ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រីលីធុជ ជួបពិភាក្សាការងារជាមួយ ឯកឧត្ដម​ Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យសកម្មភាពមីននៅកម្ពុជា

61

ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅ​ស្ថានទូតចិនរាជធានីភ្នំពេញ ឯកឧត្តមទេសរដ្ឋមន្ត្រីលីធុជ បានដឹកនាំប្រតិភូអាជ្ញាធរមីន ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម​ Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើការងារបោសសម្អាតមីននៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្ត្រីលីធុជ បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែចូលរួមដល់ការងារអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមានការគាំទ្រដល់ការងារសកម្មភាព​មីនមនុស្សធម៌នៅកម្ពុជា ទាំងថវិកា បច្ចេកទេស និងសម្ភារៈ ដែលក្នុងខែកញ្ញា ឆ្នាំ២០២០ នេះ រដ្ឋាភិបាលចិន បានផ្តល់រថយន្ត តង់ ឧបករណ៍រាវមីន ប្រអប់សម្ភារៈ សម្លៀកបំពាក់ការពារ ឧបករណ៍កម្ទេចគ្រាប់ ដ្រូន ឯកសណ្ឋាន ស្បែកជើង ខ្សែក្រវ៉ាត់ និងមួក ផងដែរ។

ពាក់នឹងវិស័យមីននៅកម្ពុជា ខ្ញុំ​បានជម្រាប​ប្រាប់​ឯកអគ្គរដ្ឋទូត​ចិន​ថា រាជរដ្ឋាភិបាលកម្ពុជា បាន​ដាក់ចេញនូវចក្ខុវិស័យ និងគោលដៅយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការគម្រាមកំហែងដោយមីន ដែលយើងបានស្គាល់អោយអស់ត្រឹមឆ្នាំ២០២៥ និងការកាត់បន្ថយអត្រាគ្រោះដោយសារមីនអោយបានជាអតិបរមា។​

ខ្ញុំ​ក៏បានស្នើសុំអោយប្រទេសចិន បន្តជួយគាំទ្រអោយបានខ្លាំងក្លាថែមទៀត ដើម្បីបញ្ចប់ការ​គម្រាមកំហែងដោយសារមីននៅឆ្នាំ២០២៥ និងដោះស្រាយបញ្ហាសេសសល់នៃសំណល់ជាតិផ្ទុះពីសង្គ្រាមក្រោយឆ្នាំ២០២៥។

ការផ្តល់ជំនួយបម្រើដល់កាងារបោសសម្អាតមីនមនុស្សធម៌របស់មិត្តចិន នាពេលនេះ និងកន្លងមក គឺជាការ​ចូលរួមចំណែកឆ្លើយតប និងស្របតាមការលះបង់ និងគោលដៅដ៏យូរអង្វែងរបស់សម្តេចតេជោ សម្រាប់ប្រទេសជាតិ និងប្រជាជន រួមមាន សន្តិភាព សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

ឆ្លៀតក្នុងឱកាសនោះ ខ្ញុំ​បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រទេសចិន ដែល​បានចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងការរីករាល​ដាលជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា តាំងពីដើមមក។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតចិន បានមាន​ប្រសាសន៍ថា រដ្ឋាភិបាល និងប្រជាជនចិន នឹងបន្តចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះបន្តគាំទ្រចំពោះផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា គ្មានមីនឆ្នាំ២០២៥ ហើយឯកអគ្គរដ្ឋទូត បានចាត់ទុកការងារបោសសម្អាត គឺជាការចូលរួមផ្តល់នូវសុភមង្គល ដល់ប្រជាពលរដ្ឋកម្ពុជា ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង