ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ថ្លែង​នៅ UN តាមរយៈ​ប្រព័ន្ធ វីដេអូ ៖ បញ្ហា​ប្រឈម​ធំៗ គឺ​ស្ថិតនៅ​ចំ​ពីមុខ​យើងទាំងអស់គ្នា ហើយ​មាន​ប្រទេស​ខ្លះ​បាន​និង កំពុង​គេចវេះ​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​

59

​ភ្នំពេញ​៖ សេចក្តីថ្លែងការណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​កិច្ចពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី ៧៥​ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា មហាសន្និបាត​នៅ​ឆ្នាំនេះ គឺជា​ព្រឹត្តិការណ៍​ដ៏​ពិ​សេសមួយ ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិ​របស់​អង្គការសហប្រជាជាតិ​; ដោយសារ​មហាសន្និបាត​នេះ មិន​គ្រាន់តែ​ត្រូវបាន​រៀបចំ​ឡើងជា​លើកដំបូង តាមរយៈ​ប្រព័ន្ធ វីដេអូ​ប៉ុណ្ណោះ​ទេ​, ប៉ុន្តែ ប្រព្រឹត្តទៅ​ក្នុងអំឡុងពេល​ដែល​ពិភពលោក​បាន និង កំពុង​គ្របដណ្តប់​ដោយ​វិបត្តិ និង​ភាពមិនប្រាកដប្រជា​ច្រើន ។​

​ជាការ​ពិត​, ពិភពលោក​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ខ្ពស់​មិន​ធ្លាប់​ជួបប្រទះ ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុង​ក្រោយនេះ​, បង្កឡើង​ដោយ​ឥទ្ធិពល​រួមបញ្ចូល​គ្នា​នៃ​បញ្ហា​ជាច្រើន រួមមាន លទ្ធភាព​ឈានទៅរក សង្គ្រាមត្រជាក់​បែប​ថ្មី ដែល​អាច​នាំឱ្យ​មានការ​ផ្លាស់ប្តូរ​យ៉ាង​ស៊ីជម្រៅ​ក្នុង​ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ​ជាស​កល​; ការបន្ត​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩; ការប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន​; បញ្ហា​ភេរវកម្ម​មិនមែន​រដ្ឋ​; និង ភាពអត់ឃ្លាន​, ទុក្ខវេទនា និង ការកេងប្រវ័ញ្ច ដែល​ធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​រងគ្រោះ ។​ល​។​

​ជាងនេះទៅទៀត​, អ្វីដែល​ពិភពលោក​កំពុង​ប្រឈម គឺ​ការផ្លាស់ប្តូរ​មិនអាច​បក​ក្រោយ ទៅរក ប្រព័ន្ធ​ពហុ​ប៉ូល ដែល​ត្រូវបាន​លេចឡើង តាមរយៈ​ការប្រកួតប្រជែង​ឈានទៅរក​អា​រិ​ភាព​ដ៏​តានតឹង រវាង​មហាអំណាច​ធំៗ អម​ជាមួយនឹង​ការ​ងើបឡើង​នៃ​មហាអំណាច​ថ្នាក់កណ្តាល​នានា ដែល​បោះជំហាន​យ៉ាង​លឿន​ឆ្ពោះទៅ​ជួរមុខ​នៃ​នយោបាយ​តំបន់ ។​
​ទោះជា​យ៉ាងណាក៏ដោយ​, ឆ្នាំនេះ គឺជា​ឆ្នាំ​ដែល​យើង​កំពុង​ប្រារព្ធ​ខួប​លើក​ទី ៧៥ នៃ​ការបញ្ចប់​សង្គ្រាមលោក លើក​ទី ២, ដែលជា​ព្រឹត្តិការណ៍​គ្រប់គ្នា​បំភ្លេច​មិនបាន ។ ក្នុងន័យនេះ​, យើង​ត្រូវតែ​សម្តែង​ការដឹងគុណ​ដល់​បិតា​ស្ថាបនិក​នៃ​អង្គការសហប្រជាជាតិ ដែល​បានរៀបចំ​បង្កើត​មូលដ្ឋានគ្រឹះ​សម្រាប់​ប្រព័ន្ធ​ទំនាក់ទំនង​អន្តរជាតិ​សម័យ​ទំនើប និង ការចូលរួម​ជា​លក្ខណៈ​ពហុភាគី ប្រកបដោយ​ឧ​ត្ត​ម​គតិ ក្នុងការ “​ជួយសង្គ្រោះ​មនុស្ស​ជំនាន់​ក្រោយៗ ឱ្យ​រួច​ផុតពី​គ្រោះ​កំណាច​នៃ​សង្គ្រាម ដែល​នាំមក​នូវ​ទុក្ខវេទនា​ដល់​មនុស្សជាតិ​”​។​

​នៅក្នុង​បរិការណ៍​នេះ​, ខ្ញុំ​សូម​អនុញ្ញាត​លើកឡើង​នូវ​គំនិត​ផ្ទាល់ខ្លួន លើ​ប្រធានបទ​មួយចំនួន សម្រាប់​ការពិភាក្សា​នៃ​អង្គសន្និបាត​របស់​យើង ដូចខាងក្រោម ៖
១-​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ថ្មីៗ និង ផលប៉ះពាល់​ចំពោះ​ពិភពលោក​

​ស្ថិរភាព និង វិបុលភាព​រយៈពេល​វែង​បំផុត ក្នុងសម័យ​ទំនើប​នេះ​, ដែល​កើតចេញពី​សណ្តាប់ធ្នាប់​អន្តរ​-​ជាតិ បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៤៥ នោះ​, កំពុង​ទទួលរង​ភាព​រង្គោះរង្គើ​យ៉ាងខ្លាំង ព្រោះ​គុណ​តម្លៃ​ជា​មូលដ្ឋាន​ដែលជា​គ្រឹះ​នៃ​សណ្ដាប់ធ្នាប់​នេះ ក៏ដូចជា គោលការណ៍​ស្នូល​នៃ​ច្បាប់​អន្តរជាតិ ត្រូវបាន​គេ​រំលោភបំពាន និង​លែង​គោរព ។ ជាងនេះទៅទៀត​, និន្នាការ​ឯកតោភាគី​និយម និង ការប្រើ​កម្លាំងបាយ​គាបសង្កត់​ប្រទេស​ទន់ខ្សោយ កំពុងតែ​កើនឡើង ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​អន្តរជាតិ និង វិធាន​ពហុភាគី​និយម ។​

​ជាការ​ពិត​, សព្វថ្ងៃនេះ យើង​កត់សម្គាល់ឃើញ​យ៉ាង​ប្រចក្ស នូវ​ការចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ​អាវុធ​អន្តរជាតិ និង ការកើនឡើង​យ៉ាង​ស្រួចស្រាល​នៃ​ហានិភ័យ​នុយក្លេអ៊ែរ ។ យើង​ក៏​សង្កេតឃើញ​មានការ​-​ផ្លាស់ប្តូរ​ដ៏​គួរឱ្យ​ភ័យព្រួយ​នៃ​គោលនយោបាយ និង លទ្ធិ​យោធានិយម ឆ្ពោះទៅរក​ទស្សនៈ​មួយ​ដែលថា​ការ​-​បង្កើត​សង្គ្រាម ដើម្បី​រក្សា​ឧត្តមភាព​របស់ខ្លួន​ជា​ទង្វើ​មួយ​ដែល​អាច​ទទួលយកបាន ។ តួយ៉ាង​, កិច្ចព្រមព្រៀង​ជាស​កល ត្រូវបាន​គេ​បដិសេធ​ជា​ឯកតោភាគី ហើយ​ស្ថាប័ន​អន្តរជាតិ ក៏ត្រូវ​បាន​គេ​វាយប្រហារ​យ៉ាង​កំរោល​, ខណៈដែល​សំឡេង​ប្រកបដោយ​ហេតុផល ត្រូវបាន​គេ​រារាំង​ដោយ​ការប្រព្រឹត្ត​តាម​ទំនើងចិត្ត តាមរយៈ​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី និង វិធានការ​ចាប់បង្ខំ​ផ្នែក​នយោបាយ​, សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្សេងទៀត ព្រោះតែ​ប្រទេស​មានអំណាច​បំផុត តម្កល់​ផលប្រយោជន៍​ខ្លួន​ខ្ពស់ជាង​អ្វីៗ​ទាំងអស់ ។​

​លើសពីនេះ​ទៀត​, ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ត្រូវបាន​គេ​ប្រើប្រាស់​ដោយ​ឥត​ញញើត និង ធ្វើឡើង​ក្នុង​កម្រិត​មួយ​ដែល​បំផ្លិចបំផ្លាញ​គោលការណ៍​មូលដ្ឋាន​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ជាអាទិ៍ សិទ្ធិ​ស្វ័យ​-​សម្រេច និង អធិបតេយ្យ​ជាតិ ។ ក្នុង​បរិបទ​នេះ​, ការបំផ្លាញ​សណ្តាប់ធ្នាប់​អន្តរជាតិ គឺជា​មូលហេតុ​នៃ​ក្ដីបារម្ភ​ដ៏​ធំធេង​របស់​យើង ។ ទន្ទឹមនេះ​, លទ្ធភាព​នៃ​ការកើតឡើង​នូវ “​សង្គ្រាមត្រជាក់​បែប​ថ្មី​” ក៏បាន​ក្លាយជា​កង្វល់​ដ៏​ចម្បង​មួយទៀត ព្រោះថា ប្រទេស​កម្ពុជា​ដ៏​តូច​មួយ​នេះ ធ្លាប់បាន​បង់ថ្លៃ​យ៉ាងដំណំ ដោយសារ​ជម្លោះ​សង្គ្រាមត្រជាក់​, ការខ្វែងគំនិត​គ្នា​ផ្នែក​មនោគមវិជ្ជា និង ការប្រកាន់​ឥរិយាបថ​ជាតិនិយម​ជ្រុល ។ ហេតុនេះ​, យើង​ត្រូវតែ​ច្រានចោល​យ៉ាង​ដាច់អហង្ការ រាល់​ការប៉ុនប៉ង​ណាមួយ​ដែល​នាំទៅរក​ការ​សាដាន​នៃ​ប្រវត្តិសាស្ត្រ ។​
២-​ជំងឺ​រាតត្បាត​កូ​វីដ​-១៩, ការស្ដា​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ

​ក្នុង​ប្រវត្តិសាស្ត្រ​, យើង​ពុំ​ធ្លាប់​ជួប​វិបត្តិ​សុខាភិបាល​ណា​ដែល​បង្ក​ផលប៉ះពាល់ និង ផ្ដល់​ផលវិបាក ក្នុង​កម្រិត​ធ្ងន់ធ្ងរ​បែបនេះ​ទេ ។ ទោះបីជា​យើង​ពុំទាន់​អាច​វាយតម្លៃ​បាន​ពេញលេញ​នៅឡើយ អំពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅលើ​សេដ្ឋកិច្ចពិភពលោក​, យើង​អាច​ប្រមើល​ឃើញ​បាន​អំពី​យថាភាព​ដ៏​អាក្រក់​នៃ​ការ​ក្ស័យ​-​ធន​ផ្នែក​ធុរកិច្ច និង ការបាត់បង់​ការងារ​ដែល​បាន​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​មនុស្ស​រាប់លាន​នាក់ ។​
​ទោះជា​យ៉ាងនេះ​ក្ដី​, ជំងឺ​កូ​វីដ​-១៩ បាន​ក្រើនរំលឹក​យើង​អំពី​សាមគ្គីភាព​មិនអាច​ខ្វះ​បាន ក្នុងការ​-​បង្រួបបង្រួម​ប្រជាជាតិ​ទាំងអស់​លើ​ពិភពលោក ។ ដើម្បី​ស្ដារ​ការអភិវឌ្ឍ​សេដ្ឋកិច្ចពិភពលោក​ឡើង​វិញ​ឱ្យបាន​ឆាប់រហ័ស​, យើង​ត្រូវតែ​សហការគ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ ដោយ​ត្រូវ​រួមគ្នា​ដោះស្រាយ​វិបត្តិ​នេះ តាមរយៈ​យន្តការ​ស្ថាប័ន​អន្តរជាតិ​នានា ដោយ​ឈរលើ​គោលការណ៍​តម្លាភាព និង ប្រសិទ្ធភាព ។ ពេលនេះ គឺ​សំខាន់​ជាង​ពេលណាៗ​ទាំងអស់ ដែល​យើង​ត្រូវ​ច្រានចោល​នូវ​ឥរិយាបថ​គិតតែ​ពី​ខ្លួនឯង ឬ “​អាត្មាអញ​ជា​ចម្បង​” ដោយ​ផ្ទុយ​ទាំងស្រុង​ទៅនឹង​គុណ​តម្លៃ​ជា​សកល​របស់​មនុស្សជាតិ ។ កម្ពុជា​បានបង្ហាញ​ពី​កាយវិការ​មនុស្សធម៌​នៅ​ដើម​ឆ្នាំនេះ ដោយបាន​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍ MS Westerdam ដែល​អណ្ដែត​តែលតោល​នៅលើ​ផ្ទៃសមុទ្រ​គ្មាន​ប្រទេស​ណាមួយ​ទទួល ចូល​សំចត​នៅ​កំពង់ផែ​របស់​យើង​, ដែល​ការណ៍​នេះ​បាន​អនុញ្ញាតឱ្យ​អ្នកដំណើរ និង នាវិក អាច​វិលត្រឡប់​ទៅ​ប្រទេស​របស់​ពួកគេ​វិញ​បាន​ដោយ​សុវត្ថិភាព ។​

៣-​បញ្ហា និង​ការ​ប្រឈម​ជាស​កល

​ឥឡូវនេះ​, ខ្ញុំ​សុំ​លើក​អំពី​បញ្ហា និង ការ​ប្រឈម​សកល​ចម្បងៗ ដោយ​ចាប់ផ្ដើម​ពី​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​ទៅលើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។​
​ពិនិត្យ​លើ​ស្ថានភាព​សេដ្ឋកិច្ច​សកលលោក ដែល​កំពុងតែ​ទទួលរង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វីដ​-១៩, ខ្ញុំ​មានការ​ព្រួយបារម្ភ​ជាពិសេស​អំពី​ផលប៉ះពាល់​ចំពោះ​ធនធាន​សម្រាប់​យកទៅអនុវត្ត​លើ​ការ​-​ងារ​ជា​អាទិភាព ដើម្បី​សម្រេចបាន​នូវ​របៀបវារៈ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ តាម​ពេលវេលា​កំណត់ ដែល​ប្រការនេះ អាច​ទាមទារ​ឲ្យ​យើង​ធ្វើការ​វាយតម្លៃ​ឡើងវិញ​អំពី​លទ្ធភាព​នៃ​ការសម្រេចបាន​នូវ​បណ្តា គោលដៅ​ដែល​ត្រូវបាន​ដាក់ចេញ​កន្លងមក ។​
​ការប្រែប្រួល​អាកាសធាតុ គឺជា​បញ្ហា​ដ៏​គួរឱ្យ​បារម្ភ​ខ្លាំងក្លា​មួយទៀត ។ ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក​ជា សកល​ប្រចាំឆ្នាំ បាន​កើនឡើង ១,៥% ក្នុងអំឡុងពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ ។ បរិស្ថាន​របស់​ភពផែនដី ប្រមាណ ៧៥% ទទួលរង​ការ​រេច​រិល គួរឱ្យកត់សម្គាល់​ដោយសារ​ប្លា​ស្ទិ​ក​, ថ្នាំ​សម្លាប់​សត្វល្អិត​, សារធាតុ​នី​-​ត្រាត និង លោហៈធាតុ​ធ្ងន់ ។ ជាមួយនឹង​ស្ថិតិ​ដ៏​គួរឱ្យ​ព្រួយបារម្ភ​នេះ​, ក៏​គួរកត់សម្គាល់​ផងដែរ​ថា ប្រទេស​មិន​ច្រើន​នោះទេ ដែល​បាន​បំពេញ​ការប្តេជ្ញាចិត្ត​ស្របតាម កិច្ចព្រមព្រៀង COP21 ។​

​កម្ពុជា គឺជា​ប្រទេស​តូច​មួយ ដែល​ធនធាន​មាន​កម្រិត​, ប៉ុន្តែ យើង​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​, ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង អន្តរជាតិ​, ជា​តួយ៉ាង កម្ពុជា​បាន​បំពេញ​កាតព្វកិច្ច​ដូច​មានចែង​ក្នុង COP21 ពោលគឺ ចំណាត់​ការដែល​យើង​បាន​ប្រកាន់យក​ចំពោះ​ការប្រែប្រួល​អាកាសធាតុ គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ថ្នាក់ជាតិ​របស់​យើង ។ ជាក់​-​ស្ដែង​, យើង​នឹងធ្វើ​បច្ចុប្បន្នភាព​នៃ​ការចូលរួមចំណែក​រប​ស់​កម្ពុជា ក្នុងការ​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ឱ្យបាន​មុនពេល​សម័យប្រជុំ COP26 ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​គ្លាស​ហ្គោ (Glasgow) ។​

៤-​បញ្ហា​ភេរវកម្ម​មិនមែន​រដ្ឋ និង ប្រតិបត្តិ​ការរក្សា​សន្តិភាព​

​ឥឡូវនេះ​, ខ្ញុំ​សូម​ឆ្លង​ចូលទៅ​បញ្ហាសំខាន់​ពីរ​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​សន្តិភាព និង សន្តិសុខ នោះ​គឺ បញ្ហា​ភេរវកម្ម​មិនមែន​រដ្ឋ និង ប្រតិបត្តិ​ការរក្សា​សន្តិភាព ។​
​ខ្ញុំ​យល់ឃើញថា ការមិន​អើពើ​ចំពោះ​ការគំរាមកំហែង​ពី​ភេរវកម្ម​មិនមែន​រដ្ឋ ដោយ​គ្រាន់តែ​សង្ឃឹមថា​វា​នឹង​រលត់ទៅវិញ​ដោយ​ឯកឯង គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ ។ ជាមួយនេះ​, យើង​ក៏ត្រូវ​ទទួលស្គាល់​ដែរ​ថា ឫសគល់​នៃ​ជម្លោះសាសនា​ជ្រុលនិយម​នេះ មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ​ទេ​។ ជាការ​ពិត​, ភាព​ជ្រុល​-​និយម​គ្រប់​ទម្រង់ មាន​ប្រភព​ចេញ​មកពី​អយុត្តិធម៌​សង្គម ដែល​កើតឡើង​ដោយសារ​ការរើសអើង​យេនឌ័រ​, ភាសា​, ពណ៌​សម្បុរ​, ជំនឿ ឬ ដើមកំណើត​ជាតិ​សាសន៍ ។ ជាមួយគ្នានេះ​, បញ្ហា​ក្តៅគគុក​ផ្សេងទៀត នៅតែ​បន្ត​គំរាមកំហែង​ដល់​សន្តិភាព និង សន្តិសុខ នៅតាម​តំបន់​ជាច្រើន​ជុំវិញ​ពិភពលោក ។​
​ក្នុង​បរិការណ៍​នេះ​, កម្ពុ​ជាមាន​មោទនភាព​ចំពោះ​ការរួមចំណែក​រក្សា​សន្តិភាព​ពិភពលោក ក្នុងអំឡុងពេល​ជាច្រើន​ឆ្នាំ​មកនេះ ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ។ បច្ចុប្បន្ន​, កម្ពុ​ជាមាន​កងកម្លាំង​មួក​ខៀវ​ជិត ៨០០ នាក់ ដែល​ក្នុងនោះ​មាន ១០% គឺជា​ស្ត្រី កំពុង​បំពេញបេសកកម្ម​នៅ​ស៊ូដង់​, ស៊ូដង់​ខាងត្បូង​, លី​បង់​, ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ។​
​ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី ៧៥ នៃ​ការបង្កើត​អង្គការសហប្រជាជាតិ យើង​ត្រូវ​ផ្តល់​កិត្តិយស​ដល់ ជន​ក្លាហាន​ទាំងអស់​ដែល​បាន​លះបង់​ជីវិត រួមទាំង​កងកម្លាំងរ​ក្សា​សន្តិភាព​កម្ពុជា​ដែល​បាន​បូជាជីវិត ដើម្បី​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម​នៃ​ការចូលរួមចំណែក​កសាង​ពិភពលោក​មួយ កាន់តែ​ល្អប្រសើរ និង ប្រកបដោយ​សុខ​-​សន្តិភាព ។ កម្ពុជា​បន្ត​ប្តេជ្ញាចិត្ត​ជានិច្ច​ក្នុង​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ថែរក្សា​សន្តិភាព ក្នុង​គោលដៅ​លើក​-​កម្ពស់​សន្តិភាព និង ការអភិវឌ្ឍ​សម្រាប់​គ្រប់ៗ​គ្នា ។ ជាមួយគ្នានេះ​, កម្ពុជា​ស្នើឱ្យ​អង្គការសហប្រជាជាតិ​ផ្តល់​ធនធាន​សមស្រប និង ការបណ្តុះបណ្តាល​ជាប្រចាំ នៅមុន និង ក្រោយ ការដាក់​ពង្រាយ​កងក​ម្លាំ​ង និង ការ​-​គាំទ្រ​ជាប់លាប់ ចំពោះ​ប្រតិ​ប​តិ្ត​ការរក្សា​សន្តិភាព ដើម្បី​បំពេញ​អាណត្តិ​អង្គការសហប្រជាជាតិ​ឱ្យបាន​ពេញលេញ ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព ។​

៥-​ការបដិសេធ​ចំពោះ​ភាពអយុត្តិធម៌​

​ក្នុងនាម​ជា​ប្រទេស​តូច​មួយ​ដែល​ស្រលាញ់​សន្តិភាព និង ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​,​កម្ពុជា​អាច​ដើរតួនាទី​ចូលរួមចំណែក​របស់ខ្លួន​នៅក្នុង​សហគមន៍​អន្តរជាតិ​បាន លុះត្រាតែ​មានការ​ធានាថា វិធាន​ច្បាប់​នានា​ដែល​គ្រប់គ្រង​ប្រព័ន្ធ​អន្តរជាតិ ត្រូវបាន​អនុវត្ត​ប្រកបដោយ​សមភាព ។ គួរឱ្យ​សោកស្ដាយ​,​ដែលជា​រឿយៗ អាស្រ័យ​ទៅនឹង​មហិច្ឆតា​នយោបាយ និង របៀបវារៈ​ឱកាសនិយម​លាក់ពុត​របស់​ប្រទេស​មួយចំនួន​, កម្ពុជា​ត្រូវ​ប្រឈមមុខ​នឹង​ស្តង់ដារ​ទ្វេ​ដែល​ប្រកបដោយ​ល្បិចកល និង ការសម្រេចចិត្ត​ដែលមាន​ភាព​-​លម្អៀង និង មាន​ចេតនា​នយោបាយ ពោលគឺ ភាពអយុត្តិធម៌ ។​
​រឿង​អយុត្តិធម៌​នេះ រំលឹក​ខ្ញុំ​អំពី “​ស្លាកស្នាម​” ប្រវត្តិសាស្ត្រ ។ ប្រមាណ​ជាង ៤០ ឆ្នាំមុន​, កម្ពុជា​ត្រូវបាន​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដែល​ប្រជាជន​កម្ពុ​ជាជាង ២ លាន​នាក់ បាន​បាត់​បង់ជីវិត​នៅក្នុង​ដៃ​របប​ដ៏​ព្រៃផ្សៃ​នេះ ។ អ្នក​រស់រានមានជីវិត​ទាំង​បាក់ស្បាត និង សល់​តែ​បាតដៃ​ទទេ គឺជា​អ្នក​ដែល​ស្ដារ​ប្រទេសជាតិ​ពី​គំនរ​ផេះផង់ ។ អ្វីដែល​គួរឱ្យ​ហួសចិត្ត គឺ​អ្នក​ដែល​រស់រានមានជីវិត​ទាំងអស់នោះ បែរជា​ទទួលរង​ទណ្ឌកម្ម​ពី​សមាជិក​ភាគច្រើន​នៃ​អង្គការសហប្រជាជាតិ ដែល​ថែមទាំង​បានអនុញ្ញាត​ឱ្យ​មេ​ពិឃាត​ខ្មែរក្រហម កាន់កាប់​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ទៅវិញ ។ រដ្ឋាភិបាល​ដដែល​ទាំងនោះ​, ដែល​បាន​ផ្សព្វផ្សាយ​ឥតឈប់ឈរ​អំពី​លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស​, គឺជា​អ្នក​ដែល​បាន​រារាំង​ប្រជាជន​យើង​ពី​ការទទួលបាន​ចំណីអាហារ​, សុខុមាលភាព​, ការអប់រំ​, ផ្ទះសម្បែង​, ការអភិវឌ្ឍ និង​ជាពិសេស សុខ​-​សន្តិភាព​, អស់​រយៈពេល​ជាង ១២ ឆ្នាំ ។​

​ការណ៍​ដែល​សហភាព​អឺរ៉ុប​ដកហូត EBA មួយផ្នែក​ពី​កម្ពុជា នៅពេលដែល​ប្រទេស​នេះ​កំពុង​ប្រឹង​-​ប្រែង​តស៊ូ​ជម្នះ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ គឺជា​រឿង​ច្រំ​ដែល​នៃ​ប្រវត្តិសាស្ត្រ ។ ទោះបីជា​យ៉ាងណា​, កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញទំហឹង​, ដូចដែល​ខ្លួន​ធ្លាប់​បានធ្វើ​អស់​រយៈពេល ៤០ ឆ្នាំ​កន្លងមកនេះ​, ក្នុងការ​ការពារ​នូវ​អ្វីដែល​ខ្លួន​ជឿជាក់ថា​ជា​មាគ៌ា​ដ៏​ត្រឹមត្រូវ នោះ​គឺ​ការការពារ​អធិបតេយ្យភាព និង ថែរក្សា​សន្តិភាព ដែល​កសាងបាន​យ៉ាង​លំបាកលំបិន និង ទទួលបាន​នូវ​ការ​សាទរ​ពេញទំហឹង​ដោយ​ប្រជាជាតិ​កម្ពុជា​ទាំងមូល ដែល​បាន​ឆ្លងកាត់​សោកនាដកម្ម​ដ៏​ខ្លោចផ្សា​បំផុត និង កំពុងតែ​ងើបឈរ​ឡើងជា​ប្រជាជាតិ​មួយ ស្មើមុខ​មាត់​, ស្មើភាព និង ស្មើ​សិទ្ធ ជាមួយ​បណ្តា​ប្រជាជាតិ​ដទៃ​នៅក្នុង​តំបន់ និង សកលលោក ។

​ជាទី​បញ្ចប់​, ខ្ញុំ​សូម​និយាយ​ចំៗ​ថា ពិភពលោក​យើង​កំពុង​ជួប​បញ្ហា​, ប្រជាជន​កំពុង​រងទុក្ខវេទនា ហើយ​ភពផែនដី​កំពុងតែ​រងគ្រោះ ។ បញ្ហា​ប្រឈម​ធំៗ គឺ​ស្ថិតនៅ​ចំ​ពីមុខ​យើងទាំងអស់គ្នា ហើយ​មាន​ប្រទេស​ខ្លះ​បាន​និង កំពុង​គេចវេះ​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ។ សរុបសេចក្ដី​មក​, វា​អាស្រ័យទៅលើ​ប្រទេស​ដែលមាន​អំណាច​ខ្លាំងក្លា​ជាងគេ​បំផុត ក្នុងការ​បញ្ឈប់​ការគំរាមកំហែង​ដល់​សន្តិភាព​ពិភពលោក និង ភាព​រស់រាន​របស់​ភពផែនដី ហើយ​ជាមួយគ្នានេះ វា​ក៏​អាស្រ័យទៅលើ​មហាអំណាច​ទាំងឡាយ​, ទាំង​ថ្នាក់​កំពូល ទាំង​ថ្នាក់កណ្ដាល​, ក្នុងការ​ធ្វើការ​រួមគ្នា​ដើម្បី​ធានាបាន​នូវ​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី​មួយ ដែល​ឈរលើ​ការគោរព​អធិប​-​តេ​យ្យ​គ្នា​ទៅវិញទៅមក និង សន្តិ​សហ​វិជ្ជមាន ៕

វីដេអូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងការណ៍ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ នៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ (កាលបរិច្ឆេទនៅទីក្រុងយូវយ៉ក)។

អត្ថបទដែលជាប់ទាក់ទង