ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពទឹកទន្លេមេគង្គខេត្តក្រចេះ ហក់ឡើងកម្ពស់កម្រិតជិតប្រកាសអាសន្នហើយ

91


ក្រចេះ៖ សាលាខេត្ដក្រចេះ នៅថ្ងៃទី៩ ខែសីហានេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពទឹកទន្លេមេគង្គខេត្តក្រចេះ ហក់ឡើងកម្ពស់កម្រិតជិតប្រកាសអាសន្នហើយ។ មកដល់ម៉ោង ១២:០០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នេះ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ មានកម្ពស់ ២១,៩១ ម៉ែត្រ ខណៈកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ ។

នៅព្រឹកថ្ងៃថ្ងៃទី៩ ខែកក្ដដា នៅសាលប្រជុំសាលាខេត្តក្រចេះ បើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែ កក្កដា ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តខែសីហា និងគណៈបញ្ជាការឯកភាពខេត្ត ក្រោមអធិបតីភាព លោក វ៉ា ថន អភិបាលខេត្តក្រចេះ ។

ក្នុងកិច្ចប្រជុំនោះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានលើយកបញ្ហាមួយចំនួន ដែលអាជ្ញាធរក្រុងស្រុកនីមួយៗបានលើកឡើង យកមកពិភាក្សា រួមមាន ៖ ១- បញ្ហាទឹកជំនន់ទន្លេមេគង្គ ២-បញ្ហាសណ្ដាប់ធ្នាប់ក្នុងក្រុង និងភាពអសន្តិសុខក្នុងមូលដ្ឋាន។ ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើ អភិបាលខេត្តក្រចេះ លោកវ៉ា ថន ប្រធានអង្គប្រជុំបានជម្រុញដល់អាជ្ញាធរ ត្រូវពិនិត្យ និងត្រូវធ្វើការផ្សព្វផ្សាយជូនដំណឹង ពីស្ថានភាពទឹកជំនន់ ឲ្យប្រជាពលរដ្ឋបានដឹងដើម្បីរៀបចំសម្ភារៈក្នុងរដូវទឹកជំនន់ ជាពិសេសត្រូវប្រុងប្រយ័ត្ធចំពោះ កូនតូចៗកុំឲ្យទៅលេងឲ្យសោះ ដែលអាចគ្រោះថ្នាក់ដោយសារទឹកនៅរដូវនេះ ជារដូវទឹកជំន់ ហើយសម្រាប់បញ្ហាសណ្ដាប់ធ្នាប់ក្នុងក្រុង ហើយភាពអសន្តិសុខក្នុងមូលដ្ឋាន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការចុះត្រួតពិនិត្យយាមកាមជាប្រចាំ និងធ្វើការចាប់បង្រ្កាប នូវបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងខេត្ត ក៏ដូចជាធ្វើការផ្សព្វផ្សាយដំណឹងជូន ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ត្រូវសហការជាមួយអាជ្ញាធរ ក្នុងការផ្តល់ព័ត៌មានអំពីសកម្មអសន្តិសុខទាំងនោះ ។

លោកបន្តទៀតថា ៖ដោយមើលឃើញពីការផ្សព្វផ្សាយ អំពីស្ថានភាពទឹកទន្លេមេគង្គហក់ឡើង សូមមានការប្រុងប្រយ័ត្នខ្ពស់ ដល់បងប្អូនប្រជាពលរដ្ឋរស់នៅ និងធ្វើអាជីវករប្រកបរបររកស៊ី នៅតាមតំបន់ទំនាបងាយរងគ្រោះ ជាពិសេសបងប្អូនប្រជានេសាទតែម្តងពី ព្រោះគាត់នៅលើមាត់ទឹកតាមដងទន្លេមេគង្គ អាចងាយប្រឈមឱ្យមានគ្រោះថ្នាក់ផងដែរ និងត្រូវធ្វើការណែនាំដល់ប្រជាពលរដ្ឋ ត្រូវប្រកាន់ភ្ជាប់នូវហូបស្អាត រស់នៅស្អាត និងផឹកស្អាតដើម្បីការពារកុំឱ្យឆ្លងនូវជំងឺផ្សេងៗ ដែលបណ្តាលមកពីទឹកកខ្វក់ និងមានមេរោគជាច្រើន និងបានជម្រុញឲ្យ អាជ្ញាធរតាមមូលដ្ឋានត្រូវធ្វើការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារ ថែរក្សាបាននូវសុខសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរ ។

អាជ្ញាធរខេត្តក្រចេះ បានឆ្លើយតបនឹងបញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់បានទាន់ពេលវេលា
ឆ្លើយតបទៅនឹងទុក្ខលំបាន និងបញ្ហាប្រឈមរបស់បងប្អូប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះនឹងទឹកជំនន់ នៅព្រឹកថ្ងៃនេះដែរ​ លោក ខ័ណ ចំណាន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ៖ បញ្ហាគ្រោះមហន្តរាយពីធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់ គឺមិនមែនតែប្រទេសកម្ពុជាយើង ដែលទទួលរងគ្រោះនោះទេ ប្រទេសដទៃផ្សេងទៀត ក៏ទទួលរងគ្រោះដោយសារទឹកជំនន់ដែរ ។ ហើយបញ្ហាគ្រោះទឹកជំនន់នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចុះអន្តរាគមន៍សង្រ្គោះ ឆ្លើយតបទៅតាមតំបន់ ដែលទទួលរងគ្រោះប៉ះពាល់ពីទឹកជំនន់ បានទាន់ពេលវេលា ដោយមិនប្រកាន់នូវពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្តេតគិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ជាប្រធានដោយជម្រុញ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាគ្រប់ទីកន្លែង ហើយក្នុងយុទ្ធនាការអន្តរាគមន៍សង្រ្កោះនោះ អាជ្ញាធរខេត្តបានជម្លៀសមនុស្សទៅទីទួលសុវត្ថិភាព បានចំនួន ១.០២៧ គ្រួសារ និងជម្លៀសសត្វពាហនៈ ចំនួន ៧.០៦០ក្បាល ។ ទោះជាអំណោយដែលប្រគលជូននាពេលនេះ តិចតួចមិនអាចផ្គត់ផ្គង់ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមបានគ្រប់គ្រាន់ក្តី តែជាណែកមួយក្នុងការសម្រួលដល់ភាពខ្វះខាតមួយរយះផងដែរ នេះសរបញ្ជាក់ពីសណ្តានចិត្ត និងវប្បធម៌ចែកំលែករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយនិងចែករំលែកដល់អ្នកជួបទុក្ខលំបាក ។ ក្នុងនោះដែលលោក ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវ រស់នៅប្រកបដោយការប្រុងប្រយ័ត្ន និងអនាម័យ ដោយត្រូវហូរទឹកស្អាត ឬទឹកឆ្អិន និងដេកដាក់មុងជានិច្ច ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះកូនចៅពីការលង់ទឹក ។

លោក ខ័ណ ចំណាន បានបញ្ជាក់ថា អំណោយរបស់រដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋជនជាតិខ្មែរ និងឥស្លាម ចំនួន៧០គ្រួសារ ដែលរស់នៅក្នុងភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដែលជួបប្រទះនូវបញ្ហាខ្វះខាតពីទឹកជំនន់៕

អត្ថបទដែលជាប់ទាក់ទង