គិតត្រឹមម៉ោង៥ល្ងាចថ្ងៃនេះធ្វើតេស្តលើកទី២ រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣នាក់
ក្រសួងសុខាភិបាល បានប្រកាសថា ការធ្វើតេស្តលើកទីពីរនៃអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ គិតត្រឹមម៉ោង៥និង០០ល្ងាច រកឃើញអ្នកវិជ្ជមានចំនួន ៣នាក់ ក្នុងចំណោមនោះ គឺមាន ឯកឧត្តម សួស យ៉ារ៉ា ជាសមាជិករដ្ឋសភា លោក ស ចិត្រា ជាអគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ មានអាសយដ្ឋាននៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ , ឯកអគ្គរដ្ឋទូតហុងគ្រីសម្រាប់កម្ពុជា និងវៀតណាម ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា លទ្ធផលវិភាគវត្ថុសំណាកលើកទី២ ជូនដល់អ្នកប៉ះពាល់នៅក្នុងព្រឹត្តិការណ៍៣វិច្ឆិកា គិតត្រឹមម៉ោង៥និង០០ល្ងាចនៃថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០២០ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញពីការរកឃើញអ្នកវិជ្ជមានវីរុសកូដ-១៩ ចំនួន ៣នាក់ ដែលមានដូចតទៅ៖ ឯកឧត្តម សួស យ៉ារ៉ា ជនជាតិខ្មែរអាយុ ៤៧ឆ្នាំ ជាសមាជិករដ្ឋសភា មានអាសយដ្ឋាននៅខណ្ឌទួលគោក រាជធានីភ្នំពេញ, លោក ស ចិត្រា ជនជាតិខ្មែរអាយុ ៤៧ឆ្នាំ ជាអគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ មានអាសយដ្ឋាននៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ , បុរសជនជាតិហុងគ្រីអាយុ ៦៨ឆ្នាំ ជាឯកអគ្គរដ្ឋទូតហុងគ្រីសម្រាប់កម្ពុជា និងវៀតណាម ស្នាក់នៅ សណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមកត់សម្គាល់ថា៖ ករណីសរុបដែលរកឃើញអ្នកមានវីរុសកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍៣វិច្ឆិកា គិត ត្រឹមម៉ោង៥និង០០ល្ងាចនៃថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មានចំនួន ៣នាក់។ ក្រុមការងារក្រសួងសុខាភិបាល កំពុង បន្តការយកវត្ថុសំណាកអ្នកប៉ះពាល់លើកទី ២ និងកំពុងរងចាំលទ្ធផលដែលត្រូវផ្តល់មកក្រសួងជាបន្តបន្ទាប់ នៅពេលធ្វើការវិភាគរួច ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រសួង នឹងបន្តជូនដំណឹងជូនសាធារណជនបន្តទៀត នៅពេលទទួលបានលទ្ធផលជាបន្តបន្ទាប់ និងប្រសិនបើមានការវិវត្តន៍ថ្មីៗពាក់ព័ន្ធទៅនៃព្រឹត្តិការណ៍៣វិច្ឆិកានេះ។
យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល សូមឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេសសាលារាជធានីភ្នំពេញ ចាត់តាំងកម្លាំង ធ្វើការតាមដានការអនុវត្តការធ្វើចត្តាឡីស័ករបស់អ្នកប៉ះពាល់ទាំងអស់ ទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន ដោយរួមជាមួយមន្ទីរសុខាភិបាលរាជធានី -ខេត្ត ដែលពាក់ព័ន្ធ ដើម្បីចូលរួម ត្រួតពិនិត្យ និងតាមដានសុខភាពអ្នកធ្វើចត្តាឡីស័កទាំងអស់ ប្រកបដោយការទទួលខុសត្រូវ និងរួមគ្នាទប់ស្កាត់ ការចម្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។
ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភីធើ ស៊ីចាតូ (H.E. Mr. PÉTER Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ខណៈឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តម សួស យ៉ារ៉ា បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រី ភីធើ ស៊ីចាតូ និងគណៈប្រតិភូនៅកម្ពុជា ក្នុងខណៈដែលពិភពលោកកំពុងរាតត្បាតដោយជំងឺកូវីដ១៩នោះ។
ឯកឧត្តម បានលើកឡើងថា ទោះមានការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩យ៉ាងណាក្តី តែជំងឺនេះ មិនបានរំខានដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរកម្ពុជា-ហុងគ្រីនោះឡើយ។ ជាពិសេសទំនាក់ទំនងដ៏ស្អិតរមួតរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំប្រទេសហុងគ្រី។
ក្នុងជំនួបដ៏ស្និទ្ធស្នាលរវាង ឯកឧត្តម សួស យ៉ារ៉ា និងឯកឧត្តម ភីធើ ស៊ីចាតូ បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា លើចំណុចសំខាន់ៗ មានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិតិប្បញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា-ហុងគ្រី និងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍គ្នាលើវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ជាដើម។
ឯកឧត្តម ភីធើ ស៊ីចាតូ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួនទៀតផងដែរ។
សូមជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចនេះ មានឯកសារកិច្ចព្រមព្រៀង និងអនុស្សរណៈមួយចំនួន នៃប្រទេសទាំងពីរមួយចំនួន ត្រូវចុះហត្ថលេខា មានដូចជាក្នុងវិស័យធនធានទឹក កសិកម្ម សេវាដឹកជញ្ជួន ជាដើម៕