រថយន្ត Lexus បុកជាមួយម៉ូតូស្លាប់ទារកម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
សៀមរាប ៖ មានករណីរថយន្ត ១ គ្រឿងម៉ាក ឡិចសុីសទំនើប បើកវ៉ាជែង ហើយជ្រុលបុកម៉ូតូ បណ្តាលឲ្យក្មេងតូចម្នាក់ស្លាប់ រថយន្តរ៉េចង្កូត បុកជាប់ដើមឈើខូចខាតទាំងស្រុង ។
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក Lexus ប៉ះទង្គិចជាមួយម៉ូតូ បណ្តាលឲ្យស្លាប់ទារកម្នាក់ និងរបួសធ្ងន់ស្រាលចំនួន៣នាក់ ។ ហេតុការណ៍នេះកើតឡើងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧និង១០នាទី នៅចន្លោះបង្គោលគីឡូលេខ៣៩៧ ៣៩៨ ភូមិស្ទឹងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើកំណាតផ្លូវជាតិលេខ៦ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក Luxus 460 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2X-3995 បើកបរដោយឈ្មោះ ហេង សេងហាំង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជ្រាវ សង្កាត់ជ្រាវក្រុង/ខេត្តសៀមរាប ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ បានប៉ះទង្គិចជាមួយម៉ូតូ ម៉ាកវ៉េវសេ១១០ ពណ៌ក្រហម ពាក់ផ្លាកលេខសៀមរាប 1D-4291 បើកបរដោយឈ្មោះ ស៊ឹម ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរមានទិសដៅពីកើតទៅលិចឆ្លងផ្លវទៅជើង ឌុបដឹកប្រពន្ធ និងកូនចំនួន០២នាក់ ។
ក្នុងហេតុការណ៍នេះបណ្តាលឲ្យបុរសឈ្មោះ ស៊ីម ពេជ្រ ជាប្តីរបួសស្រាល, ឈ្មោះ តាយ តាន់ អាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូ(របួសស្រាល), ឈ្មោះ ពេជ្រ មូនិកា ភេទស្រី អាយុ៦ខែ ត្រូវជាកូន (ស្លាប់) និងឈ្មោះឈ្មោះ ពេជ្រ មូលីកុដ្ឋ ភេទស្រី អាយុ៦ឆ្នាំ (របួសធ្ងន់) ។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនៃអធិការដ្ឋាននគរបាលស្រុកប្រាសាបាគង បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីភាគីខាងម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត និងវាស់វែងធ្វើកំណត់ហេតុ ។ ចំណែកវត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕