ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ

64

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ក្នុងអង្គពិធីថា ជោគជ័យរបស់នគរបាលជាតិនៅពេលនេះ គឺបានដោយសារស្មារតីសហការតាំងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋានដែលក្នុងនោះរួមទាំងប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក្រៅពីការថ្លែងកោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្តដែលបានចូលរួមសហការក្នុងពេលកន្លងមកនេះក៏បានសំណូមពរអោយបន្តកិច្ចសហការល្អបន្ថែមទៀត។ ឯកឧត្តម ក៏បានជម្រុញអោយលោកស្នងការដែលទើបទទួលបានភារកិច្ចថ្មីក្រៅពីការសន្យាក្នុងការដឹកនាំអោយបានល្អត្រូវប្តេជ្ញាចិត្តធ្វើអោយបាន ដោយយកគំរូល្អរបស់ស្នងការចាស់ ក្នុងការបន្តដឹកនាំ សំឡឹងទៅមុខជានិច្ចដើម្បីបំពេញកិច្ចការ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បន្តអោយដឹងថា ក្នុងនាមជាស្នងការខេត្តថ្មីត្រូវធ្វើជាសេនាធិកាជូនគណៈបញ្ជាកាឯកភាពខេត្ត និងមានរបបប្រជុំជាប្រចាំ ជាពិសេសមានការចូលរួមក្នុងការប្រចាំបញ្ជា ដែលមានគ្រប់សមាសភាពចូលរួមតាំងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន ដើម្បីអាចធ្វើការអន្តរាគមន៍ទាន់ពេលវេលានៅពេលមានបញ្ហាកើតឡើងពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងសង្គម។

ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានជម្រុញអោយស្នងការថ្មីត្រូវចេះព្យាករណ៍នូវសភាពការណ៍ដែលកើតមានឡើងនៅពេលខាងមុខ ជាពិសេសពួកឧទ្ទាមអមិត្តមិនដែលបោះបង់បំណងបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំអោយមានបាតុកម្ម ជាពិសេសគឺមិនអនុញ្ញាតអោយជនទាំងនោះមកបំផ្លាញសេចក្តីសុខប្រជាពលរដ្ឋនោះឡើយ។ ក្នុងនាមជាស្នងការថ្មីត្រូវជួយដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ហើយអ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋ គឺបទល្មើសលួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំអោយមានការរីករាលដាល ជាពិសេសខេត្តនៅជាប់ព្រំដែនផងនោះ ត្រូវជួយដោះស្រាយសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ត្រូវជួយផ្សព្វផ្សាយអប់រំច្បាប់ និងអប់រំដល់អ្នកដែលកាន់ចង្កូតផ្ទាល់ ដើម្បីអោយពួកគាត់បានយល់រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានផ្តាំផ្ញើអោយស្នងការថ្មីចំនួន៥ចំនុចដើម្បីអនុវត្តក្នុងតួនាទីភារកិច្ចទទួលបានជោគជ័យ៖
ទី១-ស្នងការថ្មីត្រូវពង្រឹងតួនាទីដឹកនាំដោយផ្សារភ្ជាប់ និង៣បញ្ហា ត្រួវទទួលខុសត្រូវខ្ពស់ជាងគេ ត្រូវចាត់ទុកខ្លួនឯងជាអាណាព្យាបាល ជាអ្នកដឹកនាំត្រូវកសាងមនោសញ្ជេតនាក្នុងអង្គភាព ចុះសាកសួរសុខទុក្ខនៅពេលមានមន្ត្រីឈឺស្កាត់ អនុវត្តតាមសមាគមមិត្តនគរបាល ត្រូវធ្វើជាគំរូគេក្នុងការបំពេញភាកិច្ច ប្រចាំការ ប្រចាំបញ្ជាចុះជាប់ជាប្រចាំជាមួយបងប្អូន។
ទី២-ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីបំពេញការងារ សំដៅការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។
ទី៣-ត្រូវជួយលើកកម្ពស់សេវាចាំបាច់ដើម្បីបំរើជូនប្រជាពលរដ្ឋ ការបំពេញលិខិតស្នាមរដ្ឋបាល និងធ្វើកិច្ចការដោយស្មោះត្រង់ដោយឥតលក្ខខណ្ឌ និងទទួលខុសត្រូវ មិនកោសរូសចាត់ទុកប្រជាពលរដ្ឋជាឪពុកម្តាយ ពិសេសលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបំពេញកិច្ចការចេញពីបេះដូងអោយបានល្អជូនពលរដ្ឋ ។
ទី៤-ពង្រឹងគុណភាពស្នងការ និងមន្ត្រីនគរបាលទាំងអស់ ក្នុងនាមជាកងកម្លាំងត្រូវមានសមត្ថភាព វិន័យ គុណធម៌ សីលធម៌ និងយកចិត្តទុកដាក់បំប៉ន បើកវគ្គបណ្តុះបណ្តាល និងការរៀនសូត្រជំនាញជាពិសេសស្ថិតក្នុងដំណាក់កាលនៃជម្ងឺឆ្លងកូវីដនេះ ត្រូវចេះរៀនរស់នៅតាមរបៀបថ្មី ទាំងការបំពេញការងារ ព្រមទាំងការប្រកបអាជីវកម្ម។
ទី៥-ត្រូវពង្រឹងសាមគ្គីភាព និងលើកទង់សាមគ្គីផ្ទៃក្នុង ព្រមទាំងសហការការហ្វឹកហាត់ ក្រោមដំបូលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ពិសេសត្រូវរួបរួមគ្នាដើម្បីទទួលបានភាពជោគជ័យ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានស្នើអោយស្នងការដែលទទួលភារកិច្ចថ្មី ត្រូវចាត់កម្លាំង នគរបាលពីខេត្ត-ស្រុក ដើម្បីទៅបំពេញភារកិច្ចតាមបណ្តាប៉ុស្តិ៍នគរបាលដែលកំពុងខ្វះខាតកម្លាំងតាមរយ:ការស្ម័គ្រចិត្ត រឺតាមការចាត់អោយបំពេញបេសកកម្មមានរយ:ពេល និងត្រូវធ្វេីការហ្វឹកហាត់បំប៉នដេីម្បីពង្រឹងគុណភាព។

ទន្ទឹមនឹងនោះ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំអោយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ត្រូវចាត់កម្លាំងយាមកាមឲ្យបានល្អប្រសើរ ដើម្បីធានារក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋ និងភ្ញៀវជាតិ- អន្តរជាតិ នៅតាមគោលដៅទីវត្តអារាម តាមផ្លូវជាតិ តំបន់ទេសចរណ៍ និងរមណីយដ្ឋាននានា និងត្រូវប្រកាន់ភ្ជាប់នៅវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ៕

អត្ថបទដែលជាប់ទាក់ទង