ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិវៀតណាម រស់នៅក្នុងទឹក ឡើងមកលើគោក ក្នុងខេត្តកំពង់ឆ្នាំង សំរុកមកបង់ពន្ធ និងធ្វើប័ណ្ណស្នាក់នៅ ជាជនអន្ដោប្រវេសន៍ រយៈពេល២ឆ្នាំម្តង

144


ខេត្តកំពង់ឆ្នាំង ៖ ​នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ មានការចែកចាយនូវព័ត៌មានបន្ដគ្នា លើបណ្ដាញសង្គមហ្វេសប៊ុកថា ជនជាតិវៀតណាមនៅក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាទៅបង់ពន្ធជូនរដ្ឋ ដើម្បីសុំសិទ្ធិរស់នៅជាអចិន្ដ្រៃយ៍ក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យមានភាន់ច្រឡំ និងចោទមកដល់អាជ្ញាធររាជរដ្ឋាភិបាលយ៉ាងខ្លាំង ថាបានផ្តល់សិទ្ធិស្របច្បាប់ដល់ជនជាតិវៀតណាម។

ឆ្លើយតបការរិះគន់នេះ អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន បញ្ជាក់ថា ករណីជនជាតិវៀតណាម នៅក្នុងខេត្តកំពង់ឆ្នាំង ដែលនាំគ្នាទៅបង់ពន្ធនេះ គឺក្នុងនាមជាជនអន្ដោប្រវេសន៍ ដែលមានសុពលភាពរយៈពេល២ឆ្នាំ មិនបានទៅសុំសិទ្ធិរស់នៅជារៀងរហូត ក្នុងប្រទេសកម្ពុជា ដូចការចោទប្រកាន់នោះទេ។

សូមបញ្ជាក់ថា ប្រជា​ពល​រដ្ឋ​វៀត​ណាម ជាច្រើន​ពា​ន់​នាក់ នៅ​ក្នុង​ខេត្ត​កំព​ង់ឆ្នាំង បាន​នាំ​គ្នាសំរុ​ក មកបង់​ពន្ធអាករ​ និងធ្វើ​ប័ណ្ណ​ស្នាក់​នៅ រយៈ​​ពេល ២​ឆ្នាំ​ម្តង ប​ង្កការភ្ញា​ក់ផ្អើល កា​លពី​ព្រឹក ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ២​០១៨ នៅ​ក្នុងបរិ​វេណ កា​រិ​យាល័យ គ្រប់់គ្រងការស្នាក់នៅ របស់ជនបរទេស នៃស្នងការដ្ឋាន នគរបាលខេត្ត កំពង់ឆ្នាំង ។

ប្រធានការិយាល័យ គ្រប់គ្រងការស្នាក់នៅ របស់ជនបរទេស នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនជាតិវៀតណាម ដែលស្នាក់នៅ ក្នុងខេត្តកំពង់ឆ្នាំង មានចំនួន ២៣៩៧គ្រួសារ និងមានមនុស្ស សរុបចំនួន ១០០៨៧នាក់ ហើយអ្នកដែល គ្រប់អាយុ ដែលត្រូវធ្វើប័ណ្ណស្នាក់នៅ មានចំនួន ៦០០០នាក់ ។ លោកបានបន្តថា ទីតាំងដែល ជនជាតិវៀតណាម រស់នៅច្រើនជាងគេ នៅលើផ្ទៃទឹក ក្នុងក្រុងកំពង់ឆ្នាំង មានចំនួន ៧៥៥គ្រួសារ នៅស្រុកបរិបូរណ៍ ចំនួន ៨០៦គ្រួសារ នៅស្រុកកំពង់ត្រឡាច មានចំនួន ២០២គ្រួសារ ខណៈដែលពួកគេ ភាគច្រើន មានមុខរបរនេសាទ និងចិញ្ចឹមត្រី ។ នេះជាលើកទី១ ដែលពួកគេ មកសុំប្រកាស និងប័ណ្ណស្នាក់នៅ អចិន្ត្រៃយ៍ នៅកម្ពុជា ខណៈដែលគេ បានបំពេញបែបបទ តាមច្បាប់ នៃប្រទេសកម្ពុជា ក្នុង ២ឆ្នាំ តម្រូវឲ្យបង់ ពន្ធអាករ ជូនរដ្ឋ ២៥ម៉ឺនរៀល ហើយការធ្វើនេះ ទំនងជាប្រើពេលយួរ ព្រោះមានគ្នាច្រើន នៅពេលដែលគាត់ សម្រុកមកធ្វើ និងមានការលំបាក ផងដែរ ។

សូមបញ្ជាក់ផងដែរថា កន្លងមកអាជ្ញាធរ ខេត្តកំពង់ឆ្នាំង បានធ្វើការបន្លាស់ទី ផ្ទះទឹក និងបែចិញ្ចឹមត្រី រាប់ពាន់គ្រួសារ ឲ្យផ្លាស់ប្តូរមក រស់នៅលើគោកវិញ ដើម្បីធ្វើការបញ្ជៀស ការរស់នៅក្នុងទឹក វាធ្វើអោយ បំពុលបរិស្ថាន បំពុលទឹក និងធ្វើអោយ ប៉ះពាល់ដល់ ធនធានមច្ឆជាតិ ខណៈដែល ជនជាតិវៀតណាម មួយចំនួន ដែលកំពង់រស់នៅ ក្នុងទឹកទន្លេសាប មានការរារែកចិត្ត មិនឡើងទៅ រស់នៅលើគោក តាមការអំពាវនាវ របស់អាជ្ញាធរខេត្ត នោះឡើយ។

លោកអភិបាលខេត្ត បានបន្តថា ជនជាតិវៀតណាមទាំងអស់នេះ មិនមែនជាអ្នកចំណូលថ្មីនោះទេ ។ ​ពួកគាត់ត្រូវបានរដ្ឋាភិបាលធ្វើជំរឿនតាំងពីឆ្នាំ២០០២ ​។ ជនជាតិវៀតណាមនេះ ធ្វើជំរឿនតាំងពីឆ្នាំ២០០២ ហើយក្រោយឆ្នាំ២០០២ យើងអត់មានទទួលស្គាល់ទៀតទេ។ ពេលដែលយើងជំរឿនរួចហើយ ជនជាតិវៀតណាមម្នាក់ៗ ពួកគាត់ដាក់ពាក្យសុំប្រកាស ទទួលស្គាល់ពីក្រសួងមហាផ្ទៃ ជាជនអន្ដោប្រវេសន៍ឲ្យស្នាក់នៅអចិន្ដ្រៃយ៍ ដែលមានរយៈពេល២ឆ្នាំ ហើយអស់រយៈពេល២ឆ្នាំ ពួកគាត់ត្រូវដាក់ពាក្យសុំបន្ដទៀត។ ពេលគាត់បានប្រកាសហើយត្រូវបង់ប្រាក់២៥ម៉ឺនរៀល ទើបក្រសួងមហាផ្ទៃ ចេញប័ណ្ណបន្ដជូនពួកគាត់។

អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ជនជាតិវៀតណាមដែលទៅបង់ពន្ធនេះ មិនមានអ្នកថ្មីនោះទេ ហើយបើអ្នកមកថ្មី សមត្ថកិច្ចនឹងចាប់បញ្ជូនទៅប្រទេសកំណើតវិញ ភ្លាមៗតែម្ដង ហេតុដូច្នេះហើយប្រជាពលរដ្ឋកម្ពុជា ឬអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក កុំមានការភាន់ច្រឡំ តាមក្រុម ឬបុគ្គលមួយចំនួនដែលបំប៉ោងព័ត៌មាននេះ៕

អត្ថបទដែលជាប់ទាក់ទង