នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ជួញដូរគ្រឿងញៀនជិត៤០គីឡូ
ភ្នំពេញ៖នគរបាល ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញាបានចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាតុលាការបទជួញដូរគ្រឿងញៀនជិត៤០គីឡូក្រាម កាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលគ្មានលេខ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នៅបន្ទប់ជួលខាងលើ ហើយក្រោយពីការចាប់ខ្លួនជនសង្ស័យ បានកម្លាំងនគរបាលខាងលើ បានធ្វើការឆែកឆេរបន្ទប់នេះភ្លាមៗដែរ តាមដីកាបង្គាប់ចេញដោក្រោមការចូលរួមដោយលោកប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះប៉ាន់ ប៉េរ៉ា អាយុប្រហែល៤០ឆ្នាំ។
នៅក្នុងការឆែកឆេរនេះ មានការចូលរួមដោយក្រឡាបញ្ជី កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ព្រមទាំងមន្ត្រីសាលាសង្កាត់ចោមចៅទី៣ លោកមេភូមិព្រៃជីសាក់ រួមនិងម្ចាស់ផ្ទះជួលផងដែរ។កម្លាំងបានរកឃើញវត្ថុតាងជាច្រើន រួមមានវត្ថុច្រកក្នុងកញ្ចប់តែសញ្ញាលេខ៨៨៨ពណ៍ត្រួយចេកខ្ចី សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន៣៧ដុំ។
វត្ថុច្រកក្នុងកញ្ចប់តែសញ្ញាប៉ាន់តែសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន១០ដុំ។ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន៨ថង់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង ឧបករណ៍សម្រាប់អ៊ុតថង់ប្លាស្ទិកក្រោយរលែកគ្រឿងញៀន១គ្រឿង និងឧបករណ៍សម្រាប់រំលែកគ្រឿងញៀនមួយចំនួនទៀតផងដែរ។
សូមជម្រាបថាកម្លាំងសមត្ថកិច្ចបានឆែកបន្ទប់នៅចំពោះមុខជនសង្ស័យឈ្មោះប៉ាន់ ប៉េរ៉ានោះតែម្ដង ហើយបន្ទាប់ពីរកឃើញវត្ថុតាងទាំងនោះ រួចកម្លាំងបានធ្វើការរឹបអូសយកទៅរក្សាទុក និងបានធ្វើការបិទបន្ទប់ដែលជននេះស្នាក់នៅ ព្រមទាំងនាំយកជនសង្ស័យទៅធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕