អ្នកនាំពាក្យរបស់ស្ថានទូតកម្ពុជា ប្រចាំនៅសហរដ្ឋអាមេរិក ទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានអំពីការចោទ ប្រកាន់គ្មានមូលដ្ឋាន ដែលប៉ះពាល់ដល់កិត្យានុភាព និងកិត្តិយសរបស់ស្ថានទូត
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកមិនរវីរវល់អើពើចំពោះវត្តមានរបស់បុគ្គលមួយក្តាប់តូចក្រោមផ្លាក របស់អង្គការចាត់តាំងនយោបាយក្រៅច្បាប់មួយ ក្រោយពីត្រូវបានតុលាការកំពូលរបស់ព្រះរាជាណាចក្រកម្ពុជាសម្រេចរំលាយចោល ហើយអ្នកនាំពាក្យរបស់ស្ថានទូត សូមធ្វើការទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានអំពីការចោទ ប្រកាន់គ្មានមូលដ្ឋានមួយចំនួនដែល ប៉ះពាល់ដល់កិត្យានុភាព និងកិត្តិយសរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក នៅថ្ងៃទី១២វិច្ឆិកានេះ ដើម្បីបំភ្លឺដល់ការផ្សព្វផ្សាយព័ត៌មានមួយចំនួនដែល ប៉ះពាល់ដល់កិត្យានុភាព និងកិត្តិយសរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក៖
ជាការឆ្លើយតបទៅនឹងការផ្សព្វផ្សាយព័ត៌មានមួយចំនួនដែលប៉ះពាល់ដល់កិត្យានុភាព និងកិត្តិយស របស់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក អ្នកនាំពាក្យរបស់ស្ថានទូត សូមធ្វើការបំភ្លឺ ដូចខាងក្រោមនេះ ៖
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតបានផ្តោតការយកចិត្តទុកដាក់ជាពិសេសដល់ការ លើកកំពស់ទំនាក់ទំនងរបស់ស្ថានទូតជាមួយសហគមន៍ខ្មែរនៅក្នុងប្រទេសដែលស្ថានទូត តាំងនៅ។ ក្នុងស្មារតីនេះ ស្ថានទូតបាន និងកំពុងខិតខំបំពេញដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់នូវសេវាផ្សេងៗដល់ពលរដ្ឋខ្មែរទូទៅស្របទៅតាម សំណូមពរ និងតម្រូវការរបស់បងប្អូនទាំងអស់ ហើយនិងលទ្ធភាពជាក់ស្តែងរបស់ស្ថានទូត។
សារ ដ៏សំខាន់មួយដែលជានិច្ចជាកាលស្ថានទូតបានផ្ញើជូនសហគមន៍ខ្មែរនៅទូទាំងសហរដ្ឋអាមេរិកគឺ “ពលរដ្ឋខ្មែរទាំងអស់ត្រូវបានស្វាគមន៍ក្នុងទំនាក់ទំនងជាមួយស្ថានទូត ទាំងការ អញ្ជើញមកដោយផ្ទាល់ ទាំងតាមរយៈទូរស័ព្ទ ឬសារអេឡិចត្រូនិច (Email) ។ ស្ថានទូត នឹងខិតខំគ្រប់លទ្ធភាពដោះស្រាយសំណើរបស់បងប្អូនទាំងអស់”។ ស្ថានទូតក៏បានប្រកាន់ ខ្ជាប់ទៅតាមគោលការណ៍នេះ។
កន្លងមក ស្ថានទូតមានការរីករាយ និងទទួលបាននូវការលើកទឹកចិត្ត តាមរយៈការលើក សរសើរ ការវាយតំលៃខ្ពស់របស់សហគមន៍ខ្មែរចំពោះការខិតខំរបស់ស្ថានទូតក្នុងការផ្តល់ សេវាផ្សេងៗដល់ពលរដ្ឋខ្មែរ ជាអាទិ៍៖ សេវាកុងស៊ុលដូចជាការពន្យារពេលលិខិតឆ្លងដែន ការចេញលិខិតធ្វើដំណើរបណ្តោះអាសន្នការផ្តល់ទិដ្ឋការចូលព្រះរាជាណាចក្រកម្ពុជា ការផ្តល់លិខិតបញ្ជាក់ផ្សេងៗ។ល។ ហើយនិងជួយសម្របសម្រួលដោះស្រាយនូវឧបសគ្គនិងបញ្ហាមួយចំនួនរបស់ពលរដ្ឋខ្មែរយើងក្នុងការធ្វើដំណើរទៅកម្ពុជា ជាពិសេសក្នុងសភាពការណ៍ដ៏លំបាកបង្កដោយការរីករាលដាលនៃជំងឺ COVID-19 ដែលពេលខ្លះតម្រូវឲ្យមានការ សម្របសម្រួលរួមគ្នារវាងស្ថានទូតនៅសហរដ្ឋអាមេរិក ហើយនិងស្ថានទូតកម្ពុជានៅតាម ប្រទេសឆ្លងកាត់នានា ដើម្បីដោះស្រាយធានាបានការធ្វើដំណើរប្រកបដោយសុវត្ថិភាពរបស់ពលរដ្ឋខ្មែរ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល។ ស្ថានទូតមានមោទនភាពចំពោះ ការងាររបស់ខ្លួនកន្លងមក និងកំណើនជំនឿទុកចិត្តរបស់ពលរដ្ឋខ្មែរចំពោះស្ថានទូត ហើយ ស្ថានទូតនឹងបន្តជំរុញបន្ថែមទៀត។
ហេតុការណ៍ដែលបានកើតឡើងនៅមុខស្ថានទូតនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងនោះ ស្ថានទូតមិនរវីរវល់អើពើចំពោះវត្តមានរបស់បុគ្គលមួយក្តាប់តូចក្រោមផ្លាក របស់អង្គការចាត់តាំងនយោបាយក្រៅច្បាប់មួយ ក្រោយពីត្រូវបានតុលាការកំពូលរបស់ព្រះរាជាណាចក្រកម្ពុជាសម្រេចរំលាយចោល តាមសាលដីកាលេខ ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយបន្ទាប់មកត្រូវបានក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយនៅកម្ពុជា តាមប្រកាសលេខ៥៤០៥ប្រក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ពុំអាចត្រូវបានប្រើប្រាស់សំរាប់ការចោទប្រកាន់ថា “ស្ថានទូតមិនទទួលជួបពលរដ្ឋខ្មែរ” នោះ បានឡើយ។
អ្នកនាំពាក្យរបស់ស្ថានទូត សូមធ្វើការទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានអំពីការចោទ ប្រកាន់គ្មានមូលដ្ឋានខាងលើនេះ ស្របពេលជាមួយនេះ សូមអះអាងពីមោទនភាពរបស់ស្ថានទូតក្នុងការ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយពលរដ្ឋខ្មែរទូទៅ តែមិនមែនជាមួយបុគ្គលក្រៅច្បាប់ឡើយ៕