ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរាបើកវគ្គអប់រំយុវជនស្ម័គ្រចិត្តការងារបេតិកភណ្ឌមក ពី១០ប្រទេសផ្សេងគ្នា

73

នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរាបានបើកកម្មវិធីអប់រំយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក ដែលមានរយៈពេល១២ថ្ងៃនៅតំបន់អង្គរ ចាប់ផ្តើមពីថ្ងៃទី០៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដោយមានយុវជស្ម័គ្រចិត្តចូលរួមប្រមាណ២០រូប មកពី១០ប្រទេសនិងកម្ពុជាផង។

កម្មវិធីនេះ រៀបចំដោយកិច្ចសហការរវាងអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាស្ថានកូរ៉េ-អង្គរដើម្បីបេតិកភណ្ឌ ក្នុងគោលបំណងជំរុញឱ្យយុវជនមានការចូលរួមការងារពាក់ព័ន្ធនឹងបេតិកភណ្ឌដើម្បីឲ្យពួកគេបានស្វែងយល់ពីវប្បធម៌របស់គ្នាទៅវិញទៅមក ដឹងពីវិធីថែរក្សា ការពារបេតិកភណ្ឌនៃប្រទេសផ្សេងៗ។

តាមគម្រោង រយៈពេល១២ថ្ងៃនៃកម្មវិធីនេះ យុវជនស្ម័គ្រចិត្ត នឹងចូលរួមស្តាប់បទបង្ហាញពីមន្ត្រីជំនាញ ទាក់ទងនឹងការវិវត្ត ការអភិរក្ស ការគ្រប់គ្រងទឹក សហគមន៍ និងមានការចុះទៅតាមប្រាសាទផ្សេងៗ ដើម្បីស្វែងយល់ពីសំណង់ប្រវត្តិសាស្រ្ត ការរស់នៅរបស់សហគមន៍ និងការសិក្សាពីកុលាលភាជន៍ និងសារមន្ទីរជាដើម។

លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានយុវជនបេតិកភណ្ឌនៃសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា យុវជនមានតួនាទីសំខាន់ណាស់ក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌរបស់ខ្លួន។ កម្មវិធីនេះ នឹងជួយឲ្យយុវជនយល់ដឹងពីវប្បធម៌ចម្រុះនៃប្រទេសផ្សេងៗ ហើយមានគំនិតស្រឡាញ់ថែរក្សាវប្បធម៌របស់ខ្លួន ជាពិសេស គឺបង្កើតភាពស្និទ្ធស្នាល គោរពឲ្យតម្លៃដល់បេតិកភណ្ឌរបស់ជាតិសាសន៍ផ្សេងៗពីខ្លួន។

លោក ឃីម ហ្វីណង់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំខេត្តសៀមរាប លើកឡើងថា លោកពិតជារីករាយដែល បានរួមចំណែកសហការលើការរៀបចំអប់រំបេតិកភណ្ឌនេះ។ លោកបញ្ជាក់ថា យុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកជំរុញឱ្យយុវជនវ័យក្មេង ចូលរួកម្មវិធីអប់រំបេតិកភណ្ឌ ជាក់ស្តែងកម្មវិធីអង្គរសង្ដ្រាន ដែលមានការចូលរួមពីយុវជន ដែលបានចូលរួមកម្មវិធីបេតិកភណ្ឌ បង្ហាញបេតិកភណ្ឌ និងចូលរួមថែរក្សាបេតិកភណ្ឌ។

ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សិក្ខាកាមដែលមកសិក្សានៅពេលនេះ ពិតជាបានស្គាល់ខ្លះៗមិនខាន អំពីវប្បធម៌ និងអារ្យយធម៌របស់ខ្មែរ ព្រោះអង្គរគឺជាដែនដីនៃវប្បធម៌។ ឯកឧត្តមសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗពីការចែករំលែកនូវទ្រឹស្តី និងមេរៀនស្តីអំពីវប្បធម៌ អារ្យធម៌ខ្មែរ និងការអភិរក្សតំបន់អង្គរ តាមរយៈអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

សូមបញ្ជាក់ថាសិក្ខាកាម១៥រូប មកពីប្រទេស Austria, France, Korea, Lebanon, Tunisia, China, Czech Republic, India, Philippines និងមានការចូលរួមពីយុវជនថ្នាក់ជាតិមាន១០រូប ក្នុងនោះ៥រូបមកពីសហភាពសហព័ន្ធយុវជនកម្ពុជា ៣រូបមកពីអាជ្ញាធរជាតិអប្សរា ១រូបមកពីអាជ្ញាធរជាតិព្រះវិហារ និង១រូបមកពីអាជ្ញាធរជាតិសំបូរព្រៃគុក សរុបចំនួន២០នាក់។

នេះជាលើកទីពីរហើយដែលអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាល ដូចគ្នានេះឡើងនៅឆ្នាំ២០១៦ ដើម្បីបង្កើនចំណេះយុវជន និងបណ្តុះគំនិតយុវជនឱ្យមានចិត្តស្រលាញ់បេតិកភណ្ឌ និងចូលរួមថែរក្សានូវតម្លៃបេតិកភណ្ឌពិភពលោក ទោះបីជាជាតិសាសន៍អ្វីក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង