អាជ្ញាធរខណ្ឌបឹងកេងកង បន្តចុះចែកម៉ាស់ ជូនដល់បងប្អូនប្រជាជន និងអាជីវករផ្សារអូឡាំពិក បង្ការការពារជម្ងឺកូវីដ១៩
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយ អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាការណែនាំ និងយកចិត្តទុក្ខដាក់ដោយផ្ទាល់ពីសំណាក់លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩នៅក្នុងសហគមន៍។
ជាមួយគ្នានេះដែរលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងដែលជាតំណាងលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានដឹកនាំក្រុមការងារ នៃរដ្ឋបាលខណ្ឌបឹងកេងកង ដោយចុះទៅសហការគ្នា ជាមួយខាងគណៈកម្មាធិការផ្សារអូឡាំពិកបន្តយុទ្ធនាការ ចុះចែកម៉ាសជូនដល់បងប្អូនប្រជាជននៅសង្កាត់អូឡាំពិក និងបងប្អូនអាជីវករនៅក្នុងបរិវេណផ្សារ និងនៅជុំវិញបរិវេណផ្សារអូឡាំពិកទាំងមូលផងដែរ។ ហើយខណៈពេលនោះដែរលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងក៏បានមានមតិលើកឡើង ដោយស្នើរដល់បងប្អូនប្រជាជនទូទៅដែល រស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់ និង បងប្អូនអាជីវករផ្សារអូឡាំពិកត្រូវចូលរួម ធ្វើអនាម័យខ្លួនប្រាណអោយស្អាតជានិច្ច ហើយត្រូវពាក់ម៉ាស់ការពារ លាងដៃដោយទឹកអាកុលឬជែល និងត្រូវរក្សាគន្លាតសុវត្ថិភាពអោយស្របតាម ការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
ខណៈពេលនោះលោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា ក៏បានមានមតិបន្តទៀតថា ទោះបីមមាញឹកការងារនៅខាងក្រៅ សាលាខណ្ឌជារៀងរាល់យប់ ថ្ងៃនេះក្ដីក៏នៅរដ្ឋបាលខណ្ឌបឹងកេងកង ផ្ទាល់ដោយរួមមាន គណៈអភិបាលខណ្ឌ ,អភិបាលរងខណ្ឌ,នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងមន្ត្រីរាជការទាំងអស់ បាននិងកំពុងចាត់ចែងវិធានការបង្ការ ទប់ស្កាត់ ដោយតម្រូវអោយមន្ត្រីក្នុងខណ្ឌទាំងអស់ ធ្វើការវាស់កម្ដៅ បាញ់អាល់កុលលាងដៃ និងពាក់ម៉ាស់ ការពារជាប្រចាំដើម្បីរង់ចាំទទួល ការផ្ដល់សេវាជូនដល់ប្រជាជនដែលពួកគាត់មកទទួលសេវាផ្សេងៗ ឬអញ្ជើញមកជួបពិភាក្សាពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ នៅរដ្ឋបាលខណ្ឌបឹងកេងកងនិងបន្តចុះចែកខិតប័ណ្ណ និងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយ ស្ដីពីវិធានការបង្ការការពារជម្ងឺកូវីដ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅតាមគោលដៅនិមួយៗ ដែលបានកំណត់ពោលគឺនៅជុំវិញនិងបរិវេណផ្សារអូឡាំពេក,សង្កាត់អូឡាំពេកនៅថ្ងៃនេះ។
ដូចនេះជាការសំណូមពររបស់រដ្ឋបាលខណ្ឌបឹងកេងកង ដោយសូមស្នើដល់បងប្អូនប្រជាជនទាំងអស់, អាជីវករផ្សារនិងអ្នកដំណើរតាមមធ្យោបាយនានា ព្រមទាំងអ្នកបម្រើការងារនៅសាលាខណ្ឌ.សាលាសង្កាត់ទាំង០៧ និងតាមផ្សារលក់ដូរអីវ៉ាន់មេត្តាចូលរួមថែរក្សាអនាម័យ ខ្លួនប្រាណអោយបានស្អាតត្រឹមត្រូវជានិច្ច ដោយប្រើប្រាស់ទឹកអាកុលឬ ជែល និងពាក់ម៉ាស់ការពារអោយបានត្រឹមត្រូវ និងជាប្រចាំ ហើយត្រូវរក្សាគម្លាតយ៉ាងតិច១.៥០ម៉ែត្រពីគ្នា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដូចនេះយើងត្រូវចូលរួមប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕