គំរាមទារគេ៥០០០ដុល្លារ ជនស៊ីវិល៦នាក់ក្នុងនោះមានអ្នកសារព័ត៌មាន៤នាក់ ដែលតាំងខ្លួនជាសមត្ថកិច្ច ហើយធ្វើស៊ីជនជាតិចិន ត្រូវនគរបាលវាយខ្នោះ
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៌ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលជំនាញបង្ក្រាប ក្រុមជនសង្ស័យ៦នាក់ ក្នុងនោះមានអ្នកសារព័ត៌មាន៤នាក់ មានជនជាតិខ្មែរ៥នាក់ និងជនជាតិចិនម្នាក់ ដែលក្លែងបន្លំជាសមត្ថកិច្ចនគរបាល ធ្វើសកម្មភាពជំរិតទារប្រាក់នៅក្នុងខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា នៅថ្ងៃទី៨ កញ្ញា ២០២០ វេលាម៉ោង១១និង០០នាទី មានជន ជាតិចិនម្នាក់ ភេទប្រុស បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី៦ កញ្ញា ២០២០ វេលាម៉ោង២៣និង៣០នាទី ។
មានជនសង្ស័យមួយ ក្រុមជាជនជាតិខ្មែរ មានគ្នា៥នាក់ ស្លៀកពាក់ស៊ីវិល ជិះរថយន្ត ១គ្រឿង ប្រភេទ PICK UP ពណ៌ស និងម៉ូតូ២គ្រឿង អះអាងថា ជាសមត្ថកិច្ចប៉ូលិស បានធ្វើសកម្មភាពកាក់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិន១គ្រឿង ម៉ាកព្រូស ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 2C-9291 ។
ក្នុងពេលដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវទៅបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់មកក្រុមជនសង្ស័យទាំងនោះ បានធ្វើការឆែកឆេរក្នុងរថយន្តរបស់ជនរងគ្រោះ ក៏បានទម្លាក់គ្រឿង ញៀន១កញ្ចប់ នៅក្នុងរថយន្តរបស់ជនរងគ្រោះ ដើម្បីចោទប្រកាន់ថា គ្រឿងញៀនជារបស់ជនរងគ្រោះ រួចគម្រាមទារប្រាក់ពីជនរង គ្រោះចំនួន៤០០០$ (បួនពាន់ដុល្លារអាមេរិក) បើមិនព្រមឲ្យទេ ក្រុមជនសង្ស័យទាំងនោះនឹងចាប់ជនរងគ្រោះទៅប៉ុស្តិ៍ប៉ូលិស ដោយមានការភ័យខ្លាច ជនរងគ្រោះក៏ទូរស័ព្ទទៅប្រពន្ធដើរខ្ចីលុយពីមិត្តភក្តិបានចំនួន២៣០០$ (ពីរពាន់បីរយដុល្លារអាមេរិក) យកទៅប្រគល់ឲ្យក្រុមជនសង្ស័យ ដោយសន្យាថា ប្រាក់ដែលនៅសល់នឹងឲ្យនៅពេលក្រោយ ។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយមានបញ្ជាផ្ទាល់ពី ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ និងដឹកនាំសម្របសម្រួលពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យសរុប៦នាក់ ក្នុងនោះមានជន ជាតិចិនម្នាក់ ជនជាតិខ្មែរ៥នាក់ ជាបន្តបន្ទាប់ នៅវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី ៨ កញ្ញា ២០២០ ។
ជនរងគ្រោះឈ្មោះ ZHANG KANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បាត់បង់៖ លុយ២៣០០$ (ពីរពាន់បីរយដុល្លារអាមេរិក) ។
ជនសង្ស័យទាំង៦នាក់៖
១-ឈ្មោះ ហាក់ សុធាបញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ភ្នាក់ងារសារព័ត៌មាន កម្ពុជាញូវផ្លាស មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ អ៊ួន ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរភ្នាក់ងារសារ ព័ត៌មាន CAM POST មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ ចិន ប៊ុនធឿន ហៅ រាជ្យ ភេទប្រុស អាយុ ២៧ឆ្នាំ មុខ របរ ភ្នាក់ងារសារព័ត៌មាន NEWS Online មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ ចំរើន លាងម៉េង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ម៉ៅការសំណង់ និងជួលរថយន្ត មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ ស៊ឹម សុខដា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជំនួយការរបស់ឈ្មោះ អ៊ួន ប្រុស ភ្នាក់ងារសារព័ត៌មាន CAM POST មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៦-ឈ្មោះ ZHOU DONGYA ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ រត់តាក់ស៊ី ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
បើតាមលោកឧត្តមសេនីយ៍ទោជួន ណារិន្ទថា ក្រោយសាកសួរ ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានកាក់ឃាត់រថយន្តឆែកឆេរ ក្នុងរថយន្តនិងជំរិតទារយកប្រាក់បានចំនួន២៣០០ដុល្លារ (ពីរពាន់បីរយដុល្លាអាមេរិក)ពីជនរងគ្រោះប្រាកមែន ។ ករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធីតាមច្បាប់ ៕