ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងរបស់គេសោះយកទុក្ខដាក់ខ្លួន មន្ត្រីយោធាម្នាក់ត្រូវប៉ូលិស បញ្ជូនទៅតុលាការ ចាត់ការរឿងដកកាំភ្លើងខ្លីវាយក្បាលអ្នកលក់ប្រហិត

66


ភ្នំពេញ៖កាលពីថ្ងៃទី៦សីហសនេះសំណុំរឿងមន្ត្រី យោធា ជា នាយរងការិយាល័យហ្វឹកហ្វឺន នៃកងឯកភាពទីចាត់ការបំភ័ន្តអក្ខរ ដែលដកកាំភ្លើង វាយក្បាលអ្នកលក់ ប្រហិតចៀន បែកក្បាល ដោយសាររឿងគ្រោះថ្នាក់ចររាចរណ៍ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨នេះ ត្រូវបាន សមត្ថកិច្ចខណ្ឌសែនសុខ សម្រេចបញ្ជូន ទាំងមនុស្ស និងសំណុំរឿង ទៅតុលាការ សាលាដំបូងរាជធានីភ្នំពេញឲ្យតុលាការ សម្រេច ព្រោះតែសមត្ថកិច្ច អស់សមត្ថភាពដោះស្រាយ តាមរយៈ ការផ្តល់ឱកាសឲ្យ ភាគីជនសង្ស័យ សម្រួលជាសំណងជំងឺចិត្តទៅជនរងគ្រោះ ដើម្បីបញ្ចប់រឿង។

សមត្ថកិច្ចខណ្ឌសែនសុខ បានឲ្យដឹងថា មូលហេតុ ដែលភាគីទាំង សងខាង សម្របសម្រួលគ្នា មិនបាន ដោយសារ ភាគីជនសង្ស័យ អាងអំណាច សងលុយទៅជនរងគ្រោះតិចតួច ចំណែកភាគីជនរងគ្រោះ ទាមទារជំងឺចិត្តច្រើនពេក ដូច្នេះ សមត្ថកិច្ចជំនាញ ក៏សម្រេចបញ្ជូនសំណុំរឿងព្រហ្មទណ្ឌមួយនេះឲ្យតុលាការ ចាត់ការ កុំអី រឿងព្រហ្មទណ្ឌមួយនេះ ត្រូវចប់នៅអធិការនគរបាលខណ្ឌសែនសុខ ដោយពុំចាំបាច់ បញ្ជូនរឿង ទៅតុលាការនោះទេ។
តាមរបាយការណ៍របស់ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ នួន ប៉ូ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ យោធាពាក់ស័ក្តិ ៤កន្លះ មានតួនាទីនាយរងការិយាល័យហ្វឹកហ្វឺន នៃកងឯកភាពទីចាត់ការបំភ័ន្តអក្ខរ មានអត្តលេខ ០៥៩០៥១។

ចំណែកជនរងគ្រោះឈ្មោះ យ៉ែម វណ្ណៈ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ប្រហិតចៀនតាមរទេះ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង។

គួររំលឹកថា សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីជនសង្ស័យ យកអាវុធខ្លី ម៉ាក P08 លេខ ៥៨៥៤ វាយក្បាល ជនរងគ្រោះបែក។

មូលហេតុដែលឈានដល់ ការប្រើអំពើហិង្សា នេះផ្តើមចេញពី គ្រោះថ្នាក់ចរាចរណ៍ ដោយសារមិត្តភក្តិរបស់ជនសង្ស័យ បើកបរ រថយន្តម៉ាកកាមេរីបាឡែន ក្រោមស្ថានភាពស្រវឹង ទៅបុក រ៉ឺម៉កប្រហិតរបស់ជនរងគ្រោះ ដែលកើតឡើងនៅចំណុចមុខវត្តសំរោងអណ្តែត តាមផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ក្រោយមក ជនសង្ស័យបានជិះរថយន្តម៉ាកព្រូស មកជួយអន្តរាគមន៍ រហូតឈានដល់ការបង្កហិង្សាលើជនរងគ្រោះតែម្តងទៅ។

គួរបញ្ជាក់ថា សំណុំរឿង ស្ថិតនៅក្រោមចំណាត់ការរបស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ៕


អត្ថបទដែលជាប់ទាក់ទង