជាមួយអភិបាលរងរាជធានីភ្នំពេញចំនួន៤រូប ។
លោកសេង វណ្ណៈ បានលើកឡើងថា នៅខែសីហា ឆ្នាំ២០២០នេះ នៅក្នុងរាជធានីភ្នំពេញបទល្មើសព្រហ្មទណ្ឌកើតមានឡើងចំនួន៥៩លើក លើ៥៥លើក កើន៤លើក ស្លាប់ ៤នាក់របួស១៨នាក់ ។ក្នុងនេះដែរសមត្ថកិច្ចក៏បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៥៥ករណី ឃាត់ខ្លួនបាន៨៣នាក់ បង្ក្រាបតាមដីកាបាន ៨ដីកាឃាត់ខ្លួន៨នាក់ ។ ជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន១៦៨ករណី ឃាត់ខ្លួនបាន២៨៥នាក់ស្រី ១០នាក់។ បានសហការបង្ក្រាបបទល្មើសគ្រឿងញៀន ៥ករណីឃាត់ខ្លួន៩នាក់ស្រី៣នាក់ ប្រគល់ឲ្យនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនិងមន្ទីរប្រឆាំងគ្រឿងញៀនចាត់ការតាមច្បាប់។បង្ក្រាបក្មេងទំនើងបានចំនួន៦០ករណី ឃាត់ខ្លួន៩៩ នាក់ ស្រី២នាក់ ពាក់ព័ន្ធបទល្មើស៧៤នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនិងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន២៥នាក់ បានអនុវត្តវិធានការរដ្ឋបាលដោយធ្វើកិច្ចសន្យាអប់រំប្រគល់ឱ្យអាណាព្យាបាលវិញ។
បង្ក្រាបល្បែងស៊ីសងខុសច្បាប់បាន១១ករណី ឃាត់ខ្លួន៧៤នាក់ ស្រី២៦នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចំនួន៣១នាក់និងធ្វើកិច្ចសន្យាអប់រំ៤៣នាក់ ។ បានសហការបង្ក្រាបករណីសញ្ចាកម្ម១ករណី ឃាត់ខ្លួន៥នាក់ (ស្រី ) ដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួនប្រគល់ឲ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចាត់ការតាមច្បាប់។ បង្ក្រាបបទល្មើសសេដ្ឋកិច្ច សហការបង្ក្រាបបាន ៥ករណីឃាត់ខ្លួនជនជាតិចិន១៧នាក់(ប្រុស) ។ ករណីឃ្លាំងស្តុកចែកចាយគ្រឿងសម្រាប់ផលិតទឹកផ្លែឈើ ទឹកក្រូច ស្រា ប៊ីចេងគ្មានច្បាប់អនុញ្ញាតប្រគល់ជូននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចាត់ការតាមច្បាប់។ បានចុះបង្ក្រាបទីតាំងក្លឹបកំសាន្ត ៤ទីតាំងក្នុងខណ្ឌចំការមន ខណ្ឌបឹងកេងកងនិងខណ្ឌដូនពេញដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លង មេរោគកូវីដ–១៩ចំនួន៤ទីតាំង ឃាត់ខ្លួន១៨១នាក់ ស្រី៨១នាក់ធ្វើកិច្ចសន្យាអប់រំ។
សំរាប់ខែនេះដែរ គ្រោះអគ្គីភ័យបានកើតមានចំនួន ១២លើក លើ៩លើក កើន៣លើក ស្លាប់៤នាក់ របួស ៨នាក់ ឆេះឃ្លាំង ផ្ទះនិងសម្ភារៈប្រើប្រាស់មួយចំនួនធំ។ចំពោះគ្រោះថ្នាក់ចរាចរណ៍វិញ ក្នុងខែដដែរនេះបានកើតមានឡើងចំនួន៧៩លើក លើ៧៦លើក កើនឡើងឡើង៣លើក ស្លាប់៣៣នាក់ លើ២៩នាក់ របួស៩៣នាក់ លើ៩២ នាក់ ខូចខាតរថយន្តចំនួន ១៤៦គ្រឿង ៕