ផ្ទៃដីស្រូវរដូវវស្សាជិត២០០០០ហិកតា បានរងផល ប៉ះពាល់ និងខូចខាតដោយគ្រោះទឹកជំនន់ទឹកភ្លៀង នៅខេត្ដកំពង់ធំ
កំពង់ធំ៖លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និង ទេសាទខេត្តកំពង់ធំ បានឱ្យដឹងនៅព្រឹក ថ្ងៃ៣រោចខែកត្តិក ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃអង្គារ ទី០៣ខែវិច្ឆិកា ឆ្នាំ២០២០ថា៖ ស្ថានភាពទឹក ជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំបានស្រកជាបណ្ដើរៗហើយ។ គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទៃដីស្រូវរដូវវស្សាសរុបចំនួន ១៨.៨៥០ហិកតា បានប៉ះ ពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀង ក្នុងនោះខូចខាតអស់ចំនួន ១០.៣៣៥ហិកតា ស្មើនឹង ១២.០៩៩ គ្រួសារ។ ផ្ទៃដីអាចស្ដារឡើវិញបានចំនួន៦.៩៧៨ហិកតា ស្មើនឹង៥.៨៧៧គ្រួសារ។
លោក ប៉ែន វណ្ណរិទ្ធ បានឱ្យដឹងថាស្រុកបារាយ ណ៍ ប៉ះពាល់ផ្ទៃដីចំនួន៥៧៣ហិកតា ក្នុងនោះខូចខាតចំនួន ៥៣៤ហិកតា។ ផ្ទៃដីអាចស្ដារចំនួន ៥៣៤ហិកតា។ ស្រុកកំពង់ស្វាយ ប៉ះពាល់ផ្ទៃដីចំនួន ៣.១៧៤ ហិកតា ខូចខាតអស់ចំនួន ២.២៥៦ហិកតា និងអាចស្ដារបានចំនួន ២.១០៤ហិកតា។ ក្រុងស្ទឹងសែន ប៉ះពាល់ផ្ទៃដីចំនួន ២.៨៤១ហិកតា ក្នុងនោះខូចខាអស់ចំនួន ១.៧១១ហិកតា ផ្ទៃដីអាចស្ដារបានចំនួន១.៧ ១១ហិកតា។ ស្រុកប្រាសាទបល្ល័ង្ក ប៉ះពាល់ផ្ទៃដីចំនួន ២.៨៦០ហិកតា ខូចខាតអស់ចំនួន៧៤១ហិក ពុំអាចស្ដារឡើងវិញបានទេដោយគ្មានប្រភពទឹក ស្រុកប្រាសាទសំបូរ ប៉ះពាល់ផ្ទៃដីចំនួន ១.៣៣៥ហិកតា ខូចខាតអស់ចំនួន១.០២៨ហិកតា ផ្ទៃដីអាចស្ដារបានចំនួន១.០២៨ហិកតា។ ស្រុកសណ្តាន់ ប៉ះពាល់ផ្ទៃដីចំនួន ១.៨០៥ហិកតា ខូចខាតចំនួន ៨៦៧ហិកតា និងអាចស្ដារឡើងវិញបានចំនួន ២៩៥ហិកតា។ ស្រុកសន្ទុក ប៉ះពាល់ផ្ទៃដីចំនួន១.៤៧៤ហិកតា។ ស្រុកស្ទោង ប៉ះពាល់ផ្ទៃដីចំនួន ៤.៤៣៣ហិកតា ក្នុងនោះខូចខាតចំនួន ២.៩២៨ហិកតា និងផ្ទៃដីចំនួន ១.០៣៦ ហិកតា អាចស្ដារឡើងវិញបាន។ ស្រុកតាំងគោគ ប៉ះពាល់ ផ្ទៃដីចំនួន ៣៦៥ហិកតា ខូចខាតចំនូន ២៧០ហិកតា អាចស្ដារឡើងវិញបាន។
លោកប្រធានមន្ទីរកសិកម្ម បានបន្តថា ក្នុងគ្រោះទឹកជំនន់នោះដែរមានដំណាំរួមផ្សំផ្សេងៗ និងបន្លែចំនួន ២៥៦ហិកតា បានប៉ះពាល់។ នៅខេត្តកំពង់ធំបានបញ្ចប់ការងារបង្កបង្កើនផលស្រូវរដូវវស្សាចុងខែតុលាឆ្នាំ២០២០ ដោយធ្វើបានចំនួន ២២៣.៧៨៥ហិកត ស្មើនឹង១០៤,៩២ភាគរយ នៃផែនការ ២១៣.៣០០ហិកតាទាបជាងឆ្នាំមុនចំនួន១១០៥ហិកតា និងបានដាំដំណាំផ្សេៗក្នុងរដូវវស្សាបានចំនួនជាង៤៩.៥០០ហិក តា៕ សំរិត