ក្រសួងការងារចេញសេចក្តីប្រកាសផ្លូវការ៖ ដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរ១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសផ្លូវការមួយ ដោយដំឡើងប្រាក់ឈ្នួលដល់ កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា ចំនួន១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីប្រកាស បានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការ ត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប តំណាងភាគីនិយោជកចំនួន ១៨រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ និងបានបន្តកិច្ចប្រជុំរហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ ក្រោយការពិភាក្សាគ្នា ភាគីទាំងបី បានឯកភាពគ្នាជាឯកច្ឆន្ទគាំទ្រតួលេខ ១៩០ (មួយរយកៅសិប) ដុល្លារអាមេរិក ជាតួលេខប្រាក់ឈ្នួលអប្បបរមា ក្នុងមួយខែ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។ ដូច្នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើតួលេខ ចំនួន ១៩០ (មួយរយកៅសិប) ដុល្លារអាមេរិក ជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចបើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។ យោងរបាយការណ៍របស់ លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២(ពីរ) ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន ១៩០ (មួយរយកៅសិប) ដុល្លារ អាមេរិក។ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង នឹងមានប្រាក់ឈ្នួលរប្បរមាចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៨០ (មួយរយប៉ែតសិបប្រាំពីរ) ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង។
ក្រសួងបានបន្តទៀតថា ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបាន រក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាមេរិកក្នុងមួយខែ។ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាមេរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែម ម៉ោងដោយស្ម័គ្រចិត្តចំនួន ២០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និង ប្រាក់រង្វាន់រកើតភាពការងារចំនួនពី ២ដុល្លារអាមេរិក ដល់ ១១ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូច្នេះជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួល បានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២០៩ (ពីររយប្រាំបួន) ដុល្លារអាមេរិក ដល់២២០ (ពីររយម្ភៃ) ដុល្លារអាមេរិក ក្នុងមួយខែ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានរក្សាសុខសភាព ស្ថិភាព សណ្ដាប់ធ្នាប់សង្គម និងដាក់ចេញនូវកម្មវិធី កែទម្រង់នានា សំដៅរក្សាឱ្យបាននូវភាពប្រកួតប្រជែងនៃបរទេស និងជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញទុន វិនិយោគថ្មី និងការងារថ្មី ដល់ប្រជាពលរដ្ឋ ជាពិសេសការដាក់ចេញនូវកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ចំនួន៥ជុំ ដើម្បីចូលរួមចំណែកបន្ធូរបន្ទុក ការរស់នៅរបស់ប្រជាពលរដ្ឋ និងការជួយស្តារ និងជំរុញកំណើន សេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវី-១៩។ ឮ
ក្រសួងក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ប្រាក់បន្ថែមចំនួន ២ (ពីរ) ដុល្លារអាមេរិកលើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលការបន្ថែមនេះនឹងរួមចំណែកធ្វើឱ្យជីវភាពរស់ នៅរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ក៏ដូចជាក្រុមគ្រួសារកាន់តែ មានភាពល្អប្រសើរឡើងជាងមុន។ ក្រសួងក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយការ ទទួលខុសត្រូវ និងកាន់តែមានភាពចាស់ទុំក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២១ នេះ៕