ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វគោ៣០ក្បាល់ បានងាប់ និងរាបរយក្បាល់ទៀតកំពុងឈឺ សង្ស័យជំងឺអុតក្ដាម នៅស្រុកស្រីស្នំ ខេត្ដសៀមរាប

67

សៀមរាប៖ លោក ព្រំ វ៉ិច ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានឱ្យដឹងនៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា បន្ទាប់ពីទទួលបាន ព័ត៌មានពីរដ្ឋបាលស្រុកស្រីស្នំ កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញនេះថា នៅក្នុងឃុំជ្រោយនាងងួន និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ មានសត្វគោ-ក្របី ប្រមាណជា៧០៥ក្បាល មានជំងឺដោយរោគសញ្ញា ឈឺក្រចក ហើមពោះ ហើមមុខ និងឈឺមាត់ ក្នុងនោះងាប់អស់ចំនួន ៣៤ក្បាល ។
នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ព្រឹកមិញនេះ លោកបានចាត់ចែងមន្ត្រីជំនាញ ដោយសហការជាមួយអាជ្ញាធរស្រុក ឃុំ និងពេទ្យសត្វភូមិ ចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងដែលសត្វពាហនៈបានឈឺ និងស្លាប់ ហើយបានរកឃើញថា សត្វដែលឈឺ និងងាប់នេះ គឺសង្ស័យដោយសារជំងឺអុតក្ដាម ។
លោកថា ជាទូទៅ សត្វគោក្របីដែលឈឺ គឺដោយសារមានបញ្ហាទឹកជំនន់ ធ្វើឱ្យលិចស្មៅ ក្រោយមកទឹកស្រកទៅវិញអស់ ប៉ុន្ដែស្មៅទាំងអស់នោះវាមានស្លែ មានមេរោគមួយចំនួនជាប់នៅតាមស្មៅ ធ្វើឱ្យសត្វគោក្របីដែលវាស៊ីស្មៅហ្នឹងធ្វើឱ្យសុខភាពវាមិនសូវល្អ ចុះខ្សោយ ស្ដេស ងាយនឹងទទួលជំងឺ ហើយជំងឺដែលមន្រ្តីជំនាញ យើងបានចុះទៅពិនិត្យផ្ទាល់ហ្នឹង យើងសង្ស័យថា ជាជំងឺអ៊ុតក្ដាម ហើយជំងឺអ៊ុតក្ដាមនេះ រោគសញ្ញាសំខាន់គឺឈឺមាត់ និងឈឺជើង ដែលជាទូទៅជំងឺនេះមិនបណ្ដាលឱ្យគោក្របីធំៗស្លាប់ទេ គឺភាគច្រើនងាប់តែកូនគោតូចៗ ដែលកំពុងបៅដោះ ដោយសារកូនគោនៅពេលដំបៅមាត់ ធ្វើឱ្យមិមដោះមេអត់កើត ហើយដោយសារការធ្វេសប្រហែសពីម្ចាស់សត្វដោយមិនបានធ្វើការថែទាំ ច្រកបបរ ចំណីបន្ថែម ធ្វើឱ្យសត្វហ្នឹងងាប់ដោយសារខ្វះចំណី ។
លោក ព្រំ វ៉ិច បន្ថែមថា ជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាល តែងតែចុះទៅចាក់ថ្នាំការពារជំងឺសត្វគោ-ក្របី ជូនដល់ប្រជាពលរដ្ឋយើងនៅក្នុងទូទាំងខេត្តជាទៀងទាត់ តាមប្រតិទិនដែលបានកំណត់ ដូច្នេះក្នុងស្ថានភាពបច្ចុប្បន្ននេះ មន្ត្រីជំនាញកំពុងចុះណែនាំដល់ពួកគាត់បន្ថែមទៀត លើការថែទាំសុខភាពសត្វ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង