ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកប្រេងសាំង L.H.R បុកម៉ូតូ ស្លាប់បុរសម្នាក់

56


​ត្បូងឃ្មុំ​ ៖​ បុរស​ម្នាក់​ស្លាប់​នៅ​ហ្នឹង​កន្លែង​កើតហេតុ​ ក្នុងគ្រោះថ្នាក់ចរាចរ រវាងរថយន្ត​ដឹង​ប្រេងសាំង​របស់​ក្រុមហ៊ុន​ L.H.R​ បុក​គ្នាជាមួយនឹងម៉ូតូ​មួយ​គ្រឿងកង់កូរ៉េមួយគ្រឿង ​​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​ បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​លើ​ផ្លូវជាតិ​លេខ​១១​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៣-៧៤​ ស្ថិត​នៅ​ភូមិ​ទំនាប​ ឃុំ​គង​ជ័យ​ ស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាំ​ម៉ាស​ ពណ៌​ស​-​ក្រហម​ ពាក់​ស្លាក​លេខ​ ក​.1020​ ភព​-3​ ជា​របស់​ក្រុមហ៊ុន​ប្រេងសាំង​ L.H.R​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ ក្រោយ​កើតហេតុ​រត់គេច​ខ្លួន​បាត់​ ។ រថយន្តដឹកប្រេង ពេលបើក​មក​ដល់​កន្លែង​កើតហេតុ ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ គង់​ មន​ ភេទ​ប្រុស​ អាយុ​៣៥​ ឆ្នាំ​ជាតិខ្មែរ​នៅ​ភូមិ​៧៦​ ឃុំ​ទួល​សូ​ភី​ ស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ ​ស្លាប់​នៅ​កន្លែង​កើតហេតុ​។ ​​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ ។​ ​រថយន្ត​និង​ម៉ូតូ​ទិស​ដៅ​បញ្ច្រសទិស​គ្នា​ រថយន្ត​បើក​ពី​ជើង​ ទៅ​ត្បូង​ហើយ​គេច​ជង្ហុក​ នៅ​លើ​ផ្លូវ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​លើ​ចិញ្ចើម​ផ្លូវ​ខាងកើត​ ដែល​កំពុង​បើកបរ​ពី​ត្បូង​ទៅ​ជើង​។​

​ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​ បាន​វាសវែង​យក​មធ្យោបាយ​ ពាក់ព័ន្ធ​មក​រក្សា​ទុក​ ៕

អត្ថបទដែលជាប់ទាក់ទង