ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃប្រកាសផ្អាក ឲ្យមានការប្រជុំមានមនុស្សច្រើន នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល

66

 

ភ្នំពេញ៖ រាជធានីភ្នំពេញនិងខេត្តកណ្តាល មានហានិភ័យខ្ពស់ក្នុងការចម្លងវីរុសកូវីដ-១៩ ចូលសហគមន៍ ដូច្នេះផ្អាកការប្រជុំមានមនុស្សច្រើន។នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃ។
យោងតាមលិខិតចេញផ្សាយកាលពីថ្ងៃទី១១វិច្ឆិកាឆ្នាំ២០២០ថាក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងអំឡុងពេលថ្មីៗកន្លងមកនេះ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល មានហានិភ័យខ្ពស់ក្នុងការបន្តចម្លងចូលទៅក្នុងសហគមន៍មូលដ្ឋាន ដែលចាំបាច់ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ និង ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការ នានា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល អោយបានហ្មត់ចត់ ។
យោងតាមលិខិតរបស់លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា៖”ក្នុងស្មារតីនេះ ដើម្បីបន្តការអនុវត្តវិធានការទប់ស្កាត់អោយទាន់ពេលវេលា​ នូវការរីករាលដាលជំងឺកូវីដ-១៩ សំដៅថែរក្សាសុខភាពសាធារណៈ និង សុវត្ថិភាពសង្គម អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សូមឲ្យអភិបាលរាជធានីភ្នំពេញ និង អភិបាលខេត្តកណ្តាល ធ្វើការផ្អាកជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ នៃការរៀបចំវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ និង កិច្ចប្រជុំ នានា ដែលមានមនុស្សជាច្រើនចូលរួម ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល រដ្ឋបាលក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់ក្នុងមូលដ្ឋាន រាជធានី-ខេត្ត ទាំង២ “។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ណែនាំឲ្យបន្តអនុវត្តវិធានការ បង្ការ និង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល អោយបានជាប់ជាប្រចាំនៅតាមទីកន្លែងបំពេញការងារ ៕

អត្ថបទដែលជាប់ទាក់ទង