ការលោតសម្លាប់ខ្លួនរបស់ ពលករខ្មែរមកពីម៉ាឡេស៊ីដែលកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡង លីវ បណ្តាលមកពីឥទ្ធិពលគ្រឿងនិងជំពាក់លុយគេច្រើន
ភ្នំពេញ៖ ពលករខ្មែរម្នាក់ដែលទើបមកពីប្រទេសម៉ាឡេស៊ី ហើយក្រសួងសុខាភិបាលតម្រូវឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡង លីវ តាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានលោតពីលើអគារសណ្ឋាគារ បណ្តាលអោយធ្លាយដំបូលសាលារៀនសុធារស និងរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខ្មែរ–សូវៀត។
បុរសរូបនេះមានឈ្មោះ សួន វាសនា អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងបន្ទប់៥១១ ជាការធ្វើចត្តាឡីស័ក កាលពីថ្ងៃទី២ ធ្នូ ។
ក្រោយហេតុការណ៍នេះបានកើតឡើង លោកស្រី ឱ វណ្ណឌីន អ្នក នាំពាក្យក្រសួងសុខាភិបាល បានបកស្រាយថា ករណីមាន បុរសជាពលករម្នាក់ដែលធ្វេីចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ លោតពីជាន់ទី៥មក ។
លោកស្រីបានបញ្ជាក់ថា តាមការសាកសួរបុគ្គលនេះផ្ទាល់ គឺគាត់ភ្លាត់ជេីងធ្លាក់មកដោយសារភាពរវេីយរវាយ ជាឥទ្ធិពលនៃការប្រេីប្រាស់គ្រឿងថ្នាំញៀន។ ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលេីបញ្ហាជំពាក់លុយគេច្រេីនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ។ ការធ្វេីតេស្តទឹកនោម គឺគាត់មានសារធាតុញៀនប្រភេទ អំហ្វេតាមីន។
តាមលទ្ធផលតេស្តសំណាក គាត់អវិជ្ជមានវីរុសកូវីដ–១៩ តែតម្រូវឲ្យធ្វេីចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ–១៩ នោះឡេីយ។
ក្រោយការជួយសង្រ្គោះ បុរសរងគ្រោះបានដឹងខ្លួនវិញបានដឹងខ្លួន និងនិយាយបានខ្លះៗហេីយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡេីយទេ។ និងកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕