ការបើកច្រកព្រំដែនត្រង់ចំណុចព្រៃវល្លិ៍ ស្វាយរៀង នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសកម្ពុជា-វៀតណាម
ស្វាយរៀង៖ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការបើកច្រកព្រំដែនត្រង់ចំណុចព្រៃវល្លិ៍ ស្វាយរៀង នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសកម្ពុជា-វៀតណាម កាត់បន្ថយការកកស្ទះចរាចរណ៍ បង្កើនការវិនិយោគ ជំរុញការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរណ៍ ដែលកត្តាទាំងនេះជាកម្លាំងចលករយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជាជាតិ។
ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចំពោះកិច្ចចុះត្រួតពិនិត្យវឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ និងពិនិត្យពិភាក្សាអំពីបញ្ហាប្រឈមនិងដំណោះស្រាយជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ប្រធានមន្ទីរ មន្ត្រីជំនាញ ក្រុមហ៊ុនឯកជនផងដែរ។
បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ និងពិនិត្យពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍ដោយសារការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងស្វែងរិះរកនីតិវិធីអនុញ្ញាតឱ្យរថយន្តដឹកទំនិញធ្វើចរាចរណ៍តាមច្រកទ្វារព្រៃវល្លិ៍ជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ជាមួយភាគីវៀតណាម។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍នេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការជួបជុំនៅថ្ងៃនេះអាចប្រព្រឹត្តទៅបាន ដោយសារស្រុកយើងមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដូចនេះយើងទាំងអស់គ្នាសូមអរគុណសន្ដិភាព អរគុណនយោបាយ ឈ្នះឈ្នះ និងអរគុណសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការរស់រានមានជីវិតរបស់ប្រជាជាតិខ្មែរទាំងមូល ការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យឥតឈប់ឈររហូតមកដល់ពេលនេះ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីគម្រោងសាងសង់ ពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវដែកតភ្ជាប់កម្ពុជា វៀតណាម (ហូជីមិញ) ស្ពានស្ទឹងត្រង់ ស្ពានខេត្តក្រចេះ កំពង់ផែពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ដើម្បីជំរុញនិងលើកកម្ពស់វិស័យភស្តុភារកម្មកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញរបស់ប្រទេសជិតខាង ដោយហេតុថាកម្ពុជាស្ថិតក្នុងភូមិសាស្ត្រដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពីវៀតណាម-កម្ពុជា-ថៃ។
លើសពីនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្តថា ការចុះពិនិត្យវឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ នេះគឺដើម្បីរិះរកនីតិវិធីបើកច្រកព្រៃវល្លិ៍ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែន កម្ពុជា-វៀតណាម និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ដែលបច្ចុប្បន្នកំពុងធ្វើឱ្យរាំងស្ទះខ្សែសង្វាក់ដឹកជញ្ជូនទំនិញ ខាតបង់ពេលវេលា និងថវិការបស់ប្រតិបត្តិករ។
គួរកត់សម្គាល់ថា៖ ការបើកច្រកព្រំដែនត្រង់ចំណុចព្រៃវល្លិ៍នេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ បង្កើនការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរណ៍ ដែលកត្តាទាំងនេះជាកម្លាំងចលករយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជាជាតិទាំងពីរផងដែរ៕