ក្រុមប្រឹក្សាខេត្តព្រះសីហនុ គាំទ្រអភិបាលខេត្ត ក្នុងការអនុវត្តគម្រោងស្ថាបនាផ្លូវលេខ២០០
ព្រះសីហនុ៖ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ក៏ដូចជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុទាំងអស់ បានគាំទ្រលើកទឹកចិត្តដល់ លោក អភិបាលខេត្ត ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការអនុវត្តគម្រោងស្ថាបនាផ្លូវលេខ២០០ ស្ថិតនៅជុំវិញមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ ។
លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៨ ដែលមានការចូលពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ ។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី១៨ អាណត្តិទី៣ មានរបៀបវារៈចំនួន៨ យកមកពិនិត្យ និងពិភាក្សាក្នុងនោះអង្គប្រជុំក៏បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្តព្រះសីហនុផងដែរ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយសារជំងឺកូវីដ-១៩ រាតត្បាតទូទាំងសកលលោក កម្ពុជាក៏រងផលប៉ះពាល់ផងដែរ តម្រូវឱ្យយើងរួមគ្នា។ រាជរដ្ឋាភិបាលបានកំណត់ព្រឹត្តិការណ៍ ២៨វិច្ឆិកា ដែលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ដែលកំពុងបន្តអនុវត្តស្រាវជ្រាវប្រភពចម្លងលើគ្រួសារឯកឧត្តមអគ្គនាយកពន្ធធនាគារ ថាតើឆ្លងចេញពីប្រភពណា ក៏ប៉ុន្តែមកដល់ពេលនេះ យើងមិនទាន់រកប្រភពឃើញនៅឡើយ ។
លោក អភិបាលខេត្តបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំធ្វើការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងបានធ្វើការអំពាវនាវដល់ព្រះសង្ឃ និងជនរួមជាតិចូលរួមទប់ស្កាត់ ដោយអនុវត្តវិធានការសុខាភិបាល ។ ទន្ទឹមនោះ រដ្ឋបាលខេត្តក៏បានដាក់ចេញនូវវិធានការមួយចំនួនដល់ក្រុង ស្រុក បន្តចុះអប់រំផ្សព្វផ្សាយដល់អាជីវករលក់ដូរ និងពាណិជ្ជករត្រូវធ្វើម្ចាស់ការ ដោយពិនិត្យទីតាំងរៀងៗខ្លួនអនុវត្តតាមវិធានសុខាភិបាល។ ព្រមទាំងអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋត្រូវម្ចាស់ការ ប្រកាន់ឥរិយាបថ និងវិធានការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ក្នុងសហគមន៍ ។
នាឱកាសនោះដែរ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃចំពោះការខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីភារកិច្ចល្អប្រសើរ ពិសេសការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តរបស់យើង ដូច្នេះត្រូវបន្តអប់រំផ្សព្វផ្សាយទៅដល់គោលដៅអាជីវកម្ម តាមភូមិ ឃុំ ក្រុង ស្រុក ពិសេសទីប្រជុំជនឱ្យពួកគាត់មានការយល់ដឹង រួមគ្នាគោរពនូវវិធានការសុខាភិបាល ដើម្បីឱ្យសហគមន៍យើងគ្មានការចម្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ ៕