ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល បង្កើតទីតាំងយកសំណាក គ្រូសិស្ស និងអាណាព្យាបាលសិស្ស AIS​បន្ថែម នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

86

ភ្នំពេញ៖ ក្រសួងសុខាភិបាល សម្រេចបង្កើតកន្លែង​ យកសំណាករកជំងឺកូវីដ១៩ មួយកន្លែងបន្ថែមទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ទីតាំងនេះ ប្រើសម្រាប់គ្រូ សិស្ស និងអាណាព្យាបាលសិស្ស សាលារៀនអន្តរទ្វីបអាមេរិកាំង (AIS)។

សូមរំលឹកថា ដើម្បីយកសំណាកធ្វើតេស្ត ស្វែងរកមេរោគកូវីដ១៩ សម្រាប់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយ ភរិយាអគ្គនាយកពន្ធគារនោះ ក្រសួងសុខាភិបាល បានបង្កើតកន្លែង សម្រាប់យកសំណាក ចំនួនពីរនៅព្រឹកមិញនេះ គឺនៅផ្សារទំនើបអ៉ីអនទី១ សម្រាប់ប្រជាពលរដ្ឋទូទៅ និងនៅក្រសួងមហាផ្ទៃ សម្រាប់មន្ត្រីរាជការ។

លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា ដោយសារចំនួនប្រជាពលរដ្ឋ និងមន្ត្រីរាជការពាក់ព័ន្ធព្រឹត្តិការណ៍នេះ ទៅធ្វើតេស្តសុខភាព មានចំនួនច្រើន ទើបក្រសួងសុខាភិបាល សម្រេចបង្កើតកន្លែង យកសំណាកមួយទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់គ្រូ សិស្ស និងអាណាព្យាបាលសិស្ស AIS។

លោកស្រី យក់ សម្បត្តិ បានអំពាវនាវដល់គ្រូ សិស្ស និងអាណាព្យាបាលសិស្សសាលា AIS ដែលជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍នេះ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ឱ្យបានគ្រប់គ្នា។

សាលា AIS សាខាចាក់អង្រែ ត្រូវបានរកឃើញថា ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូងនេះ បន្ទាប់ពីកូនប្រុសរបស់ស្ត្រី ភរិយាអគ្គនាយកពន្ធនាគារនេះ ត្រូវបានរកឃើញមាន វិជ្ជមានកូវីដ១៩ផងដែរ។

យោងតាមរបាយការណ៍ របស់ក្រសួងអប់រំ បានបង្ហាញគ្រូ និងសិស្ស ដែលបានប៉ះពាល់ផ្ទាល់ ជាមួយសិស្សរកឃើញ វិជ្ជមានកូវីដ១៩នេះ មានចំនួនរហូតដល់ទៅ១១នាក់។

សូមបញ្ជាក់ថា កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ បន្ទាប់ពីធ្វើតេស្ត រកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយក ពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញ ពីប្រភពនៃការឆ្លង ជំងឺកូវីដ១៩នេះនៅឡើយ។

ជាវិធានការទប់ស្កាត់ ការរីកសាយភាយ ឬការចម្លងកាន់តែខ្លាំង រាជរដ្ឋាភិបាល បានដាក់ចេញវិធានការ បន្ទាន់មួយចំនួន ដូចជាការបិទផ្សារទំនើបអ៉ីអន សាលារៀន អន្តរទ្វីបអាមេកាំង និងសណ្ឋាគារភ្នំពេញ និងតម្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលរួមមាន មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលផងនោះ ចាប់ផ្តើមធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យរកមេរោគ។

ក្រសួងសុខាភិបាល បានអំពាវនាវ ដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍នេះ នាំគ្នាទៅយកសំណាក ពិនិត្យរកមេរោគ។

គិតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញ អ្នកឆ្លងកើតជំងឺកូវីដ១៩ សរុប ៣១៥នាក់។ ក្នុងនោះព្យាបាលជាសះស្បើយ ៣០១នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់៕

អត្ថបទដែលជាប់ទាក់ទង