ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវ​បេតុងចូល​វត្តកំពង់ក្ដុលក្នុងសង្កាត់​សាក់សំពៅ ដែលហូរច្រោះផ្តាច់ដោយទឹកជំនន់ស្ទឹងព្រែកត្នោត បានស្ថាបនាជាបណ្តោះអាសន្នរួចរល់ហើយ

73
ភ្នំពេញ៖ កំណាត់ផ្លូវបេតុងមួយខ្សែស្ថិតនៅតាម
ចូល​វត្តកំពង់ក្ដុលក្នុងសង្កាត់​សាក់សំពៅ ខណ្ឌ​ដង្កោ ដែលទទួលរងទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះ បាក់ស្រុតធ្ងន់ធ្ងរកាលពីប៉ុន្មានថ្ងៃមុននោះ រដ្ឋបាលរាជធានីភ្នំពេញបានស្ថាបនាជាបណ្តោះអាសន្នរួចរល់ហើយ ដើម្បីដាក់អោយប្រជាពលរដ្ឋបានប្រើប្រាស់ប្រចាំថ្ងៃ។
    លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅរសៀលថ្ងៃទី០៨ សីហានេះថា ក្រោយពី លោកឃួង ស្រេង ​អភិបាល​រាជធានីភ្នំពេញ ​​បានចុះ​ពិនិត្យ​មើលផ្លូវ​បេតុងចូល​វត្ត​រនតៈតេជៈ ហៅវត្ត​កំពង់ក្ដុល ស្ថិត​នៅ​សង្កាត់​សាក់សំពៅ ខណ្ឌ​ដង្កោ ដែលរងទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះ បាក់ស្រុតធ្ងន់ធ្ងរ មិនអាចធ្វើចរាចរបាននោះនិងក្រោយពីមានការណែនាំជាបន្ទាន់ពីលោកអភិបាលរាជធានីអោយធ្វើការជួសជុលផ្លូវដែលខូចខាតនេះឡើងវិញ ទើបនៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨កន្លងមកនេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូនរាជធានីភ្នំពេញ បានចុះ​ជួសជុល​ឡើងវិញជាបន្ទាន់តែម្តង ដើម្បីជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​ជូនប្រជាពលរដ្ឋ។
​    លោកសាំ ពិសិដ្ឋ ក៏បានបញ្ជាក់ផងដែរថា កំណាត់ផ្លូវបេតុងមួយខ្សែខាងលើនេះ យើងមិនមែនស្ថាបនាជាការចាក់មេតុងភ្ជាប់អោយដូចដើមវិញនោះទេ ពោលគឺយើងគ្រាន់តែចាក់ដីបំពេញ កិនបង្ហាប់ ដើម្បីដាក់អោយប្រជាពលរដ្ឋបានប្រើប្រាស់ជាបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយបើគិតមកដល់ថ្ងៃនេះ គឺការជួសជុលផ្លូវនេះបានរួចរាល់ទាំងស្រុងហើយ ដែលអាចអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានស្រួលហើយ។
   លោកសាំ ពិសិដ្ឋ បានបន្តអោយដឹងទៀតថា ចំពោះការស្ថាបនាផ្លូវនេះឡើងវិញ ដោយការចាក់បេតុងរឹងមាំនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមបើកការដ្ឋាននៅក្នុងខែវិច្ឆិកាឬខែធ្នូ២០១៨ខាងមុខ ពោលគឺក្រោយពីទឹកបានស្រកអស់ជាស្ថាពរ។
  គួររំលឹកផងដែរថាលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  រួមជាមួយមន្ត្រីពាក់ពន្ធ័ អាជ្ញាធរដែនដីកាលពីរសៀលថ្ងៃទី២១ កក្កដា និងព្រឹកថ្ងៃទី២៦ កក្កដា២០១៨នេះ បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀងនិងសួរសុខទក្ខប្រជាពលរដ្ឋដែលកំពុងទទួលរងការលិចលង់ផ្ទះសំបែងនៅតំបន់១ចំនួនក្នុង ខណ្ឌដង្កោ ក្រោយពីប្រជាពលរដ្ឋចំនួន២៦ភូមិ  នៅក្នុងសង្កាត់ចំនួន០៩ខណ្ឌនេះ ទទួលរងការលិចលង់។ក្រោយការពិនិត្យឃើញជាក់ស្តែងទើប លោកឃួង ស្រេង បានបញ្ជាអោយមន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូនរាជធានីភ្នំពេញចុះ​ជួសជុល​ឡើងវិញជាបន្ទាន់តែម្តង ។
   ដោយឡែកសម្រាប់ សហគមនអន្លង់គង ក្នុងភូមិអន្លង់គងថ្មីសង្កាត់ព្រៃសវិញ តបតាមការសន្យារបស់លោក ឃួង ស្រេង ថានឹងស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែរួមនិងការដាក់លូជូនប្រជាពលរដ្ឋនោះ ខណៈនេះផ្លូវ៣ខ្សែនោះបាននិងកំពុងតែឈូសឆាយចាក់ថ្ម ស្ថាបនាហើយ៕

 

អត្ថបទដែលជាប់ទាក់ទង