ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទអូឆា ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលទទួលជ័យជំនះលើសលប់ ក្នុងការបោះឆ្នោត

69

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីរបបយោធាថៃ ប្រាយុទ្ធ ច័ន្ទអូឆា បានផ្ញើសារលិខិតមួយជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះ និងការគាំទ្រយ៉ាងច្រើនលើសលប់ នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី០៦ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។

នៅក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្រ្តីថៃ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមរដ្ឋាភិបាល និងប្រជាជនថៃ ខ្ញុំមានកិត្តិយសសូមសម្តែងនូវក្តីអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះយ៉ាងច្រើនលើសលប់ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត»។

លោក ប្រាយុទ្ធ ច័ន្ទអូឆា ក៏បានបង្ហាញជំនឿចិត្តទៀតថា លោកជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងអាណត្តិថ្មីរបស់ សម្តេចតេជោ ប្រទេសកម្ពុជានឹងបន្តរីកចម្រើននាឆ្នាំបន្តបន្ទាប់ទៀតខាងមុខ។ លោកសូមអបអរសាទរផងដែរចំពោះសម្តេចតេជោ និងអាជ្ញាធរមានសម្ថតកិច្ចពាក់ព័ន្ធរបស់កម្ពុជាទាំងអស់ ចំពោះការរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យខាងលើ។

នាយឧត្តមសេនីយ៍ ប្រាយុទ្ធ បានបញ្ជាក់ថា៖ «ប្រទេសថៃ ក្នុងនាមជាអ្នកជិតខាងមួយដ៏ជិតស្និទ្ធ សូមបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តបន្តពង្រឹងចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជនយើងទាំងពីរ។ សូមសម្តេចតេជោ ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»៕

អត្ថបទដែលជាប់ទាក់ទង