ស្លាប់ ២ នាក់របួសធ្ងន់ម្នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្ត កំពុងតែចតចោល
ភ្នំពេញ៖យុវជន ៣នាក់ បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូឌុបគ្នាមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយ និងរថយន្តចតចោលនៅចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ ២ នាក់ រីឯម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។ ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់បាន។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ២ និង ៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន៣ នាក់ ជិះម៉ូតូឌ្រីមសង់សេ១២៥ ដែលពាក់ផ្លាកលេខភ្នំពេញ 1C 3687 ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកពីក្រោយ និងរថយន្តចតចោលប្រភេទដឹកទំនិញ ម៉ាក ហីយ៉ាន់ដាយ ដែលពាក់ផ្លាកលេខ 3A1534 ពេញទំហឹងបណ្តាលឲ្យយុវជន ២នាក់ ដាច់ក និងបែកខួរ ចំណែកម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ៕