ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម​ ពន្យល់ជុំវិញការធ្លាក់ចុះតម្លៃស្រូវក្នុងស្រុកដែលជាកង្វល់របស់ប្រជាពលរដ្ឋ

75

ភ្នំពេញ៖ លោក​ ងិន ឆាយ ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី២៦​ វិច្ឆិកានេះ​ បានពន្យល់ជុំវិញការធ្លាក់ចុះតម្លៃស្រូវក្នុងស្រុកដែលជាកង្វល់របស់ប្រជាពលរដ្ឋ​ ខណៈក្រសួងក៏ដូចជាស្ថាប័នពាក់ព័ន្ធ កំពុងធ្វើការរួមគ្នាលើ បញ្ហានេះ ដើម្បីស្វែងរកដំណោះស្រាយជូនកសិករ។
ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «កិច្ចអន្ដរាគមន៍ឆ្លើយតបនឹងស្ដារឡើងវិញ បន្ទាប់ពីគ្រោះមហន្ដរាយទឹកជំនន់ ក្នុងផលិតកម្មកសិកម្ម»​ នៅថ្ងៃទី២៦​ វិច្ឆិកា​ នាទីស្តីការគណះរដ្ឋមន្រ្តី​ លោក​ ងិន ឆាយ​ បានបញ្ជាក់ថា​ ការធ្លាក់ចុះតម្លៃស្រូវ គឺបណ្ដាលមកពីកត្តាជាច្រើន​ ក្នុងនោះរួមមាន៖​ កត្តាផ្គត់ផ្គង់ និងកត្ដាតម្រូវការ, កត្តាទីផ្សារ, កត្តាអាកាសធាតុ និងកត្តាគុណភាព ទើបបណ្ដាលឲ្យតម្លៃស្រូវមានការប្រែប្រួល។

បេីតាមលោក ងិន ឆាយ បានគូសបញ្ជាក់ថា​ ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវប្រមូលផលស្រូវ គឺតម្លៃតែងតែមានការធ្លាក់ចុះ ព្រោះការផ្គត់ផ្គង់មានច្រើន ហើយការប្រមូលទិញមិនអស់ ឬការកែច្នៃសម្រាប់ការនាំចេញមិនអស់លទ្ធភាព។

តែទោះបីយ៉ាងនេះក្តី​លោក​ បានបន្ថែមថា​ ក្រសួងកសិកម្ម នឹងព្យាយាមសម្របសម្រួល ជាពិសេសក្រសួងត្រូវធ្វើការជាមួយសហព័ន្ធស្រូវអង្ករ និងក្រសួងពាណិជ្ជកម្ម។

លោក​បន្តថា​ មន្ដ្រីជំនាញ បានសម្របសម្រួលជាមួយអ្នកដែលប្រមូលទិញ សូមព្យាយាមជួយទិញកសិករឲ្យបានច្រើន ហើយកុំទម្លាក់ថ្លៃខ្លាំងពេក ទោះបីស្រូវរបស់គាត់មានគុណភាពដោយសារកត្តាអាកាសធាតុបន្ដិចបន្ទួចក៏ដោយ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង