ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២សប្តាហ៍នេះរដ្ឋបាលរាជធានី សម្រេចផ្អាករាល់ការជួបជុំ ការប្រជុំនិងការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាទាំងអស់

65

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចផ្អាកជាបណ្ដោះអាសន្ន រាល់ការជួបជុំ ការរៀបចំកិច្ចប្រជុំនិងការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញទាំងអស់ក្នុងរយៈពេល២សប្តាហ៍នេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីត១៩ ខណៈដែលជម្ងឺនេះបានបន្តការឆ្លងរាលដាល ក្រោយព្រឹត្តិការណ៍៣វិច្ឆិកានៅរាជធានីភ្នំពេញ។

  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី១១វិច្ឆិកានេះថា ដោយសារនៅរាជធានីភ្នំពេញបានកើតឡើងនូវព្រឹត្តិការណ៍ ០៣វិច្ឆិកា ដែលកំពុងស្ថិតនៅក្នុងស្ថានភាពតាមដានដោយយកចិត្តទុកដាក់បំផុត ។ដូច្នេះដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីត១៩ កុំអោយចូលសហគមន៍ក្នុងទ្រង់ទ្រាយធំរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចផ្អាកជាបណ្ដោះអាសន្ន រាល់ការជួបជុំ ការរៀបចំកិច្ចប្រជុំនិងការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញទាំងអស់ក្នុងរយៈពេល២សប្តាហ៍ជាប់គ្នានេះ។

  ក្នុងស្ថានភាពបែបនេះ នៅសាលារាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញ ក៏បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជាការពិនិត្យ ការវាស់កំដៅ ការបាញ់អាកុលលាងសម្អាតដៃ ខ្លួនប្រាណ ជាមួយនឹងការពាក់ម៉ាកនិងមានវិធានការផ្សេងៗមួយចំនួនទៀតទៀតផងដែរ មុននឹងអនុញ្ញាតឲ្យ មន្ត្រីដូចជាភ្ញៀវចេញ ចូលសាលារាជធានីភ្នំពេញ។

  គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ៣វិច្ឆិកាបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញមានការភ័យខ្លាចយ៉ាងខ្លាំងនូវការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខណៈដែលជំងឺនេះបានបន្តរាលដាលនៅរាជធានីភ្នំពេញ ដោយបានធ្វើឲ្យមន្ត្រីជាន់ខ្ពស់ពីររូបនិងមន្ត្រី ពីររូបទៀតបានឆ្លងនូវជំងឺកូវីដ១៩នេះ ។ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញជាវិធានការយ៉ាងច្រើន ពិសេសការធ្វើចត្តាឡីស័កចំពោះអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកានេះតែម្តង ហើយចំពោះអ្នកប៉ះពាល់ដោយប្រយោលក៏ត្រូវយកចិត្តទុកដាក់ផងដែរ ដើម្បីធ្វើយ៉ាងណាកុំអោយរីករាលដាលចូលដល់សហគមន៍៕

 

អត្ថបទដែលជាប់ទាក់ទង