គិតត្រឹមថ្ងៃទី១០ ខែកញ្ញានេះ ព្យាបាលជាសះស្បើយវីរុសកូវីដ ១០០%
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គឺស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩គឺ ចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៤នាក់ ស្មើនឹង១០០% បានន័យថាកម្ពុជាមិនមានអ្នកជំងឺកូវីដ១៩សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទៀតនោះទេ។
ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹងពីករណីជាសះស្បើយចំនួន ១នាក់ និងមិនមានករណីវិជ្ជមានវីរុសកវីដ-១៩ ថ្មី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ -១៩ នៅកម្ពុជា គឺ ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ៖គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា គឺ ចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៤នាក់ (ស្មើនឹង១០០% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់ នៅក្នុងចំនួននេះ មានស្រី ៥៤នាក់ និងបុរស ២២០នាក់ – អ្នកមានវីរុស១វីដ-១៩ មានចំនួនសរុប ២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់)។
ក្រសួង បានបន្តថា ករណីជាសះស្បើយចំនួន ១នាក់ ដែលជាករណីទី២៧៤ (ចុងក្រោយគេបង្អស់) ត្រូវបានព្យាបាលជាសះស្បើយ ១០០% ជាលើកទីពីរ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ គឺបុរសជនជាតិឥណ្ឌូណេស៊ីអាយុ ១៨ឆ្នាំ ស្នាក់នៅភូមិ២ មិត្តភាព ខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីបានមកដល់កម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ មានការព្យបាលជាសះស្បើយ ១០០% លើកទី១ ម្តងរួចទៅហើយ ដែល នៅពេលនោះ ប្រទេសកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១២២នាក់ប៉ុណ្ណោះ ដែលករណីទី១២២នោះ គឺជាស្ត្រីជនជាតិខ្មែរអាយុ ៣៦ឆ្នាំនៅខេត្តបន្ទាយមានជ័យ ត្រូវបានព្យបាលជាសះស្បើយចុងក្រោយគេបង្អស់ផងដែរ នៅពេលនោះៗ។
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌល់គ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកលើជំងឺកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ -១៩ នៅក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័រ៕