សាលារៀននៅស្រុកព្រៃនប់ចំនួន៤ឃុំ ត្រូវបានផ្អាកការសិក្សាជាបណ្តោះអាសន្នចំនួន២សប្តាហ៍
ខេត្តព្រះសីហនុ ៖មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ ឲ្យដឹងនៅថ្ងៃ១០វិច្ឆិកា២០២០ថា សាលារៀននៅស្រុកព្រៃនប់ចំនួន៤ឃុំគឺឃុំព្រៃនប់,ឃុំទទួលទទឹង,ឃុំអូរឧកញ៉ាហេងនិងឃុំរាម ត្រូវបានផ្អាកការសិក្សាជាបណ្តោះអាសន្នចំនួន២សប្តាហ៍សិន ក្នុងពេលដែលផ្នែកសុខាភិបាលកំពុងធ្វើចត្តាឡីសក័ លើអ្នកដែលបានជួបប្រាស្រយ័ផ្ទាល់ជាមួយមន្ត្រី ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា ដើម្បីបង្ការជំងឺកូវីដ១៩។
បើតាមមន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា មានពលរដ្ឋមួយចំនួននៅក្នុងឃុំទាំង៤ ដែលមានការប្រាស្រ័យផ្ទាល់ ជាមួយមន្ត្រីជាប់ពាក់ព័ន្ធ(ព្រឹត្តិការណ៍៣វិច្ឆិកា) ត្រូវបាននាំមកធ្វើចត្តាឡីសក័នៅសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ដូច្នេះហើយ អំឡុងពេលនេះទើបមានការផ្អាកបណ្តោះអាសន្នការសិក្សាតាមសាលារៀនក្នុងឃុំទាំង៤។
មន្ត្រីអ្នកនាំពាក្យដដែលបញ្ជាក់ថា វិធានការនេះធ្វើឡើង បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី ការពង្រឹងវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្ត ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា ។
រដ្ឋបាលខេត្តបានសម្រេចឱ្យផ្អាកសាលារៀនទាំងអស់នៅក្នុងឃុំចំនួន៤ គឺឃុំព្រៃនប់ ឃុំអូរឧកញ៉ាហេង ឃុំរាម ឃុំទូលទទឹង ក្នុងស្រុកព្រៃនប់ ខណៈខាងមន្ទីរសុខាភិបាលក៏កំពុងស្វែងរកពលរដ្ឋនៅក្នុងឃុំទាំង៤នេះមកធ្វើតេស្ដនិងធ្វើចត្តាឡីស័ក ចំពោះអ្នកដែលអាចប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយលោក ដួង តារា ដែលជាជំនួយការផ្ទាល់របស់សម្ដេច ហ៊ុន សែន។
រដ្ឋបាលខេត្តដោយមានការឯកភាពពីក្រសួងអប់រំ គឺយើងបានផ្អាកការបង្រៀនជាបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍ សាលារៀនដែលស្ថិតនៅក្នុងឃុំចំនួន៤។ ពាក់ព័ន្ធនឹងការងារនេះ ក្រុមការងារបច្ចេកទេសនៃមន្ទីរសុខាភិបាលខេត្តកំពុងតែធ្វើការ(ការស្វែងរកពលរដ្ឋមកធ្វើតេស្ដនិងធ្វើចត្តាឡីស័ក) ហើយរបាយការណ៍លម្អិត ខ្ញុំនឹងជម្រាបជូនបន្ទាប់ពីទទួលបានរបាយការណ៍ពីអ្នកជំនាញ។
លោក ដួង តារា បានចូលរួមជំនួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រីកាលពីថ្ងៃទី៣វិច្ឆិកា បានធ្វើដំណើរមកធ្វើការដោះស្រាយទំនាស់របស់ពលរដ្ឋនៅក្នុងឃុំទាំង៥៤នេះកាលពីថ្ងៃទី៨ខែវិច្ឆិកា ៕