ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ មកដល់ពេលនេះ មានសមត្ថភាពប្រមូលសំរាមបាន២០០០តោនក្នុងមួយថ្ងៃ ខណៈនៅរាជធានីមានសម្រាមប្រមាណជាង២៨០០តោន ក្នុងមួយថ្ងៃ

95

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះទាំង១៤ខណ្ឌនិងសង្កាត់ទាំង១០៥បាននិងកំពុងដៃដុតជើងទាំងយប់ ទាំងថ្ងៃដើម្បីធ្វើសកម្មភាពប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ដែលមកដល់ពេលនេះក្នុងមួយថ្ងៃយើងប្រមូលសំរាមបាន ប្រមាណ២០០០តោន ខណៈដែល

នៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃមានសម្រាមចំនួន២៨៦៥តោន។មានន័យថា រដ្ឋបាលរាជធានីភ្នំពេញអាចគ្រប់គ្រងការប្រមូលសំរាមបានមួយកម្រិតធំហើយ លោកជឿជាក់ថា មិនយូទេ ការប្រមូលសំរាមនឹងលែងជាបញ្ហា បើទោះបីកម្មករស៊ិនទ្រី ធ្វើកូដកម្មមិនប្រមូលសំរាមក៏ដោយ។

   ការបញ្ជាក់របស់លោកឃួង ស្រេងបែបនេះធ្វើឡើងនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី ០៩ខែតុលានេះខណៈដែលលោកទទួលគ្រឿងចក្រសម្រាប់ចូក រុញដីមួយគ្រឿងពីក្រុមហ៊ុនKNN ដើម្បីយកមកធ្វើសកម្មភាពកើបរុញនិងប្រមូលសំរាម នៅក្នុងរាជធានី

  លោក ឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា សម្រាប់គ្រឿងចក្រមួយគ្រឿងនេះវានឹងជួយរំលែកការងារដល់អាជ្ញាធររាជធានីភ្នំពេញមួយកម្រិតធំ ។លោកក៏បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ដែលបានប្រគល់នូវគ្រឿងចក្រមួយគ្រឿង

នេះមកដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួលលើការងារប្រមូលសំរាម ខណៈដែរ រដ្ឋបាលរាជធានីភ្នំពេញមានការខ្វះខាតនូវគ្រឿងចក្រនៃការប្រមូលសំរាមនេះ។

   លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា កិច្ចការងារប្រមូលសំរាមយើងបានគិតគូរតាំងពីឆ្នាំ២០១៩មក ដោយយើងបានចែកម៉ូតូកង់បីសំរាប់ដឹកសំរាមនៅតាមបណ្ដាខណ្ឌទាំង១៤និងសង្កាត់ទាំង ១០៥ ជាមួយនឹងការទិញគ្រឿងចក្រចំនួន៧០គ្រឿង ដើម្បីដឹកជញ្ជូនសំរាមទៅចាក់ទីលានផងដែរ

  លោកក៏បានបញ្ជាក់ផងដែរថា មកដល់ពេលនេះ ទាំងអគ្គស្នងការនគរបាលជាតិ ទាំងអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានសន្យា បញ្ជូនកងកម្លាំងប្រដាប់អាវុធទាំងពីរភេទនេះប្រមាណ២ពាន់នាក់ មកជួយលើការងារដឹកជញ្ជូននិងប្រមូលសំរាមនៅរាជធានីភ្នំពេញផងដែរ។ តែទោះបីជាយ៉ាងណាក្តីកម្លាំងទាំងនេះ យើងមិនទាន់យកមកប្រើប្រាស់នៅឡើយទេ

   ក្នុងឱកាសនោះដែរលោកឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាទុកដាក់ វេចខ្ចប់សំរាមឲ្យបានល្អ កុំយកទៅបោះចោលនៅតាមទីសាធារណៈ អាចយកទៅដាក់នៅដេប៉ូ ចាក់សំរាមដែលរៀបចំឡើងដោយអាជ្ញាធរខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ការធ្វើបែបនេះនិងជួយសម្រួលការងារច្រើនសម្រាប់ក្រុមការងារដឹកសំរាមជញ្ជូនសំរាមរបស់យើង៕

 

អត្ថបទដែលជាប់ទាក់ទង