ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជាន់ខ្ពស់ អាជ្ញាធរជាតិអប្សរាថា ភ្នាក់ងារទេសចរណ៍ទាំងអស់ត្រូវយល់ដឹងពីការគ្រប់គ្រងហានិភ័យប្រាសាទ

85

 

 

 

សៀមរាប៖ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាប្រចាំប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ  បានទទួលការបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហានិភ័យប្រាសាទ។ ដែលវគ្គ បណ្ដុះបណ្ដាលនេះរៀបចំឡើង ដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា។

លោក លឹម ស្រ៊ូ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានថ្លែងថា៖ វគ្គបណ្ដុះបណ្ដាលដែលធ្វើឡើងនៅថែវរូតព្រះពាន់ នៃប្រាសាទអង្គរវត្ត ក្នុងគោលបំណង ពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារទេសចរណ៍ដែលប្រចាំការផ្ទាល់នៅក្នុងប្រាសាទ។ លោកបន្ថែមថា ការសិក្សានេះ គឺជាទុនបន្ថែមដើម្បីឱ្យភ្នាក់ងារទាំងអស់ បានដឹងពីស្ថានភាពជាក់ស្ដែងរបស់ប្រាសាទ និងដើម្បីធ្វើសម្រង់ស្ថិតិពីចំណុចនីមួយៗជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាដើម្បីរាយការណ៍បន្ទាន់ដល់អ្នកអភិរក្សនិងជួសជុលប្រាសាទ។ ហើយវគ្គបណ្ដុះ បណ្ដាលនេះ នឹងធ្វើនៅតាមប្រាសាទសំខាន់ៗ មួយចំនួនទៀត ក្នុងរមណីយដ្ឋានអង្គរ ដើម្បីឱ្យប្រាកដថា ភ្នាក់ងារទេសចរណ៍ទាំងអស់ ទទួលបាន ចំណេះ ដឹងជាមូលដ្ឋានតាមប្រាសាទនីមួយៗ ដើម្បីរួមចំណែកក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទឱ្យកាន់តែល្អសម្រាប់បច្ចុប្បន្ន និងទៅអនាគត។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងដែរថា ប្រាសាទចាត់ទុកដូចជាផ្ទះសម្រាប់ភ្នាក់ងារទេសចរណ៍គ្រប់រូប ដូច្នេះគឺត្រូវចេះសង្កេតគ្រប់ទី កន្លែង ដើម្បីដឹងពីស្ថានភាពទូទៅរបស់ប្រាសាទ។ ហើយការដឹងទាន់ពេលវេលានេះ អាចឱ្យអ្នកជំនាញ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួសជុលឬអភិរក្ស។ លោកបន្ថែមថា រាល់ប្រាសាទទាំងអស់ត្រូវការការ ថែទាំ ដូចជាការថែទាំថ្មជាដើម។លោកពន្យល់ទៀតថា ពលរដ្ឋគ្រប់រូបមានការភារកិច្ចការពារ ថែរក្សាមរតកដូនតា ហើយការងារទាំងនេះ ជាផ្នែកមួយនៃការចូលរួមអភិរក្សប្រាសាទយ៉ាងដូច្នោះដែរ៕.   ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង