មេឈ្មួញឈើជើងខ្លាំង ឈ្មោះចែស្រី ល្បីថាគ្មានសមត្ថកិច្ចណាហ៊ានប៉ះសោះ
ក្រចេះ ៖ នៅរំលងអធ្រាត្រចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មានរថយន្តដឹកឈើជាច្រើនគ្រឿងរបស់មេឈ្មួញឈើជើងខ្លាំងឈ្មោះ ចែស្រី បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីផ្លូវរលួស ឃុំអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះ ទៅខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ដោយរលូនមិនមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។
ប្រភពព័ត៌មានពីខេត្តក្រចេះ បានឲ្យដឹងថា ឈ្មួញឈ្មោះ ចែស្រី កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តក្រចេះ ដោយរលូនហាក់បីដូចជាមានការស៊ុំគ្រលំគ្នា ជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចមួយចំនួន នៅតាមដងផ្លូវ។
ឈ្មួញឈ្មោះ ចែស្រី ធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីផ្លូវរលួស ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ហើយអួតខ្លួនថា គ្មានមន្ត្រីណាហ៊ានឃាត់រថយន្តរបស់គាត់ឡើយ សូម្បីតែខាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែចុះបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តមួយនេះ យ៉ាងណាក៏ដោយ។
បើសិនជាសមត្ថកិច្ចហ៊ានឃាត់រថយន្តរបស់គាត់ឈប់ ពេលនោះនឹងមានសមត្ថកិច្ចមួយចំនួន ចេញមុខអន្តរាគមន៍សម្របសម្រួលដោះស្រាយជាលុយកាក់ ជាថ្នូនឹងការដោះលែងរថយន្តដឹកឈើរបស់ចែស្រីជាក់ជាមិនខានឡើយ។
ហេតុនេះហើយបានជាឈ្មួញឈ្មោះ ចែស្រី នៅតែហ៊ានធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៧ ចូលទៅផ្លូវជាតិលេខ៧៣ ហើយចេញទៅខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង យ៉ាងរលូននៅពេលយប់៕