ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ករណីយុវតីម្នាក់ត្រូវគេចាប់​យក​ទៅ​បង្ខាំង​ទុក​បី​ថ្ងៃ ​​នគរបាល​ខណ្ឌដង្កោ​អះអាង​ជា​រឿងប្រឌិត ព្រោះនាងបាត់ខ្លួនចេញពីផ្ទះបីថ្ងៃ​

117


​ភ្នំពេញ​ ៖​ ករណីយុវតី​សិស្ស​វិទ្យា​ល័យ​ទួល​អំពិលថា ត្រូវបានក្រុមមិនស្គាល់មុខចាប់ជំរិតនោះ ត្រូវកម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ចុះស្រាវជ្រាវដោយបានអះអាងថា ក្មេងស្រីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះ អស់រយៈពេល៣ថ្ងៃ ហើយពេលវិលត្រឡ​ប់មកវិញ បាននិយាយភូតកុហកឪពុកម្តាយ ថាមានគេចាប់ខ្លួនយកទៅបង្ខាំង ហើយម្យ៉ាងទៀត រហូតមកដល់ពេលនេះ មិនមានពាក្យប្តឹង របស់ឪពុកម្តាយក្មេងផ្សេងទៀត ថាបាត់កូនខ្លួននោះទេ ។

ក្រោយ​ពេល​លេចឮ​ព័ត៌មាន​ផ្សព្វផ្សាយ​ថា​ មាន​ករណី​ជន​មិន​ស្គាល់​មុខ​មួយក្រុម ​បាន​ចាប់​យុវតី​សិស្ស​វិទ្យា​ល័យ​ទួល​អំពិល​ កាលពី​រសៀល​ថ្ងៃ​ទី​៣​ ខែសីហា​ឆ្នាំ​២០១៨​ ស្ថិត​នៅ​ផ្លូវ​៥០​ម៉ែត្រ​ ភូមិ​ពាម​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ ដែល​បាន​អះអាង ​ពី​ឪពុក​បង្កើត​របស់​យុវតី​រង​គ្រោះ​ ​តាម​ការ​រៀបរាប់​ពី​កូនស្រី​របស់​គាត់​។​

​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា​ មាន​ករណី​ចាប់​បង្ខាំង​ក្មេង​ស្រី​ជាង​១០​នាក់ ​យក​ទៅ​លាក់​ទុក​ក្នុងផ្ទះ​មួយ​កន្លែង ​នៅ​ខណ្ឌចំការមន​ ។​ ប៉ុន្តែ​នៅ​​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១៨​ កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​រួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ ព្រមទាំង​កម្លាំង​អាវុធហត្ថ​ បាន​បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ និង​បាន​ប្រមូល​ពាក្យបណ្តឹង​តាម​បណ្តា​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​២៥​ខេត្ត​ ក្រុង​ គឺ​ពុំ​មានបាន​ទទួល​បណ្តឹង​ពី​អាណាព្យាបាល​ក្មេង​ស្រី​ជាង​១០​នាក់​ផ្សេង​ទៀត​ ដែល​បាន​បាត់​កូន​របស់​ខ្លួន​នោះ​ទេ​ ។​ ដូច្នេះ​ការ​រៀប​របស់​យុវតី​ ស៊ុ​ ណា​វិ​ន​ ដែល​ថា​ មាន​យុវតី​ជាង​១០​នាក់​ ដែល​ជន​មិន​ស្គាល់​មុខ​បង្ខាំង​ទុក ​យក​ទៅ​លក់​នោះ​ដូច​ជា ​រឿងប្រឌិត​ ដើម្បី​ឆ្លើយ​យករួចខ្លួន​ពី​ឪពុក​ម្តាយ​របស់​នាង​ ដែល​ខ្លួន​បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៣​ថ្ងៃ​ ក្រែង​ឪពុក​ម្តាយ​រករឿង​ទើប​នាង​ឆ្លើយ​ដូច្នេះ​។​

​ទោះជា​យ៉ាងណា​ ឪពុក​យុវតី​ខាងលើ​នោះ ​នៅ​តែ​អះអាង​ថា​ កូន​ស្រីគាត់ ​ត្រូវ​គេ​ចាប់​ញាត់​ចូល​រថយន្ត​ ដឹក​យក​ទៅ​បង្ខាំង​ទុកជា​មួយ​ក្មេង​ស្រី​១០​នាក់​ផ្សេង​ទៀត​ ហើយ​​រូប​គាត់​ក៏​បាន​នាំ​សមត្ថកិច្ច ​ទៅ​ចង្អុល​ចំណុច ​ដែល​ពួក​ជនសង្ស័យ​ ចាប់​កូន​របស់​គាត់​។​

ទោះជា​យ៉ាងណា​ រឿង​នេះ​ជា​ការ​ពិត​ ឬ​ជា​ការ​ប្រឌិត​នោះ​ សមត្ថកិច្ច​នៅ​តែ​បន្ត​ការ​ស្រាវ ​រង់ចាំ​យុវតី​ខាងលើ​ចេញពី​មន្ទីរពេទ្យ​​ ដោយសារ​តែ​ពេល​នេះ​ នាង​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ព្រោះ​អាកា​រៈ​របស់​យុវតី​រង​គ្រោះ​នេះ ​ពុំ​ទាន់​បាន​ធូរស្បើយ​នៅឡើយ​ ៕

អត្ថបទដែលជាប់ទាក់ទង