ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ និយាយថា អ្នកសារព័ត៌មានត្រូវគោរព តាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងត្រូវមានកាវៃឆ្លាត ដើម្បីស្វះស្វែងរកព្រភពព័ត៌មានដែលជាក់លាក់
នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបសរសេរព័ត៌មានបែបសន្តិភាពនិងអហិង្សា ដែលបានរៀបចំដោយអង្គការATC។
វគ្គបណ្តុះបណ្តាលនេះមានអ្នកសារព័ត៌មានដែលកំពុងមាននៅខេត្តព្រះសីហនុ ចំនួន២០នាក់បានចូលរួម។
លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មាន បង្ហាញការកោតសរសើរដល់អង្គការATC ដែលបានបើកវគ្គសិក្សារយៈពេលខ្លីជាបន្តបន្ទាប់ដើម្បីផ្តល់ឱកាសអោយអ្នកសារព័ត៌មានបានសិក្សាស្វែងយល់លើជំនាញសរសេរព័ត៌មានបែបសន្តិភាពនិងអហិង្សាសម្រាប់ប្រើប្រាស់ដោយការទទួលខុសត្រូវនិងមានក្រមសីលធម៌។
លោកថ្លែងបញ្ជាក់ថា មន្ទីរព័ត៌មានរីករាយសហការចំពោះការបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសផ្នែកសរសេរព័ត៌មានដល់អ្នកកាសែតដើម្បីអោយពួគាត់យល់ដឹងបានទូលំទូលាយដើម្បីក្លាយជាស្ពាននាំសារដ៏រឹងមាំទុកចិត្តបាន រវាងប្រជាជននិងរដ្ឋាភិបាល។
លោក ឱ សារឿន បានផ្តាំផ្ញើដល់អ្នកសារព័ត៌មានទាំងឡាយ ត្រូវស្វះស្វែងស្រាវជ្រាវរកប្រភពព័ត៌មានអោយបានជាក់លាក់ច្បាស់លាស់ ប្រយ័ត្នគេផ្តល់ប្រភពមិនពិត និងត្រូវពិនិត្យអោយបានត្រឹមត្រូវមុននឹងផ្សាយ។ត្រូវចៀសវាងការផ្សាយព័ត៌មានមិនពិត បំផ្លែង បំភ្លៃ បំប៉ោង បង្ខុស បង្ខូច ដើម្បីប្រយោជន៍នាំអោយមានការយល់ច្រឡំនិងប៉ះពាល់ដល់សិទ្ធ សេចក្តីថ្លៃថ្នូរ ចលាចលសង្គមនិងអំពើហិង្សាជាដើម។
លោក ឱ សារឿន បញ្ជាក់បន្ថែមថា
ការផ្សាយត្រូវពិនិត្យមើលផងបើការផ្សាយណាដែលធ្វើប៉ះពាល់ដល់តម្លៃឬខាតបង់ដល់ជាតិខ្លួនគួរកុំផ្សាយអី។
អ្នកសារព័ត៌មានត្រូវមានភាពវៃឆ្លាតក្នុងការងាររបស់ខ្លួនដើម្បីងាយទទួលបានការសហការពីផ្នែកជាប់ពាក់ពន្ធ័នានា៕